
ការបំបៅដោះកូន មិនត្រឹមតែជួយឲ្យកូនមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ហើយខ្លួនយើងក៏មានប្រយោជន៍ច្រើនយ៉ាងដែរដូចជាកាត់បន្ថយមហារីកដោះនាពេលអនាគត និងបច្ចុប្បន្ន កាត់បន្ថយហានិភ័យនៃការហូរឈាមបន្ទាប់ពីសម្រាល និងជួយឲ្យឆាប់ស្រកគីឡូជាដើម។
លោកវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ម៉ាក់ៗមួយចំនួននៅសម័យនេះមិនសូវឲ្យកូនបៅដោះខ្លួនឯងទេ ច្រើនតែឲ្យកូនបៅទឹកដោះគោជំនួសវិញ ដែលទង្វើបែបនេះអាចនាំឲ្យយើងមានបញ្ហាធំ គឺមហារីកដោះនាពេលអនាគត។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត រូបនេះបានបន្ថែមទៀតថា ពេលកូនមិនបានបៅ ទឹកដោះនឹងឡើងហៀរហូរ និងចាល់ទៅវិញ ហើយម៉ាក់ៗពេលមិនឲ្យកូនបៅដោះ តែងប្រើថ្នាំ ដើម្បីបង្ខះទឹកដោះ កុំឲ្យឈឺ ឬឆាប់ខះបែរជានាំទុក្ខទៅថ្ងៃមុខវិញ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបន្តទៀតថា បច្ចុប្បន្នអាចមិនមានធ្វើទុក្ខឈឺចាប់មែន ប៉ុន្តែពេលអាយុច្រើនទៅ ទឹកដោះដែលសល់ ខះ ខកនៅក្នុងក្រពេញទឹកដោះ ដែលមានជាតិកាល់ស្យូម និងសារជាតិចិញ្ចឹមដទៃ បង្កើតជាជំងឺដុំដោះ និងជាហេតុបង្កឲ្យកើតមានជំងឺមហារីកដោះ។
លោកក៏បានបន្ថែមដែរថា ប្រសិនបើយើងបានបំបៅដោះកូន កំណកទឹកដោះបានផ្លាស់ប្ដូរទៅវិញទៅមក ដូចនេះគ្មានអ្វីខក ខះឡើយ ដែលនេះជាហេតុចាំបាច់ត្រូវបំបៅដោះកូន។ ការបំបៅដោះកូនមិនត្រឹមកាត់បន្ថយមហារីកដោះប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយជំងឺមហារីកក្រពេញអូវែថែមទៀតផង។
ប្រសិនបើមានគម្រោងយកកូន ត្រូវពិចារណាអំពីការបំបៅដោះដែលជាផ្នែកមួយនៃផែនការ ហើយបន្តបំបៅកូនយ៉ាងហោចណាស់ ៦ ខែ ដើម្បីផលប្រយោជន៍ល្អសម្រាប់យើង និងទារក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕