១- លេងដីភក់អាចធ្វើឲ្យក្មេងសប្បាយចិត្ត
ការសិក្សាជាច្រើនអាចបង្ហាញថា រឿងមួយចំនួនដែលក្មេងៗចូលចិត្តលេង ចូលចិត្តធ្វើ គឺពួកគេស្គាល់ ដឹងឮ តាមរយៈសុភាវគតិ មានន័យថា ជាធម្មជាតិរបស់ក្មេង ពិសេសភាពសប្បាយរីករាយនៅពេលបានលេងដី (ដីភក់)។ ផ្អែកលើការសិក្សាថ្មីៗនេះបង្ហាញថា ភាពកខ្វក់ក្នុងដី មានផ្ទុកពពួកបាក់តេរីតូចៗ ដែលគេហៅថា Mycobacterium Vaccae ដែលមានសមត្ថភាពអាចរំញោចប្រព័ន្ធភាពស៊ាំ បង្កើនកម្រិតអ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងខួរក្បាល ដែលជាផ្នែកមួយនៃអ័រម៉ូនអង់ឌូហ្វីន (Endorphin) អាចជួយបន្ធូរអារម្មណ៍ រំងាប់អារម្មណ៍ និងជួយឲ្យអារម្មណ៍ធូរស្រាល។
អ្នកវិទ្យាសាស្ត្រនិយាយថា ការប៉ះពាល់ជាប្រចាំទៅលើបាក់តេរីប្រភេទនេះ អាចជួយក្មេងកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និយាយឲ្យខ្លី ជួយឲ្យពួកគេសប្បាយចិត្ត។
២- ជួយឲ្យសុខភាពល្អ
ក្មេងចូលចិត្តលេងដីភក់ គ្នាយើងភាគច្រើនគិតថា នាំឲ្យឆ្លងមេរោគ ប៉ះពាល់សុខភាព ប៉ុន្តែការសិក្សាបែបវិទ្យាសាស្ត្របែរជាថា អាចជួយឲ្យក្មេងមានសុខភាពល្អទៅវិញ។ អ្នកវិទ្យាសាស្ត្រ បានបង្ហាញភស្តុតាងថា អនាម័យនៅលើពិភពលោកបច្ចុប្បន្ន ជាមូលហេតុនាំឲ្យក្មេងៗកាន់តែប្រឈមបញ្ហាអាលែកហ្ស៊ី និងជំងឺហឺតទាំងវ័យក្មេង។ ការប៉ះពាល់ជាមួយភាពកខ្វក់ និងមេរោគ អាចជួយជំរុញប្រព័ន្ធភាពស៊ាំរបស់ក្មេងប្រឆាំងអាលែកហ្ស៊ីកាន់តែខ្លាំងឡើង។ នេះហើយជាហេតុផលនាំឲ្យអ្នកវិទ្យាសាស្ត្រជឿថា ក្មេងលេងដីភក់ អាចជួយឲ្យមានសុខភាពល្អ។