ការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ អាចប៉ះពាល់ដល់សុខភាពបេះដូងជាងការអង្គុយនៅមុខកុំព្យូទ័រទៅទៀត នេះបើយោងតាមការសិក្សាថ្មីមួយ។
ការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ អាចប៉ះពាល់ដល់សុខភាពបេះដូងជាងការអង្គុយនៅមុខកុំព្យូទ័រទៅទៀត នេះបើយោងតាមការសិក្សាថ្មីមួយ។

ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវបានវិភាគព័ត៌មានលើមនុស្សពេញវ័យប្រមាណជាង៣ ៥០០នាក់ ហើយបានរកឃើញថា អ្នកដែលចំណាយពេលច្រើនអង្គុយនៅមុខទូរទស្សន៍ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង និងមានអត្រាស្លាប់ នៅអំឡុងពេលសិក្សា បើធៀបនឹងអ្នកដែលចំណាយពេលតិចតួចនៅមុខទូរទស្សន៍។
ចំពោះការអង្គុយនៅកន្លែងធ្វើការមិនមានហានិភ័យខ្ពស់ដូចអ្នកដែលចំណាយពេលច្រើនក្នុងការមើលទូរទស្សន៍ឡើយ នេះបើយោងតាមអត្ថបទចេញផ្សាយក្នុងទស្សនាវដ្ដីសមាគមបេះដូងអាមេរិក។ ថ្វីដ្បិតតែអ្នកជំនាញនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលការអង្គុយនៅមុខទូរទស្សន៍ប៉ះពាល់ដល់សុខភាពបេះដូងក៏ពិតមែន ប៉ុន្តែពេលវេលានៃការមើលទូរទស្សន៍អាចជះឥទ្ធិពលខ្លាំង ពីព្រោះថាគ្នាយើងភាគច្រើនចូលចិត្តមើលទូរទស្សន៍អំឡុងពេលអាហារពេលល្ងាច ដែលជាពេលវេលាញ៉ាំអាហារច្រើន និងធ្វើសកម្មភាពរាងកាយតិចតួច។
តាមការសិក្សាជាច្រើនបានបង្ហាញថា ការចំណាយពេលអង្គុយយូរពាក់ព័ន្ធនឹងហានិភ័យសុខភាពជាច្រើន ដូចជាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង។
ជាមួយគ្នានេះដែរ អ្នកដែលចំណាយពេលច្រើនជាង៤ម៉ោងអង្គុយនៅមុខទូរទស្សន៍ អាចជួបបញ្ហាបេះដូងផ្សេងៗ ដូចជាគាំងបេះដូង ឬជំងឺបេះដូង ឬអាចបាត់បង់ជីវិតនៅអំឡុងពេលសិក្សា នេះបើធៀបនឹងអ្នកដែលមើលទូរទស្សន៍តិចជាង២ម៉ោងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើអ្នកដែលចូលចិត្តមើលទូរទស្សន៍ច្រើន បានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ យ៉ាងតិច១៥០នាទីក្នុងមួយសប្ដាហ៍ នោះហានិភ័យនៃជំងឺបេះដូងនឹងមានកម្រិតទាបទៅតាមនោះដែរ។

អ្នកដែលចូលចិត្តមើលទូរទស្សន៍ភាគច្រើនអង្គុយនៅមួយកន្លែងយូរជាងអ្នកធ្វើការ ដោយសារតែអ្នកធ្វើការអាចក្រោកដើរទៅថតចម្លងឯកសារ ឬជជែកជាមួយនឹងមិត្តរួមការងារ។ ចំណែកឯអ្នកដែលមើលទូរទស្សន៍វិញ ចំណាយពេលរាប់ម៉ោងដោយមិនធ្វើចលនាទាល់តែសោះ។
បន្ថែមពីនេះ ការអង្គុយនៅកន្លែងធ្វើការ ធ្វើឲ្យផ្លូវចិត្តយើងសកម្ម ពីព្រោះតែការគិតប្រកបដោយគំនិតច្នៃប្រឌិត ឬដោះស្រាយបញ្ហាផ្សេងៗជាដើម ហើយការសកម្មផ្នែកចិត្តគំនិតក៏អាចដុតបំផ្លាញកាឡូរីបានមួយកម្រិតដែរ ខណៈពេលដែលការមើលទូរទស្សន៍ ជាធម្មតាពាក់ព័ន្ធនឹងដំណើរការផ្លូវចិត្តតិចតួចប៉ុណ្ណោះ។
អានបន្ថែម៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Sitting in Front of the TV May Be Worse for Your Heart Than Sitting at a Desk
https://www.livescience.com/65796-tv-sitting-is-bad-for-hearts.html
Sitting in front of TV may be worse for health than desk job
https://www.reuters.com/article/us-health-sitting-idUSKCN1TS2FX
Are Some Kinds of Sitting Worse than Others?
https://learningenglish.voanews.com/a/are-some-kinds-of-sitting-worse-than-others-/4981837.html
Risk of heart disease increased by sitting in front of TV, not at work: study
https://www.ctvnews.ca/health/risk-of-heart-disease-increased-by-sitting-in-front-of-tv-not-at-work-study-1.4483008?cache=yes%3Fot%3DAjaxLayout
កំណែប្រែបច្ចុប្បន្ន
13/06/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ