ស្រ្តីពពោះធ្លាក់ឈាមតិចតួចអំឡុងត្រីមាសទី១អាចមកពីមូលហេតុទាំង៥នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ស្រ្តីពពោះធ្លាក់ឈាមតិចតួចអំឡុងត្រីមាសទី១អាចមកពីមូលហេតុទាំង៥នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​ធ្លាក់​ឈាម​តិចតួច អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង​ អាច​ជា​រឿង​ធម្មតា​ ក្នុង​ករណី​ដែល​ស៊ុត​បង្ក​កំណើត​បាន​ផ្សាំ​ខ្លួន​ទៅ​នឹង​ជញ្ជាំង​ស្បូន​របស់​ម៉ាក់​ៗ។ ការ​ធ្លាក់​ឈាម​នេះ​ដែរ មាន​បរិមាណ​តិចតួច​ និង​មាន​រយៈពេល​ប្រហែល​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ម៉ាក់​ៗកំពុង​ពពោះ​ ក៏​អាច​ជា​សញ្ញា​គំរាមកំហែង​ដល់​គភ៌​ផង​ដែរ។

    ​​មូលហេតុ​បណ្តាល​ឲ្យ​ធ្លាក់​ឈាម​តិចតួច​​អំឡុង​ត្រី​មាស​ទី​១

    • កង្វះ​អ័រម៉ូន៖ អំឡុង​ពេល​ពពោះ ប្រសិនបើ​យើង​ខ្វះ​អ័រម៉ូន​​ណា​មួយ​ក្នុង​ចំណោម​អ័រម៉ូន Progesterone និង​hCG នោះ​នឹង​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ធ្លាក់​ឈាម​តិចតួច។
    • រលូត​កូន៖ ត្រី​មាស​ទី​១ គឺ​ជា​​ពេលវេលា​ដ៏​សំខាន់​បំផុត​នៃ​ការ​ពពោះ។ ក្រៅ​ពី​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​គភ៌​យ៉ាង​ឆាប់​រហ័ស ស្រីៗ​យើង​ក៏​មាន​ឱកាស​ខ្ពស់​បំផុត​នៃ​ការ​រលូត​កូន​ដូច​គ្នា ហើយ​ការ​ធ្លាក់​ឈាម​តិចតួច​នេះ ក៏​អាច​​ជា​សញ្ញា​នៃ​ការ​រលូត​កូន​ដែរ។ បើ​ម៉ាក់​ៗ​មាន​ធ្លាក់​ឈាម​តិចតួច ជាមួយ​នឹង​ចុក​ពោះ រួម​ទាំង​ឈឺចាប់​​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ គួរ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។
    • សម្ពាធ​លើ​មាត់​ស្បូន៖ អំឡុង​ពេល​ពពោះ លំហូរ​ឈាម​ទៅ​កាន់​តំបន់​មាត់​ស្បូន​កើន​ឡើង ដែល​អាច​បណ្តាល​ឲ្យ​​មាន​ការ​ធ្លាក់​ឈាម​ នៅ​ពេល​ដែល​យើង​ធ្វើការ​ពិនិត្យ​អាង​ត្រគាក ឬ​រួម​ភេទ។ ការ​ធ្លាក់​ឈាម​ប្រភេទ​នេះ មិន​បង្ក​ផល​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ​ម៉ាក់​ៗ​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ធានា​សុវត្ថិភាព​ទារក​ក្នុង​ផ្ទៃ។
    • ការ​បង្ក​រោគ៖ រាល់​ការ​បង្ក​រោគ​នៅ​ក្នុង​តំបន់​ទ្វារ​មាស ឬ​មាត់​ស្បូន​ អាច​បណ្តាល​ឲ្យ​មាន​ធ្លាក់​ឈាម។ ក្នុង​ករណី​ដែល​មាន​ធ្លាក់​ឈាម​ និង​​រមាស់​​ត្រង់​បរិវេណ​ទ្វារ​មាស យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ។
    • កូន​ក្រៅ​ស្បូន​ ៖ ជួន​កាល​ ស៊ុត​បង្ក​កំណើត​អាច​ស្ថិត​នៅ​ក្រៅ​ស្បូន​ ដូចជា​នៅ​ដៃស្បូន ​ជា​ដើម​ ដែល​អាច​បណ្តាល​ឲ្យ​ដៃ​ស្បូន​ធ្លាយ និង​ធ្លាក់​ឈាម។ កត្តា​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ម៉ាក់ៗ អីចឹង​ហើយ យើង​ចាំបាច់​ត្រូវ​​ធ្វើការ​វះកាត់​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​ជីវិត​របស់​ម៉ាក់ៗ។​​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 សប្ដាហ៍​កន្លងទៅ

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម