backup og meta

៥ ចំណុចសំខាន់ៗ ទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង!

៥ ចំណុចសំខាន់ៗ ទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង!

ដុំសាច់ក្នុងស្បូន (Fibroids) ភាគច្រើនកើតលើស្រ្តីក្នុងវ័យបន្តពូជ ដូច្នេះនៅពេលដឹង​ថាមានដុំសាច់ក្នុងស្បូន ស្រ្តី​តែងតែមានការបារម្ភថា ​ដុំសាច់​អាច​បង្កឱ្យ​មានបញ្ហា​សុខ​ភាព ឬផលវិបាកផ្សេងៗ ជាពិសេស​ប៉ះពាល់​ដល់ការមានកូន។ តើដុំសាច់ក្នុងស្បូនអាចបង្កផលវិបាកសុខភាពអ្វីខ្លះ ហើយអាច​ប៉ះ​ពាល់ដល់​ការ​មាន​កូនដែរឬទេ?

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូសបកស្រាយពីចង្ងល់ដែលស្រ្តីតែងតែមានការព្រួយបារម្ភពីដុំសាច់ក្នុងស្បូននេះ។​

១. ដុំក្នុងស្បូនអាចបង្កផលវិបាកសុខភាពអ្វីទេ?

ជាធម្មតាដុំសាច់ក្នុងស្បូនជាប្រភេទដុំស្លូត (៩៩%) ដែលមិនវិត្ត​ទៅជាសាច់កាចទេ ប៉ុន្តែ​អាច​ផ្តល់​ផល​ប៉ះពាល់ទៅតាមទំហំ ​និងទីតាំងរបស់ដុំសាច់។ នេះមានន័យថា ពេលខ្លះស្រ្តីអាចអត់មានរោគសញ្ញាអ្វីទាំងអស់​ តែស្រ្តីមួយចំនួនអាចចុកចង្កេះដោយសារទំហំរបស់ដុំសាច់ ពេលខ្លះក៏មករដូវច្រើន ធ្លាក់​ឈាម​ខុស​ប្រក្រតី ឬមករដូវមិនទៀងទាត់។ ស្រ្តីមួយចំនួនអាចស្លេកស្លាំង អស់កម្លាំង ឬល្ហិតល្ហៃជាដើម​ដោយសារ​ការធ្លាក់ឈាមរុំារ៉ៃ ឬមករដូវច្រើន។

២. ដុំសាច់ក្នុងស្បូនអាចប៉ះពាល់ដល់ការមានកូនដែរឬទេ?

ការមានដុំសាច់ក្នុងស្បូនមិនប៉ះពាល់​ដល់ការ​មាន​កូន​ទេ ហើយទោះ​បី​ជា​យើងមានផ្ទៃពោះ​ក៏​មិន​​ប៉ះ​ពាល់ដល់កូនក្នុងផ្ទៃដែរ បើយើង​មាន​ដុំ​តែនៅ​លើ​​សាច់​ដុំ​ស្បូន ហើយដុំសាច់​មិនដុះឈ្លាន​​ដល់​កណ្តាល​ភ្នាសរដូវ។

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានបច្ចេកទេស​គ្លីនិកនៅ​មន្ទីរ​សម្ភពរ៉ូស

៣. តើការវះកាត់យកដុំសាច់ក្នុងស្បូនចេញអាចប៉ះពាល់ដល់ការមានកូនដែរឬទេ?

បញ្ហា​នេះ​គឺ​អាស្រ័យលើទីតាំងរប​ស់ដុំសាច់​មុនពេលវះកាត់។ ការវះកាត់អាចប៉ះពាល់ដល់ការមានកូន បើទីតំាង​របស់​ដុំសាច់​នៅភ្នាសរដូវកណ្តាល។ មានន័យថា ជាធម្មតាដុំក្នុងស្បូនដុះនៅតែសាច់ដុំស្បូនទេ តែ​បើ​ដុំក្នុង​ស្បូនដុះឈ្លានដល់​ផ្នែកកណ្តាលភ្នាសរដូវ នៅពេលដែលយើង​វះ​យកដុំចេញ ភ្នាសរដូវអាច​មាន​ការ​ប៉ះពាល់ ហើយផ្ទៃកណ្តាលរបស់ស្បូនអាចត្រូវរំខាន ឬស្អិតចូលគ្នា​ដែលធ្វើឱ្យស្រ្តី​ពិបាកក្នុង​ការ​មាន​កូន ឬពេលមានកូនហើយអាចរលូតកូនទៅវិញ។

ផ្ទុយមកវិញ បើដុំនៅទីតាំងដែលមិនប៉ះពាល់ដល់ភ្នាស ឬស្រទាប់កណ្តាល​​នៃស្បូនទេ គឺមិន​ពាក់ព័ន្ធនឹងការមាន​កូនទេ ដោយសារស្បូនរបស់យើងមានផ្នែក​សំបក (ផ្នែកខាងក្រៅ) ដៃស្បូន សាច់ដុំស្បូន និងស្រទាប់កណ្តាល (ភ្នាសរដូវ) ហើយជាធម្មតា ពេលយើងមានផ្ទៃពោះ កូនរបស់យើងស្ថិតនៅភ្នាសរដូវកណ្តាល។

[embed-health-tool-ovulation]

៤. ដុំក្នុងស្បូនអាចធ្វើរោគវិនិច្ឆ័យតាមរបៀបណាខ្លះ?

យើងអាចដឹងថាមានដុំសាច់ក្នុងស្បូនតាមរយៈ៖

  • ការពិនិត្យអេកូតាមទ្វារមាស៖ អាចដឹងពីទំហំ និងទីតំាងដុំសាច់
  • ការធ្វើ MRI៖ ដោយសារពេលខ្លះការមើលអេកូអាចច្រឡំ ដូច្នេះយើងត្រូវធ្វើ MRI បន្ថែម​ដើម្បី​បញ្ជាក់​ថាពិតជាដុំក្នុងស្បូន

៥. ដុំសាច់ក្នុងស្បូនអាចការពារបានដែរឬទេ?

ជាទូទៅយើងមិនអាចការពារដុំសាច់ក្នុងស្បូនបានទេ តែយើងអាចកាត់បន្ថយហានិភ៏យ​ក្នុងការ​មាន​ដុំសាច់ក្នុងស្បូនដោយ៖

  • រក្សាទម្ងន់​កុំឱ្យឡើងខ្លាំង៖ ដោយសារការធាត់ជាកត្តាជំរុញឱ្យមានការវិរត្តដុំសាច់កាន់តែលឿន និង​មានការហូរឈាមកាន់តែខ្លាំង
  • ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា៖ យើងគួរចៀសវាងទិញថ្នាំញុំាផ្តេសផ្តាស​ដែលពេលខ្លះអាចប៉ះ​ថ្នាំ​ដែល​មាន​ផ្ទុកអ័រម៉ូនអ៊ឹស្រ្តូសែនដែលជំរុញដល់ការរវិវឌ្ឍដុំសាច់ក្នុងស្បូន

បើដុំសាច់ក្នុងស្បូនមិនមានធ្វើទុក្ខទេ យើងមិនចាំបាច់ធ្វើការព្យាបាលទេ ចៀសវាងទទួល​ការវះ​កាត់​ខុស ឬចំណាយលុយទិញថ្នាំញុំាខុសដែលអាច​បណ្តាលឱ្យខូចក្រពះ។ អ្វីដែលសំខាន់​យើងត្រូវ​ពិនិត្យ​អេកូ​ដើម្បីតាម​ដានការវិវឌ្ឈរបស់ដុំជាប្រចាំតាមការណាត់របស់គ្រូពេទ្យ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– ដុំសាច់ក្នុងស្បូន​អាច​ផ្តល់​ផល​ប៉ះពាល់ទៅតាមទំហំ ​និងទីតាំងរបស់ដុំ តែស្រ្តីមួយចំនួនអាចអាច​អត់មាន​រោគសញ្ញាអ្វីទេ។
– ការមានដុំសាច់ក្នុងស្បូនអត់ប៉ះពាល់​ដល់ការ​មាន​កូន​ទេ បើយើង​មាន​ដុំ​តែនៅ​លើ​​សាច់​ដុំ​ស្បូន។
– ដុំក្នុងស្បូនអាចធ្វើរោគវិនិច្ឆ័យតាមរយៈ៖
  • ការពិនិត្យអេកូតាមទ្វារមាស
  • ការធ្វើ MRI
– យើងអាចកាត់បន្ថយហានិភ៏យ​ក្នុងការ​មាន​ដុំសាច់ក្នុងស្បូនដោយ៖
  • រក្សាគីឡូកុំឱ្យឡើងទម្ងន់ខ្លាំង
  • ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Uterine Fibroids
https://my.clevelandclinic.org/health/diseases/9130-uterine-fibroids

UTERINE FIBROIDS
https://www.nafc.org/uterine-fibroids

Uterine fibroids
https://www.mayoclinic.org/diseases-conditions/uterine-fibroids/symptoms-causes/syc-20354288

Uterine Fibroids
https://www.acog.org/womens-health/faqs/uterine-fibroids

កំណែ​ប្រែបច្ចុប្បន្ន

15/03/2024

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ស្ត្រីគួរប្រយ័ត្ន! ក្រុមអ្នកងាយប្រឈមនឹង​ជំងឺដុំសាច់ក្នុងស្បូន

ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?


ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា

សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 15

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម