អ្នកទើបតែជាសះស្បើយពីជំងឺរាក រឿងដែលសំខាន់បំំផុតនោះគឺការជ្រើសរើសអាហារញ៉ាំត្រឹមត្រូវ ពោលប្រភេទអាហារដែលងាយស្រួលរំលាយ និងមានជាតិសរសៃដូចជា ផ្លែចេក ផ្លែប៉ោម នំប៉័ង បាយ ត្រី សាច់ បន្លែដែលចម្អិនបានល្អ។
អាហារទាំងនេះ អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឆាប់ដំណើរការល្អឡើងវិញ។ ផ្លែប៉ោមជាប្រភេទផ្លែឈើដែលមានជាតិសរសៃ ងាយស្រួលរំលាយ និង មានមុខងារជួយបំពេញជាតិទឹកក្នុងរាងកាយ។ ម្យ៉ាងវិញទៀតអ្នកមានបញ្ហារាក ក្រោយជាសះស្បើយត្រូវទទួលទានរបបអាហារដែលចម្អិនបានល្អ ពិសេសប្រភេទអាហារដែលមានជាតិសរសៃនេះឯង។
ប្រភេទអាហារត្រូវជៀសវាង
អ្នកមានបញ្ហារាករូសមិនថា ក្នុងអំឡុងពេលរាក ឬទើបជាសះស្បើយនោះទេ ត្រូវជៀសវាងប្រភេទអាហារដូចជា ប្រភេទអាហារហឹរ អាហារ ខ្លាញ់ ទឹកដូង ផលិតផលទឹកដោះគោ អាហារឆៅ ប្រភេទបន្លែស្រស់ គ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងប្រភេទអាហារមានជាតិហ្គាសដែលអាចបណ្ដាលឲ្យមានអាការៈភើ ហើមពោះជាដើម។ ក្នុងករណីមន្ទិលសង្ស័យខ្លះអ្នកជំងឺអាចពិភាក្សាជាមួយគ្រូពេទ្យ ជៀសវាងការញ៉ាំអាហារខុសបង្កបញ្ហាដល់សុខភាពម្ដងទៀត។
ហេតុអ្វីអ្នកទើបជាសះស្បើយពីការរាករូសមិនអាចញ៉ាំហឹរបាន?
អាហារហឹរមិនមែនជាមូលហេតុបង្កបញ្ហានោះទេ ប៉ុន្ដែក្នុងករណីដែលអ្នកជំងឺទើបតែជាសះស្បើយពីការរាករូស សុខភាពប្រព័ន្ធរំលាយអាហារមិនទាន់រឹងមាំស្រួលបួលនោះដែរ។ អ្វីដែលសំខាន់នោះអ្នកត្រូវញ៉ាំអាហារណាដែលងាយស្រួលក្នុងការរំលាយ និងមិនបង្កការរលាក។ តួយ៉ាងការរាករូសខ្លះអាចបណ្ដាលមកពីបញ្ហាសុខភាពប្រព័ន្ធរំលាយអាហារមានជំងឺរលាករ៉ាំរៃ ដូច្នេះអាហារដែលចាំបាច់បំផុតត្រូវតបគឺអាហារហឹរតែម្ដង។