ម៉ាក់ៗពេលឃើញកូនទើបកើតមានស្នាមខៀវៗនៅស្បែកប្រាកដជាមានការព្រួយបារម្ភខ្លះៗ ព្រោះខ្លាចជាប់រហូតពេញមួយជីវិត។ ចំពោះបញ្ហាស្នាមខៀវស្រាល ឬខៀវក្រមៅលើស្បែកទារកនេះ លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានឲ្យដឹងថា វាមិនមែនជារឿងធំដុំគួរឲ្យគិតឡើយ។
គ្រូពេទ្យឯកទេសកុមារនៅមន្ទីរពេទ្យកុមារជាតិរូបនេះបានបន្តទៀតថា ស្នាមខៀវនេះហៅថា Mongolian spot គឺជារឿងធម្មតានៃការបម្រែបម្រួលពណ៌ស្បែក ដែលមានតាំងពីកំណើតរបស់ទារក ឬមួយរយៈក្រោយកើតរួច ហើយវានឹងបាត់ទៅវិញនៅពេលកូនមានអាយុ ៤-៥ ឆ្នាំ។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
![ស្នាមខៀវHello_គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/08/shutterstock_1149120779.jpg)
ក្នុងករណីនេះលោកវេជ្ជបណ្ឌិត ប៉ែន កក្កដា បានបញ្ជាក់ថា កើតឡើងដោយសារបម្រែបម្រួលអ័រម៉ូន ព្រោះកោសិកាដែលផលិតជាតិពណ៌លើស្បែក Melanocyte វាបានបង្កើតជាតិពណ៌ច្រើនលើសកម្រិត រីឯមូលហេតុធ្វើឲ្យបង្កើតខុសប្រក្រតីបែបនោះ អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញនៅឡើយទេ។ ចំណែកឯទីតាំងដែលស្នាមខៀវឧស្សាហ៍ឃើញកើតមានជាងគេ ជើង គូទ ខ្នង ហើយមានមួយចំនួនតូចនៅលើមុខដែរ។
ចំពោះផលប៉ះពាល់ចំពោះទារកវិញ ម្ចាស់បន្ទប់ពិគ្រោះជំងឺកុមារខាងលើបានបន្ថែមទៀតថា មិនមានអ្វីដែលអាក្រក់ចំពោះសុខភាពរាងកាយ ឬស្នាមនោះធ្វើឲ្យមានការឈឺចាប់ឡើយ គ្រាន់តែវាប៉ះពាល់ដល់ផ្នែកសម្រស់តែប៉ុណ្ណោះ បើមាននៅលើមុខ។
បើគិតរកថ្នាំដើម្បីលាបបំបាត់ក៏គ្មានដែរ ព្រោះដល់ពេលវានឹងរលុបដោយឯងៗ ហើយភាគច្រើនក្រោមអាយុ ១០ ឆ្នាំ ហើយមួយវិញទៀតស្នាមខៀវនេះ វាខុសពីស្នាមដៅខ្មៅៗ ឬក្រហម។