ការមិនរំលាយអាហារអាចកើតឡើង នៅពេលយើងញុំាអាហារច្រើនជ្រុល ឬញុំាអាហារដែលធ្វើឱ្យពិបាករំលាយដែលបណ្តាលឱ្យយើងហើមពោះ ឆ្អល់ពោះ ចង្អោរ និងពិបាកក្នុងខ្លួន។ បើយើងជួបបញ្ហាមិនរំលាយអាហារ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈ?
កត្តាមួយចំនួនអាចបណ្តាលឱ្យយើងមានបញ្ហាមិនរំលាយអាហារ៖
- ញុំាភេសជ្ជៈមានជាតិអាល់កុល កាហ្វេអ៊ីន ឬហ្គាសច្រើនពេក
- ញ៉ាំច្រើនពេក ឬលឿនពេក
- ញុំាអាហារមានជាតិខ្លាញ់ ហឹរ ឬអាស៊ីដ
- មានភាពតានតឹង ឬថប់បារម្ភ
- ញុំាថ្នាំមួយចំនួនដូចជា អាស្ពីរីន ថ្នាំប្រឆាំងការរលាក ឬអ៊ីប៊ុយប្រូហ្វេនជាដើម ជាពិសេសលេបពេលពោះទទេ
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងដើម្បីកាត់បន្ថយអាការៈមិនរំលាយអាហារ៖
១. ញុំាតែជីរអង្កាម
ការញុំាតែជីរអង្កាមអាចជួយកាត់បន្ថយអាការៈដូចជា ចង្អោរ ក្អួត ឈឺពោះ ហើមពោះជាដើម ព្រោះជីរអង្កាមមានផ្ទុកសារជាតិ flavonoids, អាស៊ីដ phenolic, និង menthol ដែលអាចជួយសម្រួលដល់សាច់ដុំផ្លូវរំលាយអាហារ និងអាចជួយរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។
ម្យ៉ាងទៀត តែជីរអង្កាមមានសមត្ថភាពក្នុងការបញ្ចុះកម្តៅដែលអាចជួយកាត់បន្ថយអាការៈក្រហាយទ្រូង និងច្រាល់ទឹកអាស៊ីដក្រពះ។
២. ញុំាតែខ្ញី
ខ្ញីអាចព្យាបាលបញ្ហាក្រពះពោះវៀនជាច្រើនដូចជា ការមិនរំលាយអាហារ ក្រហាយទ្រូង ចង្អោរ ក្អួត និងហើមពោះ។ តាមការសិក្សាបានឱ្យដឹងថា ខ្ញីមានផ្ទុកសមាសធាតុដែលអាចជួយពន្លឿនការកន្ត្រាក់ក្រពះដែលជួយឱ្យអាហាររំលាយ និងឆ្លងកាត់ផ្លូវរំលាយអាហារលឿន។ យើងអាចញុំាតែខ្ញីសុទ្ធ ឬលាយជាមួយក្រូចឆ្មារ និងទឹកឃ្មុំក៏បាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. ញុំាម្សៅបេកឃីងសូដា
តាមការសិក្សាបានឱ្យដឹងថា យើងអាចមានបញ្ហាមិនរំលាយអាហារ នៅពេលក្រពះយើងកើនទឹកអាស៊ីដក្រពះ។ យើងអាចលាយម្សៅបេកឃីងសូដាកន្លះស្លាបព្រាកាហ្វេជាមួយទឹកមួយកែវ រួចកូរឱ្យសព្វ ហើយញុំា ព្រោះម្សៅបេកឃីងសូដាមានកម្រិត pH អាល់កាឡាំងដែលអាចបន្សាបជាតិអាស៊ីដក្នុងក្រពះបាន។
៤. ញុំាទឹកខ្មេះផ្លែប៉ោម
ពេលខ្លះយើងអាចមានបញ្ហាមិនរំលាយអាហារដោយសារក្រពះមិនផលិតជាតិអាស៊ីដគ្រប់គ្រាន់ដើម្បីរំលាយអាហារ។ អាស៊ីដអាសេទិចនៅក្នុងទឹកខ្មេះផ្លែប៉ោមអាចជួយយើងកម្ចាត់បាក់តេរី រំលាយអាហារ បំបាត់អាកាៈច្រាល់ទឹកអាស៊ីដក្រពះ និងហើមពោះ។
យើងអាចញុំាទឹកខ្មេះផ្លែប៉ោមដោយលាយទឹកខ្មេះផ្លែប៉ោមមួយស្លាបព្រាបាយជាមួយទឹកក្តៅឧណ្ហៗមួយពែង និងទឹកឃ្មុំបន្តិច។
[embed-health-tool-heart-rate]
៥. ញុំាម្នាស់
ម្នាស់មានផ្ទុកជាតិសរសៃខ្ពស់ និងសារធាតុ bromelain ដែលជាអង់ស៊ីមជួយដល់ការរំលាយអាហារ ជាពិសេសជួយបំបែកប្រូតេអ៊ីន។ សារធាតុ bromelain ក៏ជួយកាត់បន្ថយអាការៈក្រហាយទ្រូង ឈឺពោះ ហើមពោះ និងទល់លាមកដែរ។
យើងអាចញុំាម្នាស់មួយជ្រុងដើម្បីជួយដល់ការរំលាយអាហារ តែមិនត្រូវញុំាច្រើនទេ ព្រោះអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀនដោយសារម្នាស់មានផ្ទុកជាតិអាស៊ីដច្រើន។
ការមិនរំលាយអាហារកម្រិតស្រាល និងយូរៗម្តងដែលជាទូទៅមានរយៈពេល ១-២ ម៉ោងអាចជារឿងធម្មតាមិនគួរឱ្យបារម្ភទេ តែបើយើងមានបញ្ហាមិនរំលាយអាហារដែលបណ្តាលឱ្យមានការឈឺចាប់ខ្លាំង និងមានរយៈពេលលើសពី ២ សប្តាហ៍ យើងគួរទៅជួបគ្រូពេទ្យព្រោះអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួន។
អត្ថបទគួរអាន៖
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?
- ម៉េចបានកើតស្ត្រេស អាចបង្កឲ្យមានបញ្ហាក្រពះពោះវៀន?
- ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារមានប្រយោជន៍ដល់ក្រពះពោះវៀន
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- សុខភាពពោះវៀនល្អ ផ្ដល់គុណប្រយោជន៍ច្រើនដល់រាងកាយ
ចំណុចសំខាន់
- ញុំាតែជីរអង្កាម
- ញុំាតែខ្ញី
- ញុំាម្សៅបេកឃីងសូដា
- ញុំាទឹកខ្មេះផ្លែប៉ោម
- ញុំាម្នាស់