ម៉ាក់ប៉ាណាក៏ដូចគ្នាដែរ ឲ្យតែឃើញកូនៗញ៉ាំច្រើន សប្បាយចិត្តណាស់ ព្រោះគិតថាកូននឹងមានសុខភាពល្អ តែបើបណ្តោយឲ្យញ៉ាំខ្លាំងពេក អាចបណ្តាលឲ្យកូនលើសទម្ងន់ទាំងមិនដឹងខ្លួន។ ក្មេងៗលើសទម្ងន់ភាគច្រើន អាចប្រឈមនឹងការកើតជំងឺកាចសាហាវមួយចំនួនដូចមនុស្សចាស់ដែរ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ក្មេងដែលលើសទម្ងន់មានភាគរយខ្ពស់ក្នុងការកើតជំងឺកាចៗច្រើន ជាងក្មេងធម្មតា ហើយជំងឺទាំងនោះមានដូចជា៖
– ទឹកនោមផ្អែម ប្រភេទទី២
– មានបញ្ហាដកដង្ហើម (ដូចជា ជំងឺហឺត)
– លើសជាតិខ្លាញ់
– ជំងឺបេះដូង
– ជំងឺស្បែកមួយចំនួន
– មានក្រួសក្នុងប្រម៉ាត់
– អាស៊ីដក្នុងក្រពះកើនឡើង និងបញ្ហាក្រពះពោះវៀនផ្សេងៗ។
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងដែរថា បញ្ហាក្មេងៗលើសទម្ងន់នេះ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយនៅក្នុងសតវត្សរ៍ទី២១នេះ វាអាចបណ្តាលឲ្យក្មេងវិវត្តការលើសទម្ងន់នេះរហូតដល់ពេញវ័យ ដូចនេះម៉ាក់ប៉ាគួរមើលពីអ្វីៗដែលកូនញ៉ាំ និងថែទាំសុខភាពកូនឲ្យបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕