តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផងដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូងដែលអាចកើតមានចំពោះកុមារ និង ទារកផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១.ជំងឺបេះដូងពីកំណើត
ជំងឺបេះដូងពីកំណើតគឺជាជំងឺបេះដូងមួយប្រភេទដែលកើតលើកុមារតាំងពីកំណើតមកម្ល៉េះ។ ជំងឺនេះស្ដែងឡើងដោយសារតែរចនាសម្ព័ន្ធមុខងារបេះដូងដំណើរការមិនប្រក្រតី បណ្ដាលឲ្យអ្នកជំងឺមានអាការៈ ហត់ ពិបាកដកដង្ហើម ខ្សោយ ករណីខ្លះអាចសន្លប់ ហើយ មាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។
កុមារដែលកើតជំងឺនេះជាទូទៅ យើងអាចដឹងបានតាំងពីនៅជាទារកក្នុងផ្ទៃម្ដាយមកម្ល៉េះ គឺពេលពិនិត្យផ្ទៃពោះដោយអេកូ។ ក្នុងអំឡុងពិនិត្យផ្ទៃពោះ ប្រសិនបើទារកឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិច ឬស្កែន (MRI)ជាដើម។
២.ជំងឺក្រិនសរសៃឈាម
ជំងឺក្រិនសរសៃឈាមគឺសំដៅទៅលើអាការៈមួយបង្កឡើងដោយសារការកកើតខ្លាញ់កូលេស្ដេរ៉ូលក្នុងសរសៃឈាមច្រើន និងធ្វើឲ្យសរសៃឈាមប្រែជារួមតូច មិនអាចធ្វើឲ្យចរន្ដឈាមក្នុងបេះដូងដំណើរបានល្អ ដែលងាយធ្វើឲ្យអ្នកជំងឺប្រឈមនឹងការគាំងបេះដូងតែម្ដង។ ប៉ុន្ដែយ៉ាងណាក៏ដោយ ជំងឺក្រិនសរសៃឈាមនេះភាគច្រើនកើតលើមនុស្សចាស់ មិនសូវកើតលើកុមារនោះទេ ប្រសិនបើកុមារមិនមានបញ្ហា ការធាត់ជ្រុលលើសគីឡូ មានជំងឺទឹកនោមផ្អែម និងការលើសម្ពាធឈាមទេនោះ។
៣.ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី
ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ក៏ជាជំងឺបេះដូង ដែលប្រឈមកើតលើកុមារ។ វាគឺជាការបម្រែបម្រួលចង្វាក់បេះដូងមិនប្រក្រតី ពោលបេះដូងអាចលោតញាប់ពេក ឬលោតយឺតពេក។ ប៉ុន្ដែចំពោះកុមារភាគច្រើនអាចជួបអាការៈដោយបេះដូងលោតញាប់ច្រើនជាង លោតយឺត។
រោគសញ្ញានៃជំងឺនេះគឺ កុមារមានសុខភាពខ្សោយ អស់កម្លាំង វិលមុខ ស្លេកស្លាំង និងពិបាកបញ្ចុកចំណីអាហារ។
៤.ជំងឺ Kawasaki
ជំងឺ Kawasaki ក៏ជាប្រភេទជំងឺបេះដូងដែលកម្រកើតលើកុមារ ជំងឺនេះធ្វើឲ្យកុមារប្រឈមការរលាកសរសៃឈាមក្នុងដៃ ជើង មាត់ បបូរមាត់ និង បំពង់ក។ មិនតែប៉ុណ្ណោះវាក៏បង្កឲ្យកុមារក្ដៅខ្លួន និងឡើងកូនកណ្ដុរទៀតផង។ ការសិក្សាមិនទាន់បានបង្ហាញពីមូលហេតុដែលបង្កឲ្យកើតជំងឺនេះនៅឡើយទេ ហើយកុមារដែលប្រឈមកើតជំងឺនេះគឺ មានអាយុក្រោម ៥ឆ្នាំ។
៥.ជំងឺសំឡេងចង្វាក់បេះដូងខុសប្រក្រតី
ជំងឺសំឡេងចង្វាក់បេះដូងខុសប្រក្រតី (Heart murmurs) គឺជាជំងឺមួយស្ដែងឡើងដោយសឡេងចលនាចង្វាក់បេះដូងឮខុសពីធម្មតា នោះក៏ដោយសារតែចរន្ដឈាមក្នុងសរសៃឈាមបេះដូងដំណើរការមិនបានល្អ។ ជំងឺនេះក៏អាចកើតលើកុមារ ហើយជាទូទៅមិនបង្កការឈឺចាប់អ្វីនោះទេ ក៏ប៉ុន្ដែវាអាចពាក់ព័ន្ធនឹងជំងឺបេះដូងផ្សេងទៀត។ ដូច្នេះប្រសិនបើគ្រូពេទ្យ ពិនិត្យបេះដូងដោយស្ដាប់ឮសំឡេងខុសប្រក្រតី នោះគ្រូពេទ្យធ្វើតេស្ដលើសុខភាពបេះដូងបន្ថែមទៀត ដើម្បីច្បាស់ថាសំឡេងខុសប្រក្រតីនេះអាចបណ្ដាលមកពីជំងឺបេះដូងផ្សេងទៀត ឬក៏យ៉ាងណា។
៦.ជំងឺ រលាកស្រោមបេះដូង
ជំងឺរលាកស្រោមបេះដូង គឺកើតឡើងនៅពេលដែល ស្រោមបេះដូងមានការរលាក ឬឆ្លងមេរោគ។ បញ្ហានេះនឹងធ្វើឲ្យជាតិទឹកនៅស្រទាប់ស្រោមបេះដូងមានការកើនឡើង ទើបធ្វើឲ្យប៉ះពាល់មុខងារច្របាច់ឈាមបេះដូងមិនអាចដំណើរការបានល្អ។
ជំងឺរលាកស្រោមបេះដូង បង្កឡើងដោយសារអ្នកជំងឺធ្លាប់ឆ្លងកាត់ការវះកាត់ព្យាបាលជំងឺបេះដូងពីមុនមក ដែលការវះកាត់ មិនបានសម្អាតបានល្អ ទើបបង្កជាការឆ្លងបាក់តេរី ឬមួយវិញទៀតបណ្ដាលមកពីការតភ្ជាប់ជាលិកាមិនបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
៧.ជំងឺរលាកប្រឹសបេះដូង
រលាកប្រឹសបេះដូង គឺជាជំងឺដែលអាចប្រឈមកើតលើកុមារ ដែលស្ដែងឡើងដោយការរលាកប្រឹសបេះដូង ដោយសារការឆ្លងមេរោគបង្កការរលាក។ ជំងឺនេះអាចបង្កផលប៉ះបាល់ធ្ងន់ធ្ងរ ដល់ប្រឹសបេះដូង និងសាច់ដុំបេះដូងផងដែរ ប្រសិនបើមិនបានព្យាបាលត្រឹមត្រូវនោះទេ។
ពពួកមេរោគដែលបង្ករការរលាកប៉ះពាល់ដល់សុខភាពបេះដូង អាចកើតមានចំពោះកុមារ ចន្លោះពី អាយុ ៥ ដល់ ១៥ឆ្នាំ ហើយជាធម្មតារោគសញ្ញារបស់វា ក៏មិនបង្ហាញឲ្យដឹងភ្លាមៗនោះដែរ។
[embed-health-tool-heart-rate]