backup og meta

កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 07, 2023

    កូនឧស្សាហ៍រលាកបំពង់កជួបបញ្ហាអ្វីខ្លះ ក្រោយជាសះស្បើយ?

    ជំងឺ​រលាក​បំពង់ក ជា​កង្វល់​ធំ​របស់​ម៉ាក់ប៉ា​គ្រប់ ព្រោះ​វា​បណ្ដាល​ឲ្យ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង។ អាណាព្យាបាល​ជាច្រើន​មាន​ចម្ងល់ថា ​រលាក​បំពង់ក​នេះ​បណ្ដាល​មកពី​អ្វី? ការ​រលាក​បំពង់ក​ញឹកញាប់​បែប​នេះ​មាន​គ្រោះថ្នាក់​ដែរ​ឬ​ទេ? ព្រោះ​មាន​ទារក និង​កុមារ​ខ្លះ​រលាក​បំពង់ក​ញឹកញាប់​រហូត ២ ឬ ៣ដង/​ខែ ​ក៏​មាន។

    លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា អាការៈ​រលាក​បំពង់ក​ជា​រោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ជាច្រើន​នៃ​ជំងឺ​ផ្ដាសាយ​ដែល​តែងតែ​ធ្វើឲ្យ​កុមារ​មាន​កម្ដៅ​ឡើង​ខ្លាំង​ពី ៣៨-៤០អង្សាសេ តឹង​ច្រមុះ ហៀរ​សម្បោរ ឈឺបំពង់ក និង​ឆ្អឹងឆ្អែង​ជាដើម។

    ១- រោគសញ្ញា​រលាក​បំពង់ក

    អាការៈ​រលាក​បំពង់ក កុមារ​ច្រើន​ពិបាក​ក្នុង​ការ​បៅ ឬ​ញ៉ាំ​បរិភោគ​អាហារ​ហើយ​កម្ដៅ​ក្នុង​ខ្លួន​ឡើង​ខ្លាំង​ពី ៣៨-៤០អង្សាសេ ជាហេតុ​ធ្វើឲ្យ​កុមារ​ឡេះឡះ ហើយ​អាច​បណ្ដាល​ឲ្យ​កុមារ​ប្រកាច់​ផង​ក៏​មាន។ នៅ​ពេល​ពិនិត្យ​ដោយ​ការ​បើក​បំពង់ក​ឃើញ​មាន​ពណ៌​ក្រហម​ខុស​ពី​ធម្មតា​ដែល​ជា​សញ្ញា​នៃ​ការ​លាក ជាង​នេះ​ទៅ​ទៀត​កុមារ​អាច​មាន​រោគសញ្ញា​បន្ទាប់បន្សំ​មួយ​ចំនួន ដូចជា​អាការៈឈឺក្បាល ធុំ​អាហារ ក្អួត អស់​កម្លាំង​ជាដើម ពេល​ខ្លះ​អាច​ទៅ​ជា​រាករូស​ផង​ក៏​មាន។

    ២- មូលហេតុ​រលាក​បំពង់ក

    រលាក​បំពង់​ក​អាច​បណ្ដាល​មកពី​វីរុស ពពួក​បាក់តេរី និង​ពពួក​ផ្សិត​ដែល​រីក​រាល​ដាល​ដោយ​កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ រួម​មាន​ការ​ញ៉ាំអាហារ​មិន​មាន​អនាម័យ កង្វះ​អាហារូបត្ថម្ភ កុមារ​លេង​ដី​ធ្វើឲ្យ​មេរោគ​ងាយ​ជ្រៀត​ចូល​តាមរយៈ​ដៃជើង និង​សម្លៀកបំពាក់​ជាដើម។

    ៣- វិធី​ព្យាបាល​អាការៈ​រលាក​បំពង់ក

    ដើម្បី​ព្យាបាល​ការ​រលាក​បំពង់ក ម៉ាក់ប៉ា​ត្រូវ​ព្យាបាល​ជំងឺ​ផ្ដាសាយ​ជា​មុន​សិន។ ចំពោះ​ការ​ព្យាបាល​អាការៈ​រលាក​បំពង់ក ឬ​ក៏​ផ្ដាសាយ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ ដើម្បី​ទប់ទល់​កុំ​ឲ្យ​កុមារ​ប្រកាច់​។ ម៉ាក់ប៉ា​មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស​ដោយ​ខ្លួនឯង​ឡើយ ថ្នាំ​ដែល​សម​ស្រប​បំផុត គឺ​ប្រភេទ​ប៉ារ៉ាសេតាម៉ុល​ដោយ​ប្រើ​ទៅ​តាម​កម្រិត​អាយុ និង​ទម្ងន់​របស់​កុមារ ព្រោះ​ថា បើ​ប្រើ​ហួស​កម្រិត​ធ្វើឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ថ្លើម។ ជាង​នេះ​ទៅ​ទៀត ម៉ាក់ប៉ា​ត្រូវ​យក​កន្សែង ឬ​ក្រមា​ជ្រលក់​ទឹក​ធម្មតា មក​ជូត ឬ​ដណ្ដប់​លើ​រាងកាយ​កុមារ ដើម្បី​បន្ថយ​កម្ដៅ​បាន​ខ្លះ។

    ចំណែក​ផល​ប៉ះពាល់​នៃ​ការ​រលាក​បំពង់ក អាច​ធ្វើឲ្យ​កុមារ​ជួប​ប្រទះ នឹង​បញ្ហា​មួយ​ចំនួន​ក្រោយ​ពេល​ជា ដូចជា​អាច​ធ្វើឲ្យ​កុមារ​មិន​ស្រួល​ខ្លួន ក្ដៅខ្លួន រមាស់​នៅ​ត្រង់​បរិវេណ​ក ពិបាក​ក្នុង​ការ​បៅ និង​ទទួល​ទាន​អាហារ​ជា​ហេតុ​នាំឲ្យ​កុមារ​ប្រឈម​មុខ​ចំពោះ​ការ​ចុះ​ស្គម និង​កង្វះ​អាហារូបត្ថម្ភ។ អាការៈ​ទាំងនេះ​អាច​នឹង​ធូរស្រាល បន្ទាប់ពី​កុមារ​បាន​ជា​សះស្បើយ​ត្រឹមត្រូវ។

    ថែទាំកូន

    វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ត​ទៀត អាការៈ​រលាក​បំពង់ក អាច​កើត​ឡើង​សារ​ជា​ថ្មី ប្រសិនបើ​ការ​ព្យាបាល​មិន​ទាន់​បាន​ជា​សះស្បើយ​ត្រឹមត្រូវ។ លោក​បន្ថែម​ថា នៅ​ពេល​អការៈជំងឺទារក ឬ​កុមារ​ថយ​ចុះ ម៉ាក់ប៉ាតែងតែ​បញ្ឈប់​ការ​ផ្ដល់​ថ្នាំ​ភ្លាម នេះ​ជា​ការ​ខុសឆ្គង ព្រោះ​តាម​ពិត​ទៅ​នៅ​រយៈ​ពេល​ពីរ ឬ​បី​ថ្ងៃ​ដំបូង មេរោគ​គ្រាន់តែ​សម្ងំ​មិនទាន់​ងាប់​នៅ​ឡើយ​ទេ ទាល់តែ​ប្រើ​ថ្នាំ​គ្រប់​ចំនួន​ទៅ​តាម​វេជ្ជបញ្ជា ទើប​មេរោគ​ត្រូវ​បាន​សម្លាប់​ទាំង​ស្រុង។

    រីឯវិធី​ការពារ​រលាក​បំពង់កវិញ គឺ​ម៉ាក់ប៉ា​ត្រូវ​ការពារ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​ផង​ដែរ។ នៅ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់ យើង​ត្រូវ​ចាំបាច់​ស្លៀកពាក់​ឲ្យ​កុមារ​ឲ្យ​បាន​ជិត​រាងកាយ​ដោយ​ពាក់​អាវ​ដៃ​វែង។ បើ​អាច​គួរតែ​មាន​មួក ឬ​ស្រោម​ដៃ​ស្រោម​ជើង នោះ​រឹតតែ​ប្រសើរ និងគ្រប​ដណ្ដប់​រាងកាយ​ធ្វើ​យ៉ាងណា​ឲ្យ​រាងកាយ​បាន​កក់​ក្ដៅ​កុំ​ឲ្យ​ខ្លួន​ទទេ។ សូម​ព្យាយាម ធ្វើ​អនាម័យ​ដល់​កូន​ឲ្យ​បាន​ត្រឹមត្រូវ និង​ទៀងទាត់​កុំ​ដាក់​ឲ្យ​កូន​លេង​ដី​ផ្ទាល់ និង​ផ្ដល់​ចំណី​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់។ សូម​ចៀសវាងប្រភេទ​ចំណី​អាហារ​ដែល​ត្រជាក់ ក្លាស្សេ ឬ​អាហារ​ផ្អាប់ និង​កុំ​ឲ្យកូនផឹកទឹកកក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម