មហារីកកើតឡើង ពេលកោសិកាក្នុងខ្លួនកកើតឥតឈប់ឈរ។ រាងកាយគ្រប់ទីកន្លែង សុទ្ធតែអាចវិវត្តទៅជាមហារីកបាន។ មហារីកមិននៅស្ងៀមមួយកន្លែងទេ វារាលដាលពាសពេញរាងកាយយើង។ ពេលកោសិកាមាត់ស្បូនលូតលាស់ឥតឈប់ឈរ នោះបានន័យថា យើងមានជំងឺមហារីកមាត់ស្បូនហើយ។ ជំងឺនេះកាចយ៉ាងណាខ្លះ? មានរោគសញ្ញា របៀបការពារ និងព្យាបាលយ៉ាងម៉េចខ្លះ?
១- កត្តាបង្កឲ្យកើតមហារីកមាត់ស្បូន
– មេរោគ Human Papilloma Virus ឬ HPV ជាកត្តាបង្កធំជាងគេរបស់មហារីកមាត់ស្បូន
– ជក់បារី៖ សារធាតុគ្រោះថ្នាក់មានក្នុងផ្សែងបារី អាចជ្រាបចូលក្នុងសួត និងអាចចូលទៅកន្លែងផ្សេងក្នុងរាងកាយអ្នក។ សាធាតុទាំងនេះ អាចធ្វើឲ្យកោសិកា DNA របស់មាត់ស្បូនខូចខាត ហើយបង្កឲ្យកើតជាមហារីកមាត់ស្បូន។ សារធាតុទាំងនោះ ក៏ជាអ្នកធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយដែរ។ វាក៏ទាក់ទងជាមួយការឆ្លងមេរោគ HPV ដែរ។
– ថ្នាំបញ្ចុះប្រព័ន្ធការពារ៖ ប្រព័ន្ធការពារធ្លាក់ចុះ (ដោយសារថ្នាំប្រឆាំងមេរោគអេដស៍ ឬថ្នាំបញ្ចុះប្រព័ន្ធការពារដទៃទៀត) ជាកត្តាងាយឆ្លងមេរោគ HPV ខ្ពស់ ហើយខ្លួនយើងក៏ពិបាកទប់ទល់ជាមួយកោសិកាមហារីកបានដែរ។
– ឆ្លងរោគប្រមេះ៖ ការសិក្សារកឃើញថា ស្រ្តីមានឆ្លងប្រមេះ ងាយកើតមហារីកមាត់ស្បូនជាងស្ត្រីដទៃ។
– ញ៉ាំបន្លែ ផ្លែឈើមិនគ្រប់គ្រាន់៖ ញ៉ាំអាហារមិនមានបន្លែផ្លែឈើ អាចបណ្ដាលឲ្យប្រឈមមុខជាមួយការកើតមហារីកមាត់ស្បូន។
– លើសគីឡូ៖ ស្រ្តីលើសគីឡូ ប្រឈមមុខជាមួយការកើតមហារីកមាត់ស្បូនប្រភេទ adenocarcinoma ច្រើនជាងស្រ្តីផ្សេងៗ។
– ប្រើគ្រាប់ថ្នាំពន្យារកំណើតយូរពេក៖ ការសិក្សារកឃើញថា លេបថ្នាំពន្យារកំណើតយូរពេក អាចបង្កឲ្យកើតមហារីកមាត់ស្បូនបាន ហើយហានិភ័យនឹងថយចុះ ពេលឈប់លេបថ្នាំពន្យារកំណើត។
– ស្រ្តីពពោះច្រើនដង៖ ស្ត្រីពពោះកូនគ្រប់ខែលើសពី ៣ ដង ប្រឈមមុខខ្ពស់កើតមហារីកមាត់ស្បូន។
– មានកូននៅអាយុតិចជាង ១៧ ឆ្នាំ៖ ស្រីៗមានអាយុតិចជាង ១៧ ឆ្នាំហើយមានកូនលើសពី ២ ដង ប្រឈមមុខខ្ពស់ជាមួយមហារីកមាត់ស្បូន ច្រើនជាងស្រ្តីមានផ្ទៃពោះនៅអាយុលើសពី ២៥ ឆ្នាំ។
– ធ្លាប់មានសមាជិកគ្រួសារកើតមហារីកមាត់ស្បូន៖ មហារីកមាត់ស្បូនអាចកើតក្នុងគ្រួសារដដែល ដែលធ្លាប់មានអ្នកកើត។
២- រោគសញ្ញាមហារីកមាត់ស្បូនមានអ្វីខ្លះ?
ការប្រែប្រួលកោសិកាមាត់ស្បូន មិនមានលក្ខណៈច្បាស់លាស់ទេ។ ប៉ុន្តែ ពេលកោសិកាមាត់ស្បូនវិវត្តទៅជាមហារីក នោះវានឹងស្តែងចេញជារោគសញ្ញាដូចជា៖
– ធ្លាក់ស មិនប្រក្រតី
– ឈឺចាប់ពេលរួមភេទ
– ប្រែប្រួលក្នុងវដ្តរដូវ (រដូវមិនទៀង)
– ហូរឈាមតាមទ្វារមាសមិនប្រក្រតី អាចហូរនៅចន្លោះពេលមករដូវ ក្រោយពេលរួមភេទ ឬនៅពេលអស់រដូវ។
រោគសញ្ញាមហារីកមាត់ស្បូនដំណាក់កាលធ្ងន់ធ្ងរ រួមមាន៖
– ស្រកគីឡូ
– ឈឺចាប់ក្នុងត្រគាក ឈឺជើង និងឈឺចង្កេះ
– មានហូរលាមក ឬហូរទឹកនោមតាមទ្វារមាស
– ស្លេកស្លាំង បណ្ដាលមកពីការហូរឈាមតាមទ្វារមាស
– មានបញ្ហាផ្លូវនោម បណ្ដាលមកការប៉ះពាល់របស់តម្រងនោម និងរន្ធបង្ហួរនោម។
៣- របៀបព្យាបាលមហារីកមាត់ស្បូន
ការព្យាបាលល្អជាងគេសម្រាប់មហារីកមាត់ស្បូន អាចប្រើការព្យាបាលមួយមុខ ឬប្រើពីរ ឬបីមុខចូលគ្នា ដូចជា៖
– ការវះកាត់៖ គេធ្វើការវះកាត់យកសាច់មហារីកចេញ។
– បាញ់កាំរស្មី៖ គេប្រើកាំរស្មីដើម្បីសម្លាប់កោសិកាមហារីក។ ជាទូទៅគេប្រើកាំរស្មី ជាមួយការវះកាត់។
– ប្រើសារធាតុគីមី៖ គេប្រើថ្នាំគីមីដើម្បីទៅសម្លាប់កោសិកាមហារីក។ ជាទូទៅ គេប្រើសារធាតុគីមីក្នុងដំណាក់កាលធ្ងន់ធ្ងរ។
– ប្រើកាំរស្មីបូកជាមួយសារធាតុគីមី៖ គេប្រើកាំរស្មី ជាមួយសារធាតុគីមី ដើម្បីព្យាបាលមហារីកដំណាក់កាលដំបូង និងដំណាក់កាលចុងក្រោយ។
[embed-health-tool-ovulation]
ពេលយើងរកឃើញកោសិកាមហារីកបានលឿន នោះការព្យាបាលនឹងអាចទទួលបានជោគជ័យ។ ការព្យាបាល អាចជាសះស្បើយ អាស្រ័យលើប្រភេទ និងដំណាក់កាលរបស់មហារីក។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប