និយមន័យ
តើការវះកាត់តផ្លូវកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតជាអ្វី?
ការវះកាត់តចរន្តក្រៅ (ផ្លូវវៀង) បែបនេះគឺធ្វើឡើងក្នុងពេលណាដែលលំហូរឈាមរត់ធម្មតាមានការស្ទះ ឬតូចចង្អៀតដែលធ្វើឲ្យការនាំអុកស៊ីហ្សែនទៅចិញ្ចឹមកោសិកាមិនបានល្អហើយការស្ទះភាគច្រើនបណ្ដាលមកពីការកកខ្លាញ់ក្នុងសរសៃឈាម។ ការវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតទៀតសោតគឺសម្រាប់ព្យាបាលការឈឺចុកទ្រូងដោយសារជំងឺបេះដូងដែលមានដូចជាជំងឺរលួយសាច់បេះដូង ខូចប្រើសបេះដូង និងសរសៃកូរ៉ូនែរួមតូចជាដើមជាពិសេសអ្នកទឹកនោមផ្អែម។ មុនវះកាត់យើងត្រូវដឹង៖
- ការវះកាត់គឺមិនមែនការព្យាបាលទេ កត្តាដែលសំខាន់គឺព្យាបាលមូលហេតុដែលធ្វើឲ្យស្ទះនោះចេញដូចជាលេបថ្នាំ និងផ្លាស់ប្ដូរទម្លាប់ញ៉ាំអាហារសម្រាប់អ្នកលើសជាតិខ្លាញ់ជាដើម
- យល់ដឹងពីហានិភ័យនិងស្ថានភាពបេះដូងខ្លួនឯង
- ត្រូវស្វែងរកគ្រូពេទ្យណាដែលមានជំនាញ
- អាចស្វែងរកជំនួយដូចជាមិត្តភ័ក្ដិសាច់ញាតិក្នុងការថែទាំបន្តនៅផ្ទះបន្ទាប់ពីចេញពីមន្ទីរពេទ្យ
- រៀបចំផ្ទះតម្រូវតាមការចាំបាច់របស់អ្នកជំងឺព្រោះថាពេលសម្រាកនៅផ្ទះគឺមិនអាចដើរចុះឡើងបានច្រើននោះទេ។
- ថែរក្សាអនាម័យតាំងពីមុនចូលមន្ទីរពេទ្យដូចជាកាត់ក្រចក និងស្លៀកសំលៀកបំពាក់ដែលបោកគក់ហាលថ្ងៃបានល្អដើម្បីជៀសវាងការករោគ
- ត្រូវគោរពតាមពេលវេលាកំណត់ត្រឹមត្រូវដូចជាអាចបើកបរនិងធ្វើការផ្សេងៗបាន៦សប្ដាហ៍ក្រោយការវះកាត់
- មុននឹងវះកាត់អ្នកជំងឺត្រូវចូលសម្រាកពេលរង់ចាំ ពិគ្រោះជាមួយគ្រូពេទ្យថ្នាំសណ្ដំ ព័ត៌មានទាក់ទងនឹងប្រវត្តិជំងឺ។ លើសពីនេះទៅទៀតការថតកាំរស្មី ការធ្វើតេស្តឈាម និងការវាស់ចង្វាក់បេះដូងនឹងអាចធ្វើតាមលំដាប់លំដោយ។
អត្ថបទពាក់ព័ន្ធ៖ Coronary Angioplasty (វះកាត់កែសម្រួលសរសៃឈាមបេះដូង)
ហានិភ័យ
មានកត្តាផ្សេងៗជាច្រើនដែលអ្នកជំងឺការវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតគួរដឹង។ បន្ទាប់ពីការវះកាត់ការវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិត អ្នកជំងឺគឺបានធូរស្រាលច្រើនហើយការឈឺទ្រូងនឹងលែងមានពី១០ ទៅ១៥ឆ្នាំ តែទោះជាយ៉ាងណាក៏ដោយវាអាចនឹងស្ទះទៅថ្ងៃមុខដោយសារការកកស្ទះហើយអាចទទួលការព្យាបាលដោយការវះកាត់លើកទីពីរ។
ប្រាំឆ្នាំដំបូង កំណកឈាមនិងការកកដុំខ្លាញ់អាចកើតមានសារជាថ្មីលើអាកទែសិប្បនិមិត្តនោះ។ មិនត្រឹមតែប៉ុណ្ណោះការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការហូរឈាម ការករោគ និងជំងឺចង្វាក់បេះដូងដើរមិនធម្មតាអាចកើតមានឡើង ហើយការចុកទ្រូងអាចលេចឡើងវិញ និងឈឺចុករហូតដល់៦ខែទើបបាត់ ហើយអ្នកខ្លះទៀតទៅជាវង្វេងចាំអ្វីមិនបានទៀតផង។ គ្រោះថ្នាក់ដែលអាចកើតជាយថាហេតុក្នុងពេលវះកាត់នោះគឺការគាំងបេះដូងភ្លាមៗតែម្ដងដែលមានពី ៥ ទៅ ១០% បណ្ដាលឲ្យស្លាប់តែម្ដង។
ដំណើរការ
គ្រូពេទ្យវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតនឹងធ្វើការវះបើកសន្ទះទ្រូងដើម្បីជាផ្លូវចូលទៅដល់បេះដូង។ បន្ទាប់មកគាត់នឹងធ្វើឲ្យបេះដូងឈប់ដើរមួយរយៈពេលដោយជំនួសដោយការច្របាច់ឈាមដោយម៉ាស៊ីនសិប្បនិម្មិតរយៈពេល ៩០នាទី។ ការជ្រើសសរសៃមកច្នៃគឺសំខាន់ក្នុងការវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតនេះ ហើយសរសៃឈាមដែលល្អគឺសរសៃដែលនាំឈាមទៅចិញ្ចឹមសុដន់ដោយសារតែការកកស្ទះគឺភាគច្រើនកើតចន្លោះសរសៃឈាមនេះ។ ដូចនេះហើយការវះកាត់តផ្លូវកាត់ត្រង់កន្លែងនេះគឺងាយស្រួលដែលជាទូទៅការវះកាត់គឺប្រព្រឹត្តទៅក្នុងរយៈពេល៤ម៉ោង។
មកដល់បច្ចុប្បន្ននេះមានវិធីថ្មីៗជាច្រើនដែលមិនសូវទាមទាការវះបើកទ្រូងហើយមិនតម្រូវឲ្យបេះដូងឈប់ដើរនោះទេ។ ការវះកាត់់ថ្មីនេះគឺបញ្ជាដោយគ្រឿងយន្តទាំងអស់ហើយត្រូវការពេលពី៣ ទៅ ៦ម៉ោង ហើយអាចមានការតសរសៃច្រើនចន្លោះ ២ ទៅ ៤ ដែលអាស្រ័យលើការស្ទះ។
ផលវិបាកផ្សេងៗ
អ្នកជំងឺវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតត្រូវតាមដាននៅមន្ទីរពេទ្យបន្ទាប់ពីការវះកាត់បានមួយអាទិត្យ ហើយត្រូវគេងក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងហោចណាស់ក៏២ថ្ងៃដែរ ដែលសម្ពាធឈាម ចង្វាក់ដង្ហើមនិងបេះដូងត្រូវតាមដានជាប្រចាំ។ អ្នកជំងឺខ្លះអាចត្រូវការការអុកស៊ីហ្សែនថែមទៀតក្នុងពេលនេះ។ អ្នកជំងឺវះកាត់សរសៃអាកទែកូរ៉ូនែសិប្បនិម្មិតមិនត្រូវដកទុយយោសុងដង្ហើមចេញដោយខ្លួនឯងនោះទេ ប្រសិនបើនិយាយមិនកើតអាចប្រើកាយវិការទំនាក់ទំនងជាមួយគ្រូពេទ្យបាន។
ក្នុងករណីមានអាការៈ ក្ដៅខ្លួន បេះដូងដើរញាប់ ឈឺទ្រូងឡើងវិញឬឈឺជុំវិញកន្លែងវះកាត់ ឡើងក្រហម ក្ដៅនិងមានការហូរឈាមត្រូវប្រញាប់មកជួបពេទ្យភ្លាម។ បើសិនជាដំណើរការបានជោគជ័យគឺមិនមានការឈឺទ្រូងទៀតទេព្រោះថាលំហូរឈាមមានគ្រប់គ្រាន់ដើម្បីទៅចិញ្ចឹមកោសិកាប៉ុន្តែទោះជាយ៉ាងណាក៏ដោយការស្ទះនៅតែអាចកើតមានឡើងវិញ ដូចនេះត្រូវលេបថ្នាំឲ្យទៀងទាត់តាមវេជ្ជបញ្ជានិងអនុវត្តដូចខាងក្រោម៖
- ចំពោះអ្នកទឹកនោមផ្អែមត្រូវឧស្សាហ៍ពិនិត្យជាតិស្ករ
- ត្រូវមានរបបអាហារល្អដូចជារបបអាហារ Dash ជាដើម
- រក្សាទម្ងន់
- រក្សាលំនឹងសំពាធឈាម
- ហាត់ប្រាណជាប្រចាំ
- លេបថ្នាំបញ្ចុះជាតិខ្លាញ់ហើយធ្វើយ៉ាងណាឲ្យខ្លាញ់មិនល្អមានកម្រិតក្រោម៧០ដើម្បីជៀសវាងការគាំងបេះដូងដោយការស្ទះនៅថ្ងៃក្រោយ
- ប្រសិនបើមានការពិបាកដកដង្ហើម ក្ដៅខ្លួន ហូរឈាម ឬឆាប់ឡើងជាំ មានការករោគនៅកន្លែងវះកាត់ និងឡើងទម្ងន់ខ្លាំងត្រូវប្រញាប់ទៅជួបពេទ្យភ្លាមកុំបង្អង់យូរ។
អត្ថបទពាក់ព័ន្ធ៖
- កុំប្រហែស! សូម្បីបេះដូងនៅខាងក្នុងសោះ ក៏អាចឆ្លងមេរោគដែរ
- ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង
- ស្រីៗមានជំងឺបេះដូង ចង់មានកូនត្រូវធ្វើម៉េច?
[embed-health-tool-heart-rate]