អ្នកនាង ខៀវ សុភី បានឲ្យយោបល់ថា អាហារដែលសម្បូរជាតិខ្លាញ់កុំញ៉ាំឲ្យសោះ តែបើឃ្លានខ្លាំងអាចញ៉ាំម្ដងម្កាលក៏មិនអីដែរ។ អ្នកម៉ាក់កូន ២ រូបនេះចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ពេលពពោះកូនម្ដងៗ ញ៉ាំតែអាហារប្រចាំថ្ងៃ ៣ ពេលប៉ុណ្ណោះ ហើយជាប្រភេទអាហារគ្មានជាតិខ្លាញ់ ព្រោះវានាំឲ្យធាត់ ក្រៅពីនោះចំណីចំណុកដទៃក៏មិនញ៉ាំផ្ដេសផ្ដាសដែរ ព្រោះវាមិនល្អចំពោះសុខភាព ញ៉ាំតែផ្លែឈើ ទឹកដោះគោប៉ុណ្ណោះ។
៣- រាងកាយមានចលនា
សម្រាប់ សា ម៉ូនីតា បានឲ្យដឹងថា កាលពេលពពោះកូនដំបូង ចាស់ៗឲ្យញ៉ាំរួចគេង មិនហ៊ានធ្វើអ្វីទាំងអស់ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ នៅពេលរាងកាយគ្មានចលនាអ្វីទាំងអស់ បែរជាឡើងទម្ងន់ខ្លាំងរហូតដល់ពិបាកកើតកូនទៀត តែពេលចូលដល់កូនទី ២ អ្នកម៉ាក់វ័យក្មេងបានស្វែងរកអ្នកជំនាញយូហ្កាផ្នែកថែទាំអ្នកមានផ្ទៃពោះ។ ក្រោយបានចូលវគ្គហ្វឹកហាត់ ៣ ខែធ្វើឲ្យអ្នកនាងយល់ថារាងកាយមិនស្ពឹកស្រពន់ សាច់ហាប់ណែន មិនធាត់សោះឡើយ ហើយថែមទាំងរហ័សរហួនជាងមុនឆ្ងាយថែមទៀតផង និងក្រៅពីនោះការធ្វើដំណើរក៏មិនបានពឹងផ្អែកលើយានជំនិះអ្វីច្រើនឡើយ ពោលពេលទៅណាជិតៗគឺអាចដើរទៅខ្លួនឯង ដោយមិនមានអាការៈហត់ដូចអ្នកមានផ្ទៃពោះដទៃទៀតដែរ។ អ្នករស់នៅក្រុងតាខ្មៅរូបនេះបន្តទៀតថា ពេលទៅជួបពេទ្យ ក៏ត្រូវបានណែនាំបែបនេះដែរ ហើយថាបើគ្មានថ្នាក់ហាត់យូហ្កា យើងក៏អាចហាត់ប្រាណតិចៗខ្លួនឯងដូចជាឧស្សាហ៍ដើរ និងធ្វើការងារផ្ទះជាប្រចាំ ដើម្បីឲ្យសរសៃសសូងយឺតមានចលនា ទើបខ្លាញ់មិនកក។