មូលហេតុមួយបង្កឲ្យតម្រងនោមខូច គឺជំងឺទឹកនោមផ្អែម។ អ្នកជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយការឡើងកម្រិតជាតិស្ករក្នុងរយៈពេលយូរនឹងអាចធ្វើឲ្យខូចតម្រងល្អិតៗរាប់លានមាននៅក្នុងតម្រងនោម។ បើសិនជាកម្រិតជាតិស្ករក្នុងឈាមនៅតែខ្ពស់ អ្នកជំងឺទឹកនោមផ្អែមមិនអាចគ្រប់គ្រងបាន ចុងក្រោយអាចធ្វើឲ្យខូចតម្រងនោម។
អ្នកមានជំងឺទឹកនោមផ្អែមប្រហែលពី ២០ទៅ៣០ភាគរយ អាចវិវត្តទៅជាជំងឺតម្រងនោមបង្កដោយជំងឺទឹកនោមផ្អែម តែមិនមែនមានន័យថាតម្រងនោមឈានដល់ដំណាក់កាលខូចមិនអាចដំណើរការបាននោះទេ។ កត្តាប្រឈមដែលនាំឲ្យអ្នកជំងឺទឹកនោមផ្អែម ជួបបញ្ហាខូចតម្រងនោម គឺរយៈពេលនៃការកើតជំងឺទឹកនោមផ្អែម។
អ្នកជំងឺទឹកនោមផ្អែម មានជំងឺតម្រងនោម មិនអាចព្យាបាលជាសះស្បើយ គឺត្រូវការការថែទាំព្យាបាលអស់មួយជីវិត។ អ្នកជំងឺទឹកនោមផ្អែមក៏ប្រឈមនឹងបញ្ហាតម្រងនោមផ្សេងទៀតដែរ មានដូចជា សរសៃឈាមអាក់ទែតម្រងនោមរួមតូច ដែលអាចធ្វើឲ្យសម្ពាធឈាមកើនឡើង និងកាត់បន្ថយដំណើរការរបស់តម្រងនោម។
១. រោគសញ្ញាខ្សោយតម្រងនោម
សម្រាប់អ្នកជំងឺទឹកនោមផ្អែម បញ្ហាតម្រងនោមជាធម្មតាអាចរកឃើញនៅពេលអ្នកជំងឺទៅពិនិត្យសុខភាព។ យ៉ាងណា អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ មិនសូវដឹងថាខ្លួនមានជំងឺមួយនេះទេ។ ការណ៍នេះមានន័យថា ការមិនបានត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាម យូរៗទៅកម្រិតជាតិស្ករខ្ពស់អាចនឹងធ្វើឲ្យតម្រងនោមអ្នកជំងឺខូចបន្តិចម្ដងៗ។ ជាដំបូងៗ រោគសញ្ញាអាចមានត្រឹមតែការកើនឡើងប្រូតេអ៊ីននៅក្នុងទឹកនោម ប៉ុន្តែមិនមានរោគសញ្ញាផ្សេងទៀតទេ។ មុននឹងតម្រងនោមរងការខូចខាតធ្ងន់ធ្ងរ អាចត្រូវការរយៈពេលយូរឆ្នាំ និងអាចមានចេញរោគសញ្ញាមួយចំនួនដូចជា៖