backup og meta

អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Feb 13, 2023

អូនៗ​កើត​មិន​គ្រប់​ខែ ត្រូវ​​ថែ​ទាំ​ពិសេស​បែប​ណា?

ពោះ​មិនទាន់​គ្រប់ខែ​ផង ស្រាប់តែ​បេប៊ី​ប្រញាប់​ចេញ​មក​ក្រៅ ករណី​នេះគេ​ហៅថា កូន​មិន​គ្រប់ខែ។ ប៉ាម៉ាក់ ជាពិសេស​ម៉ាក់ៗ ប្រាកដ​ជា​សោកសៅ ក្តុកក្តួល អាណិត​អូនៗ​ខ្លាំង​មិន​ខាន ពេលខ្លះ​អាច​គិត​ថា សុខចិត្ត​ពិបាក​ជំនួសអូនៗ បើ​អាច។

ម៉ាក់ប៉ា ត្រូវ​ដឹង​ថា កូន​កើត​មិន​​គ្រប់ខែ​មិន​មាន​ន័យថា អូនៗ​មិន​អាច​ធំ​លូតលាស់​ដូច​បេប៊ី​ដទៃ​ទៀត​ឯណា គ្រាន់តែ​ថា​អ្វី​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង អូនៗ​មិន​គ្រប់ខែ​ត្រូវ​ការ​ការថែទាំ​ពិសេស ដូចអ្វី “Hello គ្រូពេទ្យ” រៀបរាប់​ខាង​ក្រោម​នេះ៖

១- កើតមិនគ្រប់ខែត្រូវថែទាំនៅកន្លែងសង្គ្រោះបេប៊ី

អូនៗ​កើត​មិន​គ្រប់ខែ មាន​ន័យថា មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​មក​មើល​ភព​ផែនដី​នៅ​ឡើយ។ រាងកាយអូនៗ​មិន​ទាន់​​លូតលាស់​សរីរាង្គ​ពេញលេញ​នៅ​ឡើយ ផ្នែកខ្លះ​ក្នុង​ចំណោម​សរីរាង្គ​សំខាន់ៗ មិនទាន់​អភិវឌ្ឍ​ពេញលេញ​ដូចជា សួត ស្បែក និង​សរីរាង្គ​រំលាយ​អាហារ ក៏ដូច​ជា​ប្រព័ន្ធ​ភាពស៊ាំ។

សម័យ​មុន អូនៗ​កើត​មិន​គ្រប់​ខែ មាន​ឱកាស​តិចតួច​អាច​រស់រាន​មាន​ជីវិត ប៉ុន្តែ​ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​សម័យ​នេះ​កាន់តែ​ទំនើប មាន​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​ច្រើន ផ្តល់​ឲ្យ​បេប៊ី​អាច​មាន​ជីវិត​ប្រកប​ដោយ​សុខភាព​ល្អ ក្រោមការ​ថែទាំ​ពិសេស អាចមាន​រយៈពេល​រាប់សិប​ថ្ងៃ សប្តាហ៍ ឬខែ។

២- កន្លែងណាខ្លះមានការថែទាំពិសេស

NICU (Naonatal Intensive Care Unit) ជាផ្នែកប្រពោធនកម្ម (កន្លែង​សង្គ្រោះ​បេប៊ី) សម្រាប់​បេប៊ី​ទើប​កើត​ថ្មី និង​មិន​គ្រប់​ខែ ទទួល​បាន​ការ​ថែទាំ​ចាំបាច់។ ផ្នែក NICU ផ្តល់​ឲ្យ​បេប៊ី​មិន​គ្រប់ខែ​ទទួល​បាន​បរិយាកាស​អស្ចារ្យ​​បំផុត។ ទីនោះ​មាន​បុគ្គលិក​យកចិត្ត​ទុក​ដាក់​ប្រព័ន្ធ​ពិសេស បរិក្ខារ​វេជ្ជសាស្ត្រ​ទាន់​សម័យ គ្រូពេទ្យ​ឯកទេស​ប្រចាំការ ២៤/៧ សេវាកម្ម​ល្អ​បំផុត​សម្រាប់​បេប៊ី។

៣- សម្ភារៈបិរក្ខារខ្លះចាំបាច់

– ប្រព័ន្ធត្រួតពិនិត្យតាមដាន និងផ្តល់សញ្ញាអាសន្ន៖ ឧបករណ៍​ទាំង​នេះ ប្រើប្រាស់​ដើម្បី​ត្រួត​ពិនិត្យ​តាមដាន​សន្ទស្សន៍ សញ្ញា​ជីវិត​បេប៊ី ដូចជា ចង្វាក់​បេះដូង សីតុណ្ហភាព​រាងកាយ សម្ពាធ​ឈាម ចង្វាក់​ដង្ហើម និង​អុកស៊ីសែន​ក្នុងឈាម ដោយ​បង្ហាញ​លើ​អេក្រង់ ដូចជា​ទូរទស្សន៍​ទទួល​ព័ត៌មាន​ពី​ខ្សែ​ភ្លើង​​តភ្ជាប់​​បន្ទះ​​ស្អិត​​បិទ​លើ​រាងកាយ​បេប៊ី។ បើមាន​ភាព​មិន​ប្រក្រតី ឧបករណ៍​បន្លឺ​សំឡេង ផ្តល់​សញ្ញា​អាសន្ន​ទៅ​គ្រូពេទ្យ និង​គិលានុប្បដ្ឋាក​ភ្លាមៗ។

– ឧបករណ៍ជំនួយដង្ហើម៖ មាន​វិធីសាស្រ្ត​ច្រើន​ជំនួយការ​ដក​ដង្ហើមខុសៗគ្នា អាស្រ័យ​លើ​តម្រូវការ​បេប៊ី ប៉ុន្តែ​វិធីសាស្ត្រ​ទាំងអស់​មាន​គោលដៅ​តែ​មួយ​គត់ ដើម្បី​ជួយអូនៗ​ដក​​ដង្ហើម​ត្រឹម​ត្រូវ។ វិធីសាស្ត្រ​ទាំងនោះ​អាច​មាន បំពង់​ស៊ក​តាម​​មាត់​ចូល​ក្នុង​បំពង់​ខ្យល់ ម៉ាស៊ីន​សប់​ដង្ហើម (C-PAP) ឬ​ឃ្លុបឃ្លុំ​គ្រប​សម្រាប់​ផ្តល់​អុកស៊ីសែន​ជា​ដើម។

– វិធីសាស្ត្រផ្តល់អាហារ៖ បរិក្ខារ​នេះ​ដើម្បី​ផ្តល់​ឲ្យ​អូនៗ​ទទួល​បាន​អាហារូបត្ថម្ភ មាន​ខ្សែ​បំពង់​បញ្ចូល​ទៅ​ក្នុង​សរសៃ​វ៉ែន បំពង់​ស៊ក​បញ្ចូល​ក្នុង​រន្ធ​ផ្ចិត ខ្សែ​បំពង់​សម្រាប់​ផ្តល់​អាហារ​ស៊ក​តាម​មាត់ តាម​ច្រមុះ និង​ខ្សែ​បំពង់​បញ្ចូល​តាម​សរសៃ​វ៉ែនធំ​កណ្តាល។

– សម្ភារៈបរិក្ខារដទៃទៀត៖ មាន​កែវ​ក្រុង​បេប៊ី ដើម្បី​រក្សា​សីតុណ្ហភាព​សមស្រប បង្ការ​មេរោគ សំឡេង​រំខាន ក៏​ដូចជា​អំពូល​បញ្ចាំង​ភ្លើង​ប៊ីលី (Bili) ដើម្បី​ជួយ​បង្ការ​បញ្ហា​ស្បែក​លឿង និង​ភ្នែកលឿង។

អត្ថបទគួរអាន៖

  • ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
  • កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
  • ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
  • ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
  • មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
  • បើ​មិន​ចង់​ឲ្យ​​ក្លាយ​ជា​ក្មេង​ទម្រើស សាក​ប៉ុន្មាន​របៀប​នេះ
  • ៤- អ្វីគួរធ្វើពេលបេប៊ីនៅក្នុង (NICU)

    – ព្យាយាម​ភ្ជាប់​ទំនាក់​ទំនង​ជាមួយអូនៗ​ឲ្យ​បាន​ច្រើន​តាម​អាច​ធ្វើ​ទៅ​បាន យក​ល្អ​ប៉ះពាល់​ថ្នមៗ។

    – និយាយ អាន ឬ​ច្រៀង​ឲ្យអូនៗ​ស្តាប់ ព្យាយាម​ប្រាស្រ័យ​ទាក់ទង​ជាមួយអូនៗ ជួយ​អូនៗឲ្យ​កាន់តែ​មាន​ផាសុកភាព ពេល​ឮ​សំឡេងម៉ាក់ប៉ា។

    – ប្តូរកន្ទប​លាមក ទឹកនោម។

    – ពេល​ពេទ្យ​ងូត​ទឹក​អូនៗ​លើក​ដំបូង​ត្រូវ​តែមាន​ប៉ាម៉ាក់​នៅទីនោះ​ដែរ ព្រោះ​រៀន​សូត្រ​ជំនាញ​មាន​ប្រយោជន៍ អាច​ជួយ​យើង​បាន​នៅ​ពេល​ក្រោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Feb 13, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម