មហារីកបំពង់អាហារជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការបស់បំពង់អាហារ បង្កើតបានជាដុំសាច់ដែលយើងតែងហៅថា ដុំសាច់មហារីក។ ជំងឺនេះត្រូវបានចែកជា២ប្រភេទធំៗ គឺ ពួកស្កេមមើសសែល ការសីណូម៉ា និងអាដេណូការសីណូម៉ា។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
រោគសញ្ញាជំងឺមហារីកបំពង់អាហារ
ជំងឺមហារីកបំពង់អាហារបង្ហាញសញ្ញាដូចរោគសញ្ញាជំងឺទូទៅមួយចំនួនដែលយើងមិនចាំអារម្មណ៍ ហេតុនេះយើងគួរតាមដានមើលសញ្ញាដូចជា៖
អួលណែន និងពិបាកលេបអាហារចូល (ដំបូងអាហាររឹង បន្ទាប់មកអាហាររាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ឈឺចុកចាប់ពេលញ៉ាំអាហារ ក្អួតចង្អោរ បន្ទាប់ក្រោយញ៉ាំអាហារ ចុកអួលណែនក្នុងដើមទ្រូង ស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម ចុះខ្សោយអស់កម្លាំង កំហែង និងល្ហិតល្ហៃ មិនចង់ញ៉ាំអាហារ ស្រកទម្ងន់ខ្លាំងខុសធម្មតា ធ្លាក់ឈាម(ក្នុងករណីមួយចំនួន)។ កត្តាប្រឈមអាចបង្កឲ្យកើតដុំមហារីកបំពង់អាហារ
– ញ៉ាំស្រា ឬគ្រឿងស្រវឹងហួសកម្រិត
– អាយុច្រើន (លើសពី៥៥ឆ្នាំ)
– ភេទប្រុស
– ញ៉ាំអាហារផ្ដេសផ្ដាស (អនាម័យមិនល្អ អាហារមិនល្អ…)
– ជំងឺច្រាលជាតិអាស៊ីដក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។
តើជំងឺមហារីកបំពង់អាហារអាចបង្ការបានទេ?
ចំពោះជំងឺមហារីកបំពង់អាហារ មិនមានវិធីច្បាស់លាស់ណាមួយអាចទប់ស្កាត់មិនឲ្យកើតឡើង១០០% នោះទេ តែដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគួរតែកែប្រែទម្លាប់រស់នៅខ្លះៗដូចជា ឈប់ជក់បារី ឬចុកថ្នាំជក់ ហាត់ប្រាណជាប្រចាំ ដោយចាប់ផ្ដើមបន្តិចម្ដងៗ ញ៉ាំអាហារមានជីវជាតិ ដូចជា បន្លែ ផ្លែឈើ ព្រមទាំងវីតាមីនធម្មជាតិ ចៀសវាងថ្នាំបំប៉ន អាចមានរងផលប៉ះពាល់។
![មហារីកបំពង់អាហារ](https://cdn.hellokrupet.com/wp-content/uploads/2021/06/0baf68f2--300x200.jpg)