ធ្វើម៉េចឲ្យប្រព័ន្ធរំលាយអាហារក្មេងដំណើរបានល្អ មិនសូវឈឺនោះ? លោកវេជ្ជបណ្ឌិតឆ្លើយថា ចំពោះក្មេងអាយុ ៣ឆ្នាំឡើង ម៉ាក់ប៉ាត្រូវគិតលើរបបអាហារជាសំខាន់ ដែលក្នុងនោះអាហារដែលមានជាតិកាកសរសៃច្រើន ដូចជាបន្លែផ្លែឈើ ល្អខ្លាំងចំពោះសុខភាពក្រពះពោះវៀនកូន និងត្រូវឲ្យកូនញ៉ាំទឹកឲ្យបានច្រើន។ ដោយឡែកកូនដែលនៅញ៉ាំម្សៅទឹកដោះគោ ម៉ាក់ប៉ាគួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាកាកសរសៃ។ដោយឡែករបបអាហារដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាល និងប្រព័ន្ធប្រសាទវិញ លោកវេជ្ជបណ្ឌិតណែនាំឲ្យផ្តល់អាហារណាដែលសម្បូរអាស៊ីដខ្លាញ់ Omega-3 ដែលជាប្រភពផ្តល់នូវ DHA។
ក្រៅរបបអាហារ លោកវេជ្ជបណ្ឌិតថា ម៉ាក់ប៉ាគួរចៀសវាងឲ្យកូនមើលទូរទស្សន៍ ឬទូរសព្ទច្រើន ត្រូវបង្កើនភាពស្និទ្ធស្នាលជាមួយកូន ឲ្យកូនធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពផ្សេងៗទៅតាមវ័យរបស់ពួកគេ ដូចជាប្រើឧបករណ៍ផ្គុំរូបភាពដើម្បីបង្កើតហ្គេមសប្បាយៗនៅផ្ទះ បង្រៀនកូន និងជួយពួកគេឲ្យរៀនពីពណ៌ សណ្ឋាន និងលេខផ្សេងៗ ឬណែនាំកូនពីការអានសៀវភៅ ដោយចាប់ផ្ដើមជាមួយនឹងសៀវភៅដែលមានរូបភាព ព្រមទាំងនិទានរឿងឲ្យពួកគេស្ដាប់។