លិង្គឡើងរឹងគឺជារឿងធម្មតាទេសម្រាប់រាងកាយបុរសយើងទៅហើយ នៅពេលដែលដំណើរវិវត្តឈានដល់ពេលពេញវ័យ។ តែទោះជាយ៉ាងនេះក្ដី មានមនុស្សប្រុសយើងជាច្រើនតែងតែឆ្ងល់ថាពេលខ្លះ ហេតុអ្វីបានជាលិង្គរបស់ខ្លួនេងឡើងរឹងដោយគ្មានមូលហេតុ?
១- តើអ្វីទៅជាការឡើងរឹងរបស់លិង្គ?
មានពាក្យគ្រាមភាសាជាច្រើនដែលគេតែងតែនិយាយនៅពេលដែលលិង្គឡើងរឹង ហើយការឡើងរឹងនេះកើតឡើងនៅពេលដែលលិង្គរបស់យើងពោរពេញទៅដោយឈាមនៅក្នុងសរសៃ រីកធំ និងវែងជាងធម្មតា។ ការឡើងរឹងនេះ អាចបានរយៈពេល ពីរទៅបីនាទី ឬអាចយូរជាងនេះអាស្រ័យលើមូលហេតុដែលភ្ញោចវា។
[embed-health-tool-bmr]
២- ហេតុអ្វីបានជាលិង្គបុរសឡើងរឹង?
ពេញមួយថ្ងៃ លិង្គមនុស្សប្រុសគឺទន់ធម្មតា ហើយការឡើងរឹងអាចកើតមានដោយសារតែមូលហេតុមួយចំនួន ប៉ុន្តែជាទូទៅគឺ ច្រើនតែមកពីសកម្មភាពភ្ញោច ឬការគិតដែលនាំឲ្យមានអារម្មណ៍ផ្លូវភេទ។ បុរសវ័យក្មេង ជាធម្មតាចាប់ផ្ដើមការឡើងរឹងរបស់លិង្គ អំឡុងពេលពេញវ័យ ដោយនេះអាចចាត់ទុកថាជាផ្នែកធម្មតានៃការវិវត្តផ្នែកផ្លូវភេទរបស់ប្រុសៗ។ ប្រុសៗអាចនឹងមានលិង្គឡើងរឹងនៅពេលដែលគេងលក់ ដែលអាចពេលខ្លះបណ្ដាលមកពីការចាញ់បោកយល់សប្ដិ ហើយនិងបញ្ចេញទឹកកាមនៅពេលដែលគេងលក់នោះទៀតផង។
៣- តើត្រូវធ្វើដូចម្ដេចដើម្បីបញ្ឈប់កុំឲ្យលិង្គឡើងរឹង?
ពេលខ្លះលិង្គប្រុសយើងអាចឡើងរឹងដោយគ្មានមូលហេតុ ដោយមិនដឹងខ្លួន ឬនៅពេលដែលយើងមិនចង់ឲ្យឡើងរឹងបែរជាឡើងរឹង។ បើមានបញ្ហាដូចនេះមែន សូមកុំបារម្ភ ព្រោះវាជាការវិវត្តសុខភាពធម្មតាប៉ុណ្ណោះ។ លិង្គមនុស្សប្រុសអាចនឹងឡើងរឹង ទោះបីជាពួកគាត់មិនបានគិតពីរឿងផ្លូវភេទក៏ដោយ ប៉ុន្តែបើវាកើតមានឡើង សូមព្យាយាមគិតរឿងអ្វីមួយផ្សេងជាជាងផ្ដោតលើរឿងកំពុងកើតមាននៅក្នុងខោរបស់អ្នកនោះ ហើយប្រសិនបើវាកើតឡើងពេលដែលប្រុសៗយើងនៅទីសារធារណៈ ជាមួយនឹងហ្វូងមនុស្សច្រើន សូមព្យាយាមកែសម្រួលខោរបស់យើង ឬយកអ្វីមកគ្របវា។ បើសិនគ្មានអ្វីដែលអាចជួយបាន សូមប្រញាប់ទៅបន្ទប់ទឹកភ្លាម។
៤- តើត្រូវធ្វើដូចម្ដេចបើយើងមានបញ្ហារក្សាការឡើងរឹងរបស់លិង្គ?
មានមូលហេតុជាច្រើនដែលនាំឲ្យអាអូនតូចឡើងរឹង ប៉ុន្តែក៏មានកត្តាជាច្រើនដែលនាំឲ្យបាត់បង់ការឡើងរឹងរបស់លិង្គដែរ។ បញ្ហានេះអាចក្លាយជារឿងអាក្រក់ចំពោះបុរសយើង បើសិនជាវាកើតឡើងនៅពេលដែលកំពុងរួមភេទជាមួយដៃគូ។ ការដែលអារម្មណ៍មិននៅក្នុងខ្លួន មានអារម្មណ៍តានតឹង រំខានឬនឿយហត់ សុទ្ធតែអាចធ្វើឲ្យអាអូនមិនឡើងរឹងរយៈពេលខ្លី។ បើសិនបញ្ហានេះកើតមានឡើង សូមកុំព្យាយាមបង្ខំវាខ្លាំងពេក ព្រោះវាជារឿងធម្មតាដែលកើតឡើងទេ។
បើសិនលិង្គអាចឡើងពេលកំពុងជួយខ្លួនឯង តែយើងពិបាកធ្វើឲ្យការឡើងរឹងនេះបានយូរពេលនៅជាមួយដៃគូនោះ បញ្ហារបស់អ្នកនេះ អាចទាក់ទងនឹងបញ្ហាផ្លូវចិត្តច្រើនជាង។ សូមព្យាយាមចែករំលែករឿងនេះ ជាមួយដៃគូ ដើម្បីអាចឲ្យយើងធ្វើវាកាន់តែប្រសើរនៅពេលក្រោយមកទៀត។ បើសិនយើងមិនមានអារម្មណ៍ល្អនិយាយជាមួយដៃគូទេ នេះមានន័យថាប្រុសៗយើងមិនទាន់ត្រៀមខ្លួននឹងរួមភេទជាមួយដៃគូរឡើយ។
៥- តើវាមានសុវត្ថិភាពទេដែលត្រូវប្រើថ្នាំព្យាបាលបញ្ហាលិង្គមិនឡើងរឹង?
បញ្ហាលិង្គមិនឡើងរឹង គឺជាបញ្ហាដែលច្រើនកើតមានឡើងចំពោះមនុស្សចាស់ ដែលមិនអាចរក្សាលិង្គឲ្យឡើងរឹងបានយូរ។ គ្រូពេទ្យអាចនឹងព្យាបាលបញ្ហានេះដោយឲ្យអ្នកជំងឹប្រើថ្នាំ វិយ៉ាក្រា (Viagra) ប៉ុន្តែថ្នាំនេះកម្រនឹងចេញវេជ្ជបញ្ជាឲ្យប្រើចំពោះមនុស្សវ័យក្មេងណាស់។ ការប្រើថ្នាំប្រភេទនេះ នៅពេលដែលមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យ អាចបង្កឲ្យមានគ្រោះថ្នាក់បាន។ អ្នកស្រាវជ្រាវខ្លះបង្ហាញថា ការប្រើថ្នាំទាំងនោះ ជាពិសេសពេលដែលលាយជាមួយនឹងសារធាតុអាល់កុល ឬថ្នាំផ្សេងទៀត អាចបង្កឲ្យបុរសមានបញ្ហារាងកាយ ឬបញ្ហាផ្លូវចិត្ត ដែលនាំឲ្យធ្វើសកម្មភាពផ្លូវភេទគ្រោះថ្នាក់ ហើយអាចនឹងធ្វើឲ្យមានផ្ទៃពោះដោយមិនបានគ្រោងទុក ឬឆ្លងជំងឺកាមរោគទៀតផង។
ដូចនេះ សូមកុំភ្ញាក់ផ្អើលនៅពេលដែលវត្ថុនៅក្នុងខោប្រុសៗយើងរីកធំដោយមិនមានមូលហេតុអី ព្រោះវាគឺជារឿងធម្មតាទេ។
អត្ថបទពាក់ព័ន្ធ៖