ចំពោះវីរុសបំប្លែងថ្មី Omicron មានចំនួននៃការផ្លាស់ប្ដូរច្រើន បើយោងតាមអង្គការសុខភាពពិភពលោក ហើយវាហាក់ដូចជាអាចឆ្លងទៅមនុស្សដែលធ្លាប់កើតជំងឺកូវីដ-១៩ពីមុនបានថែមទៀត។ លោកវេជ្ជបណ្ឌិតបន្ថែមថា ការបម្រែបម្រួលទាំងនោះជាច្រើនពាក់ព័ន្ធនឹងប្រូតេអ៊ីន spike ពិតប្រាកដដែលជាផ្នែកសំខាន់នៃមេរោគ ដែលអនុញ្ញាតឲ្យវាចូលទៅក្នុងកោសិកានៃរាងកាយរបស់យើង និងជាហេតុធ្វើឲ្យឈឺ។ អ្វីដែលនៅមិនទាន់ច្បាស់លាស់នៅពេលនេះគឺថាតើវីរុសបំប្លែងថ្មី Omicron ឆ្លងដូចវីរុស Delta ឬខ្លាំងជាងវីរុសបំប្លែងមុន។
តើវ៉ាក់សាំងការពារកូវីដ-១៩ បច្ចុប្បន្នអាចទប់ស្កាត់វីរុសបំប្លែងថ្មី Omicron ឬអត់?
Omicron មានការបំប្លែងស្រដៀងគ្នាទៅនឹងវីរុសបំប្លែង Beta និង Gamma ដែលមានភាពធន់នឹងវ៉ាក់សាំងការពារវីរុសកូវីដ-១៩ធម្មតា។ ទន្ទឹមនឹងនេះ WHO ឲ្យដឹងថា បច្ចុប្បន្នអង្គការកំពុងធ្វើការជាមួយដៃគូបច្ចេកទេសដើម្បីយល់ពីផលប៉ះពាល់នៃវីរុសបំប្លែងថ្មី Omicron ទៅលើវិធានការការពារវីរុសកូវីដ-១៩ ដែលបន្តធ្វើរហូតមកដល់សព្វថ្ងៃ រាប់បញ្ចូលទាំងវ៉ាក់សាំងការពារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ធំៗដូចជា Johnson&Johnson, Moderna, Pfizer បានឲ្យដឹងថា ពួកគេអាចផលិតវ៉ាក់សាំងមួយផ្សេងទៀតដែលផ្ដោតទៅលើការទប់ស្កាត់វីរុសបំប្លែងថ្មី Omicron តែមួយមុខ។