ថ្លើមសត្វមានផ្ទុកជាតិដែក វីតាមីន B12 វីតាមីនA ស័ង្កសី ស៊ីលីស្យូម(selenium) និងស្ពាន់ ដែលអ្វីទាំងអស់នេះសុទ្ធតែជាសារធាតុចិញ្ចឹមល្អ សម្រាប់រាងកាយ។ ប៉ុន្តែស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំអាហារប្រភេទនេះច្រើននោះទេ។
ការញ៉ាំថ្លើមសត្វមានទម្រង់វីតាមីន A (preformed vitamin A)ច្រើន ជាពិសេសនៅត្រីមាសទី១ អាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនពេញលេញ ឬអាចរលូតផងក៏មាន។ ក្រៅពីក្នុងថ្លើមសត្វ អាហារធ្វើពីថ្លើមសត្វដូចជាសាច់ក្រក ក៏នៅតែមានផ្ទុកវីតាមីនA នេះច្រើនដូចគ្នា។
គ្នាយើងទំនងជាឆ្ងល់ដែរថា វីតាមីនA ក្នុងថ្លើមសត្វអាចមានបញ្ហាចំពោះស្រ្តីមានផ្ទៃពោះ ចុះវីតាមីនA ក្នុងបន្លែមានបញ្ហាដែរឬទេ? ចម្លើយខ្លីគឺមិនមានបញ្ហាទេ។ នៅក្នុងបន្លែ ផ្លែឈើ វីតាមីនA យើងអាចហៅបានម្យ៉ាងទៀតថាប្រូវីតាមីនA ការ៉ូទីន(provitamin A carotenoids)។ ការទទួលបានវីតាមីនA នៅក្នុងបន្លែ ផ្លែឈើ គឺមិនមានគោលការណ៍ណែនាំឲ្យកំណត់បរិមាណញ៉ាំនោះទេ ពោលគឺថាមានសុវត្ថិភាពក្នុងការញ៉ាំសម្រាប់ស្រីៗមានផ្ទៃពោះ។