អំឡុងមានផ្ទៃពោះ ជាពេលដែលស្ត្រីត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ តាមដានសុខភាពឲ្យជាប់លាប់ នោះទើបមានសុវត្ថិភាពទាំងម្តាយទាំងកូនក្នុងផ្ទៃ។ ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះដំបូងៗ និងស្ត្រីដែលត្រៀមយកកូន Hello គ្រូពេទ្យ នឹងលម្អិតពីអត្ថប្រយោជន៍នៃការពិនិត្យផ្ទៃពោះតាមត្រីមាសនីមួយៗ ការពិនិត្យឈាម-ទឹកនោម ការចាក់វ៉ាក់សាំង និងថ្នាំផ្សេងៗ។
១. ការពិនិត្យផ្ទៃពោះ
បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការពិនិត្យផ្ទៃពោះមានសារៈសំខាន់ណាស់ ដើម្បីតាមដានការវិវត្តសរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកនៅក្នុងផ្ទៃ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការពិនិត្យផ្ទៃពោះទាំង៣ត្រីមាស។
ការពិនិត្យផ្ទៃពោះនៅត្រីមាសទី១
– តើមានកូនមែន ឬអត់?
– កូនចាប់កំណើតថ្ងៃណា? គ្រប់ខែថ្ងៃណា?
– ម្តាយមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ?
ការពិនិត្យផ្ទៃពោះនៅត្រីមាសទី២
– តើទារកក្នុងផ្ទៃលូតលាស់ សមស្របតាមអាយុរបស់គេ ដែរឬទេ?
– តើម្តាយមានជំងឺអំឡុងពេលពពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…)
– តើកូនអាចប្រឈមកើតមុនខែឬទេ?
ការពិនិត្យផ្ទៃពោះនៅត្រីមាសទី៣
– មើលការលូតលាស់របស់ទារក
– ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវវះកាត់។
អត្ថបទពាក់ព័ន្ធ៖
២. ការពិនិត្យឈាម និងទឹកនោម
ពេលចាប់ផ្តើមមានកូន៖ ការពិនិត្យរកក្រុមឈាម គ្រាប់ឈាម និងជំងឺផ្សេងៗ រួមទាំងពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានផ្ទៃពោះ។
ពេលជិតសម្រាល៖ ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
បើមិនមានករណីចាំបាច់ទេ ការពិនិត្យឈាមធ្វើឡើងតែ២ដងប៉ុណ្ណោះ គឺពេលចាប់ផ្តើមមានកូន និងពេលជិតសម្រាលកូន តែចំពោះការពិនិត្យទឹកនោមវិញ ស្ត្រីពពោះអាចពិនិត្យរាល់ខែដើម្បីតាមដានពីជាតិប្រូតេអ៊ីនក្នុងទឹកនោម។
៣. ការចាក់វ៉ាក់សាំង
អំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងមួយចំនួនចាំបាច់ខ្លាំងណាស់ ហើយក៏គ្មាន ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ក្នុងនោះមានវ៉ាក់សាំងតេតាណុស និងផ្តាសាយ។
អត្ថបទពាក់ព័ន្ធ៖
៤. ការទទួលថ្នាំជាតិដែក និងវីតាមីន
ថ្នាំជាតិដែក៖ អំឡុងមានផ្ទៃពោះស្ត្រីត្រូវការជាតិដែកទ្វេដង ដើម្បី ជួយបង្កើនគ្រាប់ឈាមក្រហម សម្រាប់ដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គផ្សេងៗ និងកាត់បន្ថយភាពស្លេកស្លាំងទាំងម្តាយកូន បន្ថយហានិភ័យផ្សេងៗពេលសម្រាល។ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ស្ត្រីពពោះត្រូវលេបថ្នាំជាតិដែកចំនួន ៩០ គ្រាប់។
អាស៊ីដហ្វូលិក៖ ជួយបង្ការកូនក្នុងពោះពីការឆែបមាត់ ពកឆ្អឹងខ្នង បេះដូងប្រហោង។ ម៉ាក់អាចញ៉ាំថ្នាំនេះពេលត្រៀមមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលកូន។
វីតាមីនផ្សេងៗ។ ចំណែកវីតាមីនផ្សេងៗ ជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានល្អ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕