backup og meta

ប្រុសៗចូលចិត្ដស្ទីមសូណា គួរតែប្រយ័ត្នពីបញ្ហាទាំងនេះផង

ប្រុសៗចូលចិត្ដស្ទីមសូណា គួរតែប្រយ័ត្នពីបញ្ហាទាំងនេះផង

បុរសៗ​មួយ​ចំនួន​ចូលចិត្ដទៅស្ទីមសូណា ជាពិសេសពេលល្ងាចៗ ឬចុងសប្ដាហ៍​បន្ទាប់ពីធ្វើការហើយ ដោយ​គិត​ថា​ជា​ការ​យកចិត្ដទុកដាក់ចំពោះសុខភាជាសំខាន់។ ជាក់ស្ដែងណាស់ ការចំណាយពេល ចូលបន្ទប់សូណា ពិតជាផ្ដល់អត្ថប្រយោជន៍​ច្រើន​ ចំពោះសុខភាព ទាំងរាងកាយ និង​ផ្លូវចិត្ដ ប៉ុន្ដែទន្ទឹមគ្នានឹងការផ្ដល់អត្ថប្រយោជន៍ យ៉ាង​ច្រើន​នេះ សូណា​ក៏មានផលប៉ះពាល់មួយចំនួនមកលើយើងផង​ដែរ ប្រសិនជា មិនបានប្រុងប្រយ័ត្ន ដឹងច្បាស់ពីសុខភាពខ្លួនឯង។

១.ប្រុងប្រយ័ត្នសម្រាប់អ្នកបញ្ហាបេះដូង

អ្នកមានបញ្ហាដូចជា ជំងឺខ្សោយបេះដូង ឬ​ធ្លាប់​មាន​បញ្ហា​គាំងបេះដូង ដែលមិនអាចគ្រប់គ្រងបាន គួរតែប្រុងប្រយ័ត្នឲ្យមែន​ទែន គ្រប់ពេលដែលទៅ សូណា ជាពិសេសសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមលើកដំបូង។ នៅក្នុងបន្ទប់​សូណា សីតុណ្ហភាពគឺក្ដៅ ដែលជំរុញឲ្យរាងកាយ​បែកញើសច្រើន ក្នុងខ្លួនប្រាណត្រូវបាត់បង់ជាតិទឹក​ ជាមួយ​ចង្វាក់​បេះដូង​ដើរញាប់ដែលមិនអាចច្របាច់ឈាមចេញពីបេះដូងទៅគ្រប់សរីរាង្គបាន។ ដូចនេះ អ្នកទៅ​​សូណា​នឹង​មាន​អារម្មណ៍ថា អស់កម្លាំង ចង្វាក់បេះដូងប្រែប្រួល ហើយភាគច្រើនអ្នកដែលមានបញ្ហាបេះដូងមិន​អាច ទ្រាំ​នៅក្នុងបន្ទប់សូណាយូរដូចអ្នកធម្មតានោះទេ។ អ្នក​មាន​បញ្ហា​សុខភាព​ទាំង​នោះ គួរ​ចូល​សូណា​ត្រឹមចន្លោះពី ៥ ទៅ ៨ នាទីគឺជាការល្អ។ មួយវិញទៀត ស្ថិតក្នុងបន្ទប់សូណា ប្រសិនជាអ្នកមានអារម្មណ៍ថា ដកដង្ហើមថប់ៗ អ្នកត្រូវប្រញាប់​ចាកចេញពីបន្ទប់ឲ្យបាន​លឿនបំផុត ទោះស្ថិតក្នុងរយៈពេលខ្លីក៏ដោយ។ ម្យ៉ាងវិញទៀត អ្នកមានជំងឺនេះ គួរតែពិភាក្សាជា​មួយ​គ្រូពេទ្យ​ផ្នែកបេះដូងជាមុនសិន ទើបជាការប្រសើរ។

អត្ថបទគួរអាន៖

២.ប្រុងប្រយ័ត្នអ្នកមានបញ្ហាប្រតិកម្មស្បែក

អ្នកមានប្រតិកម្មស្បែករហ័ស ឬស្បែកអាលែកហ្ស៊ី អាចមានផលប៉ះពាល់ ជាមួយនឹងកំដៅ និងចំហាយក្លិនរូបមន្ដថ្នាំ​ដែលតែងប្រើនៅក្នុងបន្ទប់សូណា ដែលជាហេតុ ស្បែកអ្នកជំងឺអាចនឹងកើតចេញជាកន្ទួល មានពណ៌​ក្រហម ឬអាចបង្ក​ជាការរមាស់ ក្រហាយ ទៅតាមស្ថានភាពជំងឺ។ ក្នុងស្ថានភាពនោះ អ្នកជំងឺ មានអាការៈ រមាស់ខ្លាំង ឬក្រហាយខ្លាំង ត្រូវប្រញាប់ទៅងូតទឹកឲ្យបានលឿនបំផុត មិនត្រូវទ្រាំ ឬក៏អេះដោយក្រចកដៃនោះទេ ព្រោះ អាច​បង្កឲ្យមានបញ្ហាស្បែកឈានទៅដល់ការរលាកមានភាពធ្ងន់ធ្ង។​ ភាគច្រើន អ្នកដែលជួបនឹងបញ្ហានេះ គឺច្រើន​តែ​អ្នក​ធ្លាប់មានបញ្ហាប្រតិកម្មស្បែកនឹង​គ្រឿងសំអាង ឬផលិតផល​កែសម្ផស្សជាដើម។

៣. ប្រុងប្រយ័ត្នអ្នកមានជំងឺសួត

ជាក់ស្ដែងណាស់ ថាអ្នកមានជំងីសួត ក៏អាចជួបបញ្ហាប្រឈមពិបាកដកដង្ហើម ដូចជា អាចក្អក ឬ ដកដង្ហើមហត់ៗ ជាពិសេសអ្នកមានជំងឺហឺត តែម្ដង​ ព្រោះថានៅក្នុងបន្ទប់សូណា គឺមានសីតុណ្ហភាពក្ដៅ និងមានសំណើម ដែលជំរុញឲ្យសួតត្រូវ ធ្វើការងារខ្លាំងជាង​​​ពេលធម្មតា។ មួយវិញទៀត ទងសួតរបស់អ្នកជំងឺហឺត មានសភាព​រួមតូច​ ដូច្នេះស្ថិតក្នុងដំណាក់កាលសីតុណ្ហភាពក្ដៅ ហើយមានចំហាយទឹកទៀតនោះ សួតត្រូវធ្វើចលនា​បញ្ចេញខ្យល់ដង្ហើម និងស្រូបយកអុកស៊ីសែនឲ្យបានគ្រប់គ្រាន់។ អ្នកជំងឺ អាចតាមដាន ពីសុខភាពផ្ទាល់ ក្នុងកំលុងពេលនោះ បើមានអាការៈ ក្អក ឬ ដកដង្ហើមហត់ៗ អ្នកជំងឺគួរតែឆាប់ចាកចេញពីបន្ទប់សូណា ហើយសម្រាក ឲ្យបានយ៉ាងតិច ១០ ទៅ ១៥នាទីសិន។

៤.គួរកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ

សម្រាប់អ្នកដែលចូលចិត្ដទៅសូណា គួរតែនឹកឃើញពីចំណុចនេះមុនគេ គឺការកំណត់ពេលវេលា ឲ្យបានត្រឹមត្រូវ និងការត្រៀមខ្លួន មុនពេលចូលបន្ទប់សូណា​។ មានន័យថា អ្នកអាចចូល សូណា ម្ដងយ៉ាងយូ ២០នាទី អាចមិនលើស​ពី៣ដង ក្នុងមួយពេលៗ​ ព្រោះថា ក្នុងខ្លួនប្រាណរបស់យើង​ត្រូវ​ប្រឈមនឹងកម្ដៅ ជាតិសើម ហើយត្រូវបញ្ចេញជាតិទឹកច្រើនតាមរយៈការចេញញើស។ ថ្វីត្បិតតែ ការបែកញើសល្អ អាចបញ្ចេញជាតិពុលច្រើនមែន ប៉ុន្ដែក្នុងខ្លួនប្រាណរក៏ត្រូវខ្សោះជាតិទឹកបន្ដិចម្ដងៗ ទៅតាមពេល​វេលាកាន់តែយូទៅៗ។ ទន្ទឹមគ្នានោះដែរ មុនពេល ចូលបន្ទប់​សូណា អ្នកអាចញ៉ាំទឹកឲ្យ​បានមួយកែវ ឬអាចលើសពីនោះក៏ប្រសើរដើម្បីរក្សាលំនឹងជាតិទឹកឲ្យបានគ្រប់គ្រាន់ក្នុងរាងកាយ។

សូណា

៥.សម្រាក ២ទៅ៣នាទីមុនងូតទឹក

គួរចងចាំថាអាងទឹកត្រជាក់ គឺជាកន្លែងដែលលាងសម្អាតញើសសម្រាប់អ្នកដែលទើបតែចេញពីបន្ទប់សូណា។ ដូច្នេះហើយ ក្រោយពេលចេញពី​បន្ទប់សូណា គួរតែរសម្រាកឲ្យបានយ៉ាងតិច ២នាទី ដើម្បីឲ្យស្ងួតញើសបន្ដិចសិន មុនពេលចូល​ងូតទឹកសម្អាតញើស ឬលាង​សម្អាតជាតិពុល។ ក្រោយពេល ដែលខ្លួនយើង ទើបតែស្ថិតក្នុងស្ថានភាពសីតុណ្ហ​ភាព​ក្ដៅមានញើសច្រើន ភ្លាមៗនោះ រន្ធញើសតូចៗ ក៏នៅបើកចំហរជាឱកាសដល់ពពួកបាក់តេរីមួយចំនួន តោង​ជាប់នៅស្បែក មួយវិញទៀត ការណ៍ដែលត្រូវងូតទឹកត្រជាក់ ឬចូលក្នុងអាងទឹកត្រជាក់បន្ទាប់ ចេញពីបន្ទប់សូណា​ភ្លាម ក៏មិនមានផលល្អចំពោះបេះដូង ព្រោះការប្រែប្រួល សីតុណ្ហភាពក្នុងខ្លួន ក៏ត្រូវផ្លាស់ប្ដូរភ្លាមៗដែរ។ ដូច្នេះគួរតែសម្រាកឲ្យបាន យ៉ាងតិច ២នាទី ទើបជាការល្អ។

ចំណុចសំខាន់

ការធ្វើសូណា ថ្វីត្បិតតែអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព​មែន ប៉ុន្ដែក៏មានបញ្ហានៅជាមួយគ្នាផងដែរ ប្រសិនជាមិនបានប្រុងប្រយ័ត្ន។ មានចំណុចមួយចំនួនគួរប្រុងប្រយ័ត្ន ដូចជា៖
  • ប្រុងប្រយ័ត្នសម្រាប់អ្នកមានបញ្ហាបេះដូង
  • ប្រុងប្រយ័ត្នអ្នកមានបញ្ហាប្រតិកម្មស្បែក
  • ប្រុងប្រយ័ត្នអ្នកមានជំងឺសួត
  • គួរកំណត់ពេលវេលាឲ្យបានត្រឹមត្រូវ
  • សម្រាក២ទៅ៣នាទីមុនចូលងូតទឹក

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Sauna Health Benefits: Are saunas healthy or harmful?, https://www.health.harvard.edu/staying-healthy/saunas-and-your-health
  2. Why is it hard to breathe in a sauna, https://bikehike.org/are-saunas-good-for-lung-health/#Do_saunas_help_asthma
  3. Lungs and ventilation in sauna, https://pubmed.ncbi.nlm.nih.gov/3218895/
  4. Promising or Placebo? Halo Salt Therapy: Resurgence of a Salt, https://www.lung.org/blog/promising-placebo-salt-halotherapy
  5. Steam Sauna vs Infrared Sauna,https://saunas.org/steam-vs-infrared-sauna/

កំណែ​ប្រែបច្ចុប្បន្ន

22/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាការៈ​ភ័យ​គាំង និងគាំងបេះដូង ដូចគ្នា ឬខុសគ្នាបែបណា? ​

ទម្លាយអាថ៌កំបាំង​សុខភាព​ម៉េចបាន​គេ​ចូលចិត្ត​ទៅ សូណា សម្បើមម្ល៉េះ!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 22, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម