កូវីដ-១៩ជាប្រភេទជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយ ប៉ុន្តែវាមិនត្រឹមតែប៉ះពាល់ដល់សួតប៉ុណ្ណោះទេ វីរុសនេះអាចបង្កគ្រោះថ្នាក់លើសពីអ្វីដែលយើងគិតទុកទៅទៀត។ ទោះបីយើងជាសះស្បើយពីកូវីដ-១៩ហើយយ៉ាងណាក្ដី យើងអាចនឹងជួបប្រទះផលវិបាកផ្សេងៗ តួយ៉ាងដូចជាបញ្ហាបេះដូងក្រោយជាសះស្បើយពីកូវីដ-១៩ជាដើម។ ពិតណាស់ ជំងឺរាតត្បាតនេះប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយរបស់យើង ហើយវាក៏អាចបណ្ដាលឲ្យមានការរលាកនៅក្នុងបេះដូង ដោយវិវត្តទៅជាជំងឺរលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូង ។
ផលវិបាកនៃបញ្ហាបេះដូង ក្រោយជាសះស្បើយពីកូវីដ-១៩
មុននឹងយល់ដឹងពីវិធីសាស្ត្រគ្រប់គ្រងផលវិបាកនៃជំងឺបេះដូង ក្រោយជាសះស្បើយពីកូវីដ-១៩ យើងគួរស្វែងយល់ពីរោគសញ្ញាមួយចំនួនជាមុនសិន។
ចង្វាក់បេះដូងលោតញាប់
យោងតាមអ្នកជំនាញបានឲ្យដឹងថា អ្នកជំងឺដែលជាសះស្បើយពីវីរុសកូវីដ-១៩បានប្រឈមនឹងបញ្ហាចង្វាក់បេះដូងលោតញាប់ ដែលនៅចន្លោះពី៦០ទៅ១០០។ ការកើនឡើងចង្វាក់បេះដូងនេះ អាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើយើងមិនយកចិត្តទុកដាក់។
“គ្រុនក្ដៅ និងការបង្ករោគអាចនាំឲ្យចង្វាក់បេះដូងលោតញាប់ខ្លាំងចំពោះអ្នកជំងឺកូវីដ-១៩ ដែលកើតជំងឺរលាកសួត។ សម្ពាធឈាមអាចធ្លាក់ចុះ ឬឡើងខ្ពស់ នឹងបង្កឲ្យមានសម្ពាធលើបេះដូង ហើយជាលទ្ធផល វាអាចកើនឡើងតម្រូវការអុកស៊ីហ្សែន និងបណ្ដាលឲ្យខូចបេះដូងតែម្តង”។
របាយការណ៍ របស់ Harvard Health
ពិបាកដកដង្ហើម
ទន្ទឹមនឹងនេះដែរ អ្នកជំងឺមួយចំនួនដែលជាសះស្បើយពីកូវីដ-១៩ អាចកើតមានបញ្ហាពិបាកដកដង្ហើមធ្ងន់ធ្ងរ ដែលអ្នកខ្លះអាចជាសះស្បើយក្នុងរយៈពេលខ្លី និងខ្លះទៀតត្រូវការចំណាយពេលយូរ ទើបអាចដោះស្រាយបញ្ហានេះបាន។
គណនា BMI
គណនា BMR
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ
តិចនិកថែទាំសុខភាពបេះដូងក្រោយជាសះស្បើយពីកូវីដ-១៩
ជំងឺកូវីដ-១៩ អាចបង្កើនហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងបញ្ហាគាំងបេះដូង។ មួយវិញទៀត របាយការណ៍បានបញ្ជាក់ថា កូវីដ-១៩ ក៏អាចបង្កើនហានិភ័យនៃការកកឈាមដូចគ្នា។ ដូច្នេះហើយ យើងគួរថែទាំជាពិសេសចំពោះបេះដូង ក្រោយជាសះស្បើយពីកូវីដ-១៩ ដោយអនុវត្តតាមវិធានខាងក្រោម៖
១. បញ្ចៀសកំណកឈាម
កំណកឈាមអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ដូច្នេះហើយ យើងគួរពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងបេះដូង ប្រសិនបើយើងមានរោគសញ្ញានៃកំណកឈាមដូចជាដកដង្ហើមហត់ និងចុកទ្រូងស្រួចស្រាល់។
![ក្រោយជាកូវីដ២](https://cdn.hellokrupet.com/wp-content/uploads/2022/03/ក្រោយជាកូវីដ២.jpg)
២. ញ៉ាំរបបអាហារសុខភាព
ពិតណាស់ អាហារល្អៗមានអត្ថប្រយោជន៍ច្រើនដល់ការជាសះស្បើយឆាប់រហ័ស និងត្រឹមត្រូវ ហេតុនេះហើយ ទើបអង្គការសុខភាពពិភពលោក (WHO)បានណែនាំឲ្យអ្នកជំងឺកូវីដ-១៩ ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិដូចជា អាល់ម៉ុន គ្រាប់ស្វាយចន្ទី ឬគ្រាប់ល្ពៅ។ បន្ថែមពីនេះ យើងគួរតែជៀសវាងការញ៉ាំអាហារវេចខ្ចប់ និងអាហារប្រៃពេក។ល។
អានបន្ថែម៖
៣. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមានសារសំខាន់ណាស់ចំពោះសុខភាពរបស់យើងទាំងមូល ជាពិសេស ក្រោយពេលដែលយើងទើបជាសះស្បើយពីជំងឺកូវីដ-១៩។ ដូចនេះ គ្នាយើងគួរហាត់ប្រាណឲ្យបានទៀងទាត់ ទើបជាការប្រសើរ។
ចំណុចសំខាន់
ក្រោយជាសះស្បើយពីកូវីដ-១៩ គ្នាយើងអាចប្រឈមនឹងបញ្ហាបេះដូងធ្ងន់ធ្ងរ។ ហេតុនេះហើយ យើងគួរតែថែទាំសុខភាពបេះដូងឲ្យបានល្អ ដោយអនុវត្តតាមតិចនិកខាងក្រោម៖
១. បញ្ចៀសកំណកឈាម
២. ញ៉ាំរបបអាហារសុខភាព
៣. ធ្វើលំហាត់ប្រាណ