ភាពមិនអាចបង្កកំណើតបានគឺជាបញ្ហាសុខភាពបន្តពូជដ៏សំខាន់បំផុតរបស់បុរស។ ភាគច្រើននៅពេលដែលគូស្វាមីភរិយាមានការលំបាកក្នុងការបង្កកំណើតស្រីៗតែងតែត្រូវបានចោទថាជាដើមចមនៃបញ្ហា។ ទោះយ៉ាងណាក៏ដោយមានការសិក្សាជាច្រើនបានបង្ហាញថាខាងប្រុសក៏ជាកត្តានាំឲ្យមិនអាចបង្កកំណើតនេះដែរ ហើយរឿងនេះក៏កំពុងកើតមានច្រើនដែរ។
ចំណុចតូចៗនៃភាពអារអត់កូនរបស់បុរស
ភាពអារអត់កូនរបស់បុរសគឺកើតឡើងដោយបញ្ហាជាក់ស្ដែងជាច្រើន។ ស្ថានភាពនេះបានបូកផ្សំជាមួយកត្តាជាច្រើនរួមមានកត្តាវេជ្ជសាស្ត្រ កត្តាបរិយាកាស និងកត្តានៃបែបផែនរស់នៅ។ ខាងក្រោមនេះគឺជាការបកស្រាយនៃចំណុចទាំងនេះ៖
១. កត្តាវេជ្ជសាស្ត្រ
ជាដំបូងបញ្ហាជាមួយនឹងពងស្វាសដែលអាចបណ្ដាលឲ្យបុរសអារមានដូចជារីកសរសៃវ៉ែន (varicocele ) ឬពងស្វាសមិនធ្លាក់។ការរីកសរសៃវ៉ែនអាចធ្វើឲ្យគុណភាពទឹកកាមធ្លាក់ចុះ ស្របពេលដែលពងស្វាសដែលមិនធ្លាក់ចុះ ក៏បង្កើនឱកាសនៃភាពអារលើបុរស។ ភាពមិនអាចបង្កកំណើតបាន អាចបណ្ដាលមកពីការឆ្លងមេរោគ ឬជំងឺកាមរោគ ដូចជាជំងឺប្រមេះទឹកបាយ HIV ឬការរលាកស្រទាប់អេពីឌីឌីមីស (epididymitis)ឬរលាកពងស្វាស (orchitis)។ លើសពីនេះទៀតក៏អាចមានលទ្ធភាពដែលមេជីវិតឈ្មោលត្រូវរងការវាយប្រហារដោយច្រឡំពីសំណាក់អង់ទីករ ឬប្រព័ន្ធបន្តពូជបុរសដែលប៉ះពាល់ដោយសារដុំសាច់មហារីក។
បន្ថែមពីនេះគឺការខូចទ្រង់ទ្រាយរបស់បំពង់ទឹកកាមដោយសារការរងរបួសដោយចៃដន្យពីការវះកាត់ ការឆ្លងមេរោគកាលពីមុន ការប៉ះទង្គិច ឬការលូតលាស់ដែលខុសលក្ខណៈអាចបង្អាក់លំហូរធម្មតានៃទឹកកាមបានផងដែរ។ ជាចុងបញ្ចប់វាក៏អាចមានបញ្ហាផ្សេងទៀតកើតឡើងដូចជាការបញ្ចេញទឹកកាមដែលមិនចេញក្រៅ អតុល្យភាពអ័រម៉ូន ដូចជាអ័រម៉ូនតេស្តូតេរ៉ូនទាប បញ្ហាក្នុងការរួមភេទ និងជំងឺសេលីយ៉ាក់ Celiac Disease (ដែលងាយនឹងឈឺចាប់ដោយសារសារធាតុgluten)។
អត្ថបទពាក់ព័ន្ធ:
- កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ?
- ប្រុសៗគួរតែដឹងរឿងសំខាន់ៗ ទាក់ទិននឹងមេជីវិតឈ្មោល
- ក្រោយពេលរួមភេទ មេជីវិតឈ្មោលធ្វើយ៉ាងណា ទើបអាចបង្កកំណើតបាន?
- ពិតឬអត់? ប្រុសៗមានទឹកកាមច្រើនឆាប់មានកូនជាងអ្នកមានទឹកកាមតិច
២. កត្តាបរិយាកាស
បរិយាកាសជុំវិញក៏ជះឥទ្ធិពលយ៉ាងសំខាន់មកលើការបង្កកំណើតរបស់បុរសដែរ។ ការប៉ះពាល់លើសកំណត់ទៅលើកត្តាបរិយាកាសជាក់លាក់ណាមួយនឹងធ្វើឲ្យមានការប៉ះពាល់អវិជ្ជមានលើប្រព័ន្ធបន្តពូជបុរស។ ឧទាហរញ៍ ការប៉ះពាល់ជាបន្តបន្ទាប់ទៅនឹងសារធាតុគីមីឧស្សាហកម្ម រួមមានបង់ហ្សែន (benzenes) តូលូអែន(toluene) ស៊ីលែន (xylene) ថ្នាំសម្លាប់សត្វល្អិត ថ្នាំសម្លាប់ស្មៅ សារធាតុរំលាយសរីរាង្គ សម្ភារៈថ្នាំពណ៌ដែលអាចកាត់បន្ថយគុណភាពនៃមេជីវិតឈ្មោល ការប៉ះពាល់ទៅនឹងវិទ្យុសកម្ម ឬកាំរស្មីអ៊ិចដែលបង្ការមេជីវិតឈ្មោលក្នុងការផលិតជាធម្មតា។
៣. កត្តាបែបផែនរស់នៅ
ការរក្សារបៀបរបបរស់នៅឲ្យមានសុខភាពល្អគឺមានឥទ្ធិពលគួរឲ្យកត់សម្គាល់ទៅលើឱកាសបង្ការភាពអារអត់កូន។ កត្តារួមចំណែកមានដូចជាការក្រេបគ្រឿងស្រវឹង ប្រើថ្នាំ ជក់បារី ស្ត្រេស និងបញ្ហាលើសទម្ងន់ ឬខ្វះទម្ងន់ក៏បង្កើនហានិភ័យនៃភាពអារអត់កូនផងដែរ។ ដូចជាការប្រើថ្នាំហួសកម្រិតសម្រាប់បង្កើនការលូតលាស់សាច់ដុំ គឺវានឹងទៅកាត់បន្ថយទំហំរបស់ពងស្វាសនិងការផលិតមេជីវិតឈ្មោល។ ចំណែកការផឹកគ្រឿងស្រវឹងធ្វើឲ្យកម្រិតអ័រម៉ូនតេស្តូតេរ៉ូនធ្លាក់ចុះដែលធ្វើឲ្យលិង្គមិនអាចឡើងរឹង និងបង្កឲ្យកើតស្ត្រេសដែលធ្វើឲ្យមានអតុល្យភាពអ័រម៉ូន។
វាពិតជាសំខាន់ដែលយើងដឹងអំពីមូលហេតុចម្បងនៃភាពអារអត់កូនរបស់ប្រុសៗដើម្បីជៀសវាងជីវិតរស់នៅជាមួយសុខភាពមិនល្អ ឬអាចទទួលបានការព្យាបាលឲ្យសមស្របសម្រាប់បញ្ហាសុខភាពជាក់លាក់ណាមួយ។ ប្រសិនបើយើងនិងដៃគូមានភាពលំបាកក្នុងការបង្កកំណើតគួរតែទៅប្រឹក្សាយោបល់ជាមួយអ្នកឯកទេសបង្កកំណើតដើម្បីធ្វើការពិនិត្យ និងព្យាបាល។
[embed-health-tool-bmi]