ការជួបប្រទះអាការៈនោមឈឺក្រោយរួមភេទ ជាទូទៅប្រុសៗមិនសូវកើតទេ គ្រាន់តែអាចជាការរីកមាឌឡើងរឹងពិបាកនោមបន្ដិច ប៉ុន្ដែបើសិនជាកើតមានមែន អាចបណ្ដាលមកពីបញ្ហាមួយផ្សេងទៀត ពាក់ព័ន្ធទៅនឹងជំងឺរលាកផ្លូវទឹកនោម ឬ បញ្ហាឆ្លងជំងឺកាមរោគផ្សេងៗ បណ្ដាលមកពីការរួមភេទមិនបានការពារ និងម្យ៉ាងវិញទៀត រួមភេទជាមួយដៃគូដែលផ្លាស់ប្ដូរទំនាក់ទំនងច្រើន។
ជាធម្មតាបើបញ្ហាបង្កឡើងដោយការរួមភេទ ដែលបណ្ដាលឲ្យប្រុសៗមានអាការៈឈឺ ឬក្រហាយលិង្គ គឺមិនបង្កឡើងនៅផ្នែកខាងក្នុងនោះទេ គឺច្រើនកើតមាននៅផ្នែកខាងក្រៅ ដោយការរលាក រលាត់ស្បែកគ្របលិង្គ និងករណីខ្លះ ពេលរួមភេទមិនបានប្រើប្រាស់ទឹករំអិលជំនួយ។ ក្នុងករណីខ្លះប្រដាប់បន្ដពូជបុរសមានជំងឺសើរស្បែក ដែលងាយនឹងប្រតិកម្មក្រោយទទួលរងសម្ពាធពីសកម្មភាពរួមភេទដៃគូ។
អាការៈនៃការនោមឈឺនេះគឺជា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញដែលបង្ហាញថា កំពុងតែមាន ជំងឺរលាកប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងមេរោគ។ ក្នុងចំណុចនេះ អាចជាការចាប់ផ្ដើមក្នុងដំណាក់កាលដំបូង ដែលពពួកបាក់តេរីកំពុងជ្រៀតខ្លួនចូលទៅក្នុងបង្ហួរនោម ប្លោកនោមនឹងបង្កជាការលាក។ មួយវិញទៀតរោគសញ្ញាដូចគ្នានេះដែរ អាចជាការឆ្លងជំងឺកាមរោគផ្សេងៗបាន គឺជំងឺ ប្រមេះ អាចប្រមេះទឹកបាយ ឬទឹកថ្លា។ ក្នុងករណីបុរសៗមានជំងឺប្រមេះ ទឹកបាយអាចបង្ហាញរោគសញ្ញាមាន ឈឺចាប់នៅពេលនោម ទឹកនោមមានសភាពល្អក់ និងមានសំបោរនៅចុងលិង្គ ទឹកនោមក្ដៅ មានអារម្មណ៍រមាស់តិចៗនៅចុងលិង្គ និងមានការឈឺចាប់ហើមត្រង់ចំណុចពងស្វាស។
ការឈានដល់ជំងឺប្រមេះនេះគឺ បណ្ដាលមកពីការរួមភេទដោយមិនបានការពារត្រឹមត្រូវ ហើយបើស្ថិតនៅក្នុងការសង្ស័យ ថាមានជំងឺនេះមែន គួរតែទៅជួបគ្រូពេទ្យធ្វើតេស្ដឲ្យបានឆាប់ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថារវាងដៃគូ និង ខ្លួនយើងផ្ទាល់ម្នាក់ណាមានជំងឺមួយនេះ ព្រោះករណីខ្លះអាចបង្កជាគ្រោះថ្នាក់ផ្សេងទៀត ដល់ប្រព័ន្ធបន្ដពូជ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
មិនចាំបាច់ព្រួយបារម្ភនោះទេប្រសិនជាបានរួមភេទដោយការពារត្រឹមត្រូវនោះ រឿងដែលសំខាន់ សម្រាប់យើងជាបុរស គឺត្រូវរក្សាអនាម័យប្រដាប់ភេទឲ្យបានស្អាតជាប្រចាំ មិនថាក្រោយពេលរួមភេទ ឬក្រោយពេលនោម សំខាន់បុរសៗដែលមានស្បែកគ្របលិង្គតែម្ដង។ មួយវិញទៀត ត្រូវសម្អាតតំបន់ បរិវេណពងស្វាស ជាតំបន់ងាយនឹងធ្វើឲ្យលិង្គមានក្លិនមិនល្អ និងលាក់ពួនពពួកបាក់តេរី ព្រោះតំបន់នោះងាយនឹងបែកញើស ហប់ ស្អុះស្អាប់ ដោយគំនាបខោក្នុងស្ទើតែ១២ម៉ោង ក្នុងមួយថ្ងៃ។