ម៉ាក់ៗថ្មីថ្មោងដែលបំបៅកូនដោយទឹកដោះទំនងជានៅឆ្ងល់ច្រើនថាគួរឲ្យកូនទើបកើតបៅប៉ុន្មានដងក្នុងមួយថ្ងៃ ឬបៅម្ដងៗក្នុងកម្រិតណាទើបឆ្អែតជាដើម។ ការបំបៅដោះកូនមិនមានគោលការណ៍កំណត់ជាក់លាក់នោះទេ គឺអាស្រ័យលើកូនរបស់យើងម្នាក់ៗ។
១. កូនទើបកើតបានពីរបីថ្ងៃ
កូនយើងទើបកើតបានពីរបីថ្ងៃដំបូង ពោះនៅតូច មិនទាន់ឃ្លានខ្លាំងប៉ុន្មានទេ ដោយថាបៅដោះម៉ាក់ៗម្ដងប្រហែលជាត្រូវការបរិមាណទឹកដោះ៣០មិល្លីលីត្រ។ កូនក្នុងវ័យនេះ អាចថាត្រូវបំបៅដោះប្រហែល១ម៉ោង ទៅបីម៉ោងម្ដង។
២. កូនចូលវ័យអាទិត្យ ឬខែដំបូងៗ
ពេលកូនមានអាយុដល់អាទិត្យ ឬខែដំបូងៗហើយ ពោះអូនៗក៏កាន់តែធំជាមុនដែរ ឯបរិមាណទឹកដោះដែលកូនត្រូវការនឹងកើនឡើងនៅពេលអូនៗបានអាយុចាប់ពីមួយសប្ដាហ៍ឡើងទៅ ដែលអាចត្រូវការពី៦០ទៅ៩០មិល្លីលីត្រពេលបៅម្ដងៗ។
នៅពេលកូនយើងឈានចូលវ័យ៤ទៅ៦ សប្ដាហ៍ កូនអាចឃា្លនរាល់ពីរទៅបួនម៉ោងម្ដង ឬអាចថាក្នុងរយៈពេល២៤ម៉ោងអូនៗត្រូវការបៅពីប្រាំបី ទៅ១២ដង។ បើនិយាយពីម៉ោងគេងវិញ អាចថាគេងម្ដងពីបួនទៅប្រាំម៉ោង។
[embed-health-tool-baby-poop-tool]
៣. អាយុ៦ទៅ១២ខែ
មកដល់អាយុនេះចំនួនដងនៃការបំបៅដោះប្រចាំថ្ងៃនឹងប្រែប្រួលច្រើន ព្រោះថាអូនៗអាចញ៉ាំអាហារបន្ថែមផ្សេងៗបានហើយ។ ដូចនេះម៉ាក់ៗអាចបំបៅដោះនៅពេលណាយើងមើលឃើញថាកូនឃ្លាន។ បើម៉ាក់ៗសង្កេតឃើញថាក្នុងវ័យនេះអូនៗលែងសូវចង់បៅដោះ ព្រោះបានញ៉ាំអាហារបន្ថែម ម៉ាក់ៗគួរទម្លាប់ឲ្យកូនបៅដោះមុនសិន ចាំឲ្យញ៉ាំអាហារបន្ថែមតាមក្រោយ។ ម៉ាក់ៗត្រូវដឹងថា ទឹកដោះម្ដាយជាប្រភពសារធាតុចិញ្ចឹមសំខាន់បំផុតដែលអូនៗក្នុងវ័យនេះត្រូវការ ទោះបីជាយើងបានផ្ដល់អាហារបន្ថែមខ្លះៗហើយក៏ដោយ។
៤. វ័យ១២ទៅ២៤ខែ
មកដល់វិញនេះ ចំនួនដងនៃការបំបៅដោះអូនៗអាចមានការប្រែប្រួលច្រើន ដោយថាក្មេងខ្លះបៅតែមុនចូលគេង ឬពេលព្រឹក ព្រោះថាអូនៗបានញ៉ាំអាហារផ្សេងៗទៀតច្រើនហើយ។ យ៉ាងណា ម៉ាក់ៗនៅតែត្រូវសម្គាល់មើលដដែលថា គួរបំបៅដោះកូននៅពេលណាកូនឃ្លាន មិនមែនត្រូវដល់ពេលនេះ ឬពេលនោះចាំបំបៅដោះនោះទេ។
ជាទូទៅគ្មានការកំណត់ដាច់ណាត់ថាកូនត្រូវបៅដោះប៉ុន្មានដងក្នុងមួយថ្ងៃជាក់លាក់នោះទេ ពោលគឺម៉ាក់ៗត្រូវចេះមើលពីសញ្ញាកូនឃ្លាន ហើយបំបៅដោះកូន។ បើម៉ាក់ៗនៅមានការសង្ស័យត្រូវសាកសួរគ្រូពេទ្យជំនាញ អំពីការបំបៅដោះកូននេះឲ្យបានច្បាស់លាស់។
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុងមានបញ្ហាប្រព័ន្ធរំលាយអាហារហើយ
- សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង?
- អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?