ឈានចូលដល់សប្តាហ៍ថ្មី អាអូនមានទំហំប៉ុនផ្លែល្ពៅ ដែលមានទម្ងន់ ១,១ គីឡូក្រាម និងប្រវែង ៣៨,១ សង់ទីម៉ែត្រ។ ម៉ាក់ៗច្បាស់ជាកាន់តែយ៉ាប់ក្នុងខ្លួនបន្តិចហើយ ព្រោះបេប៊ីចាប់ផ្តើមចេះកំរើក និងធាក់ យ៉ាងហោចណាស់ក៏ ១០ ដង/២ម៉ោង។ ប្រសិនបើយើងឃើញសកម្មភាពអាអូនថយចុះ អាចជួបគ្រូពេទ្យបន្ទាន់ មិនត្រូវបណ្តែតបណ្តោយនោះទេ ដើម្បីឲ្យប្រាកដក្នុងចិត្តថាអាអូនពិតជាមិនអីទេ។
១- រាងកាយយើងប្រែប្រួលអីខ្លះ?
នៅអំឡុងសប្តាហ៍នេះ យើងមិនសូវស្រួលខ្លួនទេ ចេះតែក្រហាយចុងដង្ហើម និងទល់លាមក។ នេះដោយសារមានការកើនឡើងអ័រម៉ូនប្រូចេសស្តេរ៉ូន (Progesterone) ធ្វើឲ្យសាច់ដុំរលោងទាំងអស់ក្នុងខ្លួនបន្ថយសកម្មភាព រួមទាំងក្រពះ និងពោះវៀន។ ការរីកធំនៃស្បូន ក៏ធ្វើឲ្យកើតឬសដូងបាត។ រីឯការរីកធំនៃសរសៃឈាមនៅតំបន់ពោះវៀនផ្នែកខាងចុងជារឿងធម្មតាទេ ព្រោះនៅពេលសម្រាលអាអូនហើយវានឹងត្រលប់ទៅដូចដើមវិញ។

ចំណុចអីខ្លះគួរបារម្ភ?
ពេលជិតសម្រាល ការរើរបស់បេប៊ីកាន់តែថយចុះ ដោយសារតែអាអូនកាន់តែធំ ហើយអាងត្រគាកក៏តូចជាងមុន។ ការថយចុះខ្លាំងនូវសកម្មភាពរបស់កូនក្នុងត្រីមាសទី ៣ អាចឲ្យសញ្ញាថាបេប៊ីមានគ្រោះថ្នាក់។ គ្រោះថ្នាក់ទាំងនោះអាចបណ្តាលមកពីទងសុក ដូច្នេះ គួរតែទៅជួបគ្រូពេទ្យពិនិត្យមើលកាន់តែច្បាស់ មិនត្រូវបណ្តែតបណ្តោយនោះទេ។
២- ប្រាប់អីខ្លះទៅពេទ្យ?
ពេលយើងប្រាប់គ្រូពេទ្យថា កូនមិនសូវធ្វើសកម្មភាពដូចមុន នោះគ្រូពេទ្យនឹងសួរសំណួរមួយចំនួនដូចជា តើអាអូនកម្រើកលើកចុងក្រោយនៅពេលណា? ហើយធាក់ប៉ុន្មានដង/ម៉ោង។ កុំបារម្ភពេកអី បើសិនជាមានបញ្ហាអ្វី គ្រូពេទ្យនឹងឲ្យតម្រូវឲ្យយើងសម្រាលមុនខែ ឬរកវិធីផ្សេងៗជួយយើង និងកូនមិនខាន។ ក្នុងសប្តាហ៍នេះ យើងនឹងឃើញសរសៃឈាមឡើងប៉ោងដូចជើងពីងពាងនៅលើក្បាលពោះ មុខ ក សុដន់ និងដៃ។ តែកុំភ័យអី ព្រោះវាកើតមានដោយសារយើងមានផ្ទៃពោះ ហើយវានឹងបាត់ទៅវិញក្រោយពេលសម្រាលអាអូន។
តេស្តអីខ្លះចាំបាច់?
ចាប់ពីខែក្រោយទៅ យើងនឹងជួបគ្រូពេទ្យញឹកញាប់ (ដំបូងរៀងរាល់ ២សប្តាហ៍ និងបន្ទាប់មក ជារៀងរាល់អាទិត្យរហូតដល់ថ្ងៃសម្រាល)។ ក្នុងខែនេះ គ្រូពេទ្យនឹងវាស់សម្ពាធឈាម ទម្ងន់ហើយសួរពីរោគសញ្ញាដែលយើងអាចមាន សកម្មភាពរបស់អាអូនថាពេលណាធ្វើចលនា ហើយពេលណានៅស្ងៀម ហើយគ្រូពេទ្យនឹងពិនិត្យទំហំស្បូនយើងដូចរាល់ដង។
៣- ត្រូវដឹងពីអីខ្លះ?
សប្តាហ៍នេះ “Hello គ្រូពេទ្យ’ នឹងបង្ហាញរឿង ២យ៉ាងដែលស្រីៗមានផ្ទៃពោះគួរតែដឹង៖
អ៊ុតសក់៖ គួរអ៊ុតសក់ពេលមានផ្ទៃពោះឬទេ? ចម្លើយយើងអាចអ៊ុតសក់បាន តែត្រូវចាំថាពេលមានផ្ទៃពោះក្នុងខ្លួនយើងមានការប្រែប្រួលអ័រម៉ូនទាំងអស់ សូម្បីតែសរសៃសក់ក៏មានការផ្លាស់ប្តូរដែរ ដូចនេះបើយើងអ៊ុតសក់នៅពេលនេះ អាចនឹងមិនបានលទ្ធផលដូចអ្វីដែលយើងចង់បាន។
ពុលជាតិសំណ៖ យើងគួរជៀសវៀងអ្វីដែលមានផ្ទុកជាតិសំណ។ អាចមានគ្រោះថ្នាក់ បើយើងញ៉ាំអាហារ ឬប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមានជាតិសំណនេះ។ ជាតិសំណអាចធ្វើឲ្យរលូតកូន និងកើតមកមិនឆ្លាត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 29. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week29.html. Accessed March 30, 2015.
Your pregnancy: 29 weeks. http://www.babycenter.com/6_your-pregnancy-29-weeks_1118.bc. Accessed March 30, 2015.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ