ឈឺធ្មេញ គ្នាយើងភាគច្រើនប្រហែលធ្លាប់បានឆ្លងកាត់រួចមកហើយ គឺធ្វើឲ្យយើងពិបាកទ្រាំខ្លាំងណាស់ ពិសេសចង់ញ៉ាំអីក៏មិនបានស្រួលដូចចិត្ដនោះដែរ។ ការឈឺធ្មេញមានច្រើនមូលហេតុដូចជា ធ្មេញមានបញ្ហាបែក ស្រាំ ធ្មេញពុក ហើមអញ្ចាញ ធ្មេញសឹក ឬឈឺថ្គាមទាល់ជាដើម។
ការឈឺធ្មេញថ្វីដ្បិតវាមិនប៉ះពាល់សុខភាពយើងធ្ងន់ធ្ងរ ប៉ុន្ដែវាបង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយើងពិបាកទ្រាំ និង ពិបាកញ៉ាំអាហារទៀតផង។ ដូច្នេះហើយយើងគួរយល់ច្បាស់ពីប្រភេទអាហារដែលយើងអាចញ៉ាំបាន ស្រួលទំពារ និង ងាយរំលាយបានល្អ។ អាហារទាំងនោះមានដូចជាផ្លែប៉ោម ដំឡូងបារាំង ដំឡូងជ្វា យ៉ាអ៊ួ (មិនត្រជាក់) និង នំប៉័ងធ្វើពីស្រូវសាលី ពោលប្រភេទអាហារដែលទន់ៗ មិនដាក់សម្ពាធលើធ្មេញយើងអាចញ៉ាំបាន។ បន្ថែមពីនេះទៅទៀត យើងគួរតែច្នៃអាហារទាំងនោះជាចំណែក ឬដុំតូចៗ មុនពេលញ៉ាំគឺកាន់តែប្រសើរ។
ប្រភេទអាហារមិនគួរញ៉ាំពេលឈឺធ្មេញ
ក្នុងខណៈដែលយើងកំពុងឈឺធ្មេញ ឬកំពុងព្យាបាលធ្មេញ អាហារមួយចំនួន យើងគួរតែកាត់បន្ថយ ឬអាចកុំញ៉ាំសោះកាន់តែល្អ ដូចជា ពពួកអាហារត្រជាក់ពេក (អាហារកក) អាហារក្ដៅពេក ផ្លែឈើមានជាតិជូរខ្លាំង គ្រាប់ធញ្ញជាតិ អាហារហឹរ អាហារផ្អែមពេក អាហារមានជាតិកាត់ខ្ពស់ និងពពួកភេសជ្ជៈផ្អែមៗគ្រឿងកំប៉ុងតែម្ដង។ ការញ៉ាំអាហារមិនបានត្រឹមត្រូវល្អអាចបណ្ដាលអាការៈឈឺធ្មេញកាន់តែធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះការព្យាបាលកាន់តែយូរ។ ដូច្នេះការជ្រើសរើសអាហារញ៉ាំបានត្រឹមត្រូវ ក៏អាចជួយកាត់បន្ថយការឈឺចាប់ និងការព្យាបាលកាន់តែមានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
ពេលណាគួរទៅជួបគ្រូពេទ្យ?
ការឈឺធ្មេញខ្លះអាចកើតមានរយៈពេលខ្លី ឬឈឺតិចៗប៉ុណ្ណោះ បន្ទាប់ពីញ៉ាំអាហារណាដែលបណ្ដាលឲ្យប៉ះពាល់សរសៃខ្ចី ឬបណ្ដូលធ្មេញ ហើយក៏បាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើឈឺធ្មេញចាប់ពី ២ ទៅ ៣ម៉ោង មិនទាន់ស្រាកស្រាន្ដ នោះគឺត្រូវទៅជួបគ្រូពេទ្យហើយ ដើម្បីត្រួតពិនិត្យ និង ព្យាបាលឲ្យបានត្រឹមត្រូវ។
[embed-health-tool-heart-rate]