១.រក្សាតុល្យភាពទម្ងន់
ការឡើងទម្ងន់ក៏ជាបញ្ហាចោទឡើងបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ២បានដែរ។ ការកើនឡើងជាតិខ្លាញ់ ជាតិស្ករក្នុងឈាមដែលជាមូលហេតុចម្បងធ្វើឲ្យរាងកាយងាយឡើងគីឡូ។ ក្នុងចំណុចនេះយើងអាចតាមដានទម្ងន់របស់យើងតាមរយៈ កម្ពស់ វ័យ និងភេទ កំណត់តាមរង្វាស់ស្ដង់ដារ សន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការគ្រប់គ្រងទម្ងន់បានល្អ ជួយកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមបាន។
២.គ្រប់គ្រងរបបអាហារ
គ្រប់គ្រងរបបអាហារ បានត្រឹមត្រូវល្អសម្រាប់សុខភាព ព្រោះរបបអាហារគឺជាចំណែកមួយនៃរាងកាយរបស់យើង។ គួរចាប់ផ្ដើមទទួលទានអាហារសុខភាព បន្លែ ត្រី សាច់(បរិមាណតិច) ស៊ុត ទឹកដោះគោស្រស់គ្មានជាតិខ្លាញ់ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រេងសុខភាពផងដែរ។ យើងត្រូវកាត់បន្ថយអាហារកែច្នៃ មានកាឡូរី និងខ្លាញ់ខ្ពស់ ដែលអាហារទាំងនោះងាយធ្វើយើងឡើងគីឡូលឿន ពិសេសពពួកសាច់កែច្នៃ មានសាច់ក្រក ប្រហិត អាហារកំប៉ុង និងពពួកភេសជ្ជៈដែលប្រើកម្រិតជាតិស្ករខ្ពស់តែម្ដង។

៣.សកម្មភាពរាងកាយ
ការធ្វើសកម្មភាពរាងកាយជាប្រចាំ ដូចជាធ្វើលំហាត់ប្រាណ លេងកីឡា ធ្វើការងារប្រចាំថ្ងៃ ដែលអាចឲ្យរាងកាយអាចប្រើប្រាស់ថាមពល និងបញ្ចេញញើសបានល្អ ក៏ជាផ្នែកមួយជួយកាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទ២ បានដែរ។
៤.បញ្ឈប់ការជក់បារី
បញ្ឈប់ការជក់បារីក៏ជាមធ្យោបាយមួយជួយកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២បាន។ សារធាតុគីមីក្នុងផ្សែងបារី មិនថាបារីអេឡិចត្រនិចនោះទេ គឺជាមូលហេតុចំបងធ្វើឲ្យប៉ះពាល់ដល់សុខភាពសួត សរសៃឈាម កើតមានជាតិខ្លាញ់ ក្នុងសរសៃឈាមបេះដូង និងខួរក្បាលជាដើម។
៥.កាត់បន្ថយគ្រឿងស្រវឹង
កាត់បន្ថយគ្រឿងស្រវឹងនឹងធ្វើឲ្យជីវិតយើងល្អប្រសើរ ក្នុងនោះក៏អាចជៀសផុតពីជំងឺទឹកនោមផ្អែមប្រភេទ២បានផងដែរ។ គ្រឿងស្រវឹងគឺជាភ្នាក់ងារបំផ្លាញ សរីរាង្គថ្លើម និងលំពែង ដែលជារោងចក្រសំខាន់ផលិត អាំងស៊ុយលីន គ្រប់គ្រងជាតិស្ករក្នុងឈាម។ ការព្យាយាមកាត់បន្ថយគ្រឿងស្រវឹងបន្ដិចម្ដងៗតាមលទ្ធភាពដែលអាចធ្វើបាន ជាសញ្ញាមួយបង្ហាញថា សុខភាពរាងកាយកាន់តែល្អប្រសើរ។
៦.គ្រង់គ្រងការគេង
ការគេងមិនគ្រប់គ្រាន់ក៏ជាផ្នែកមួយបណ្ដាលឲ្យកើតជំងឺជំងឺទឹកនោមផ្អែមបានដែរ។ លោកវេជ្ជបណ្ឌិត ហ៊ួយ បញ្ញា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យព្រះអង្គឌួង មានប្រសាសន៍ថា អ្នកទទួលទានដំណេកមិនគ្រប់គ្រាន់អាចប្រឈមនឹងការថយចុះ អ័រម៉ូនឡឹបទីន(leptin)។ ការថយចុះអ័រម៉ូនប្រភេទនេះ ធ្វើឲ្យយើងមានទំនោរញ៉ាំអាហារផ្អែមៗ និង កម្រិតកាឡូរីខ្ពស់ ជាហេតុធ្វើឲ្យប្រឈមនឹងការឡើងទម្ងន់។ បន្ថែមពីលើនេះទៀត អ្នកគេងមិនគ្រប់គ្រាន់ប្រឈមនឹងការកើនឡើងកម្រិតអ័ម៉ូនស្ដ្រេស (Cortisol) ការកើនឡើងកម្រិត អ័រម៉ូននេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការផលិត អាំងស៊ុយលីនរបស់លំពែង។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកើតជំងឺទឹកនោមផ្អែមប្រភេទ២ មិនត្រឹមតែបណ្ដាមកពី ការញ៉ាំអាហារមិនត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្ដែវាក៏ទាក់ទងនឹងគុណភាពនៃគេងផងដែរ។