បញ្ហារបើកថង់កូន ជាទូទៅកើតឡើងនៅត្រីមាសទី១ នៃការពពោះ ហើយស្ថានភាពនេះ អាចកំណត់បានតាមរយៈការថតអេកូ ក្រោយពេលដែលម៉ាក់ៗមានអាការៈធ្លាក់ឈាម និងឈឺពោះធ្ងន់ធ្ងរ។ ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា អាចបង្ការផលវិបាកផ្សេងៗដូចជាកូនកើតមិនគ្រប់ខែ ឬរលូតកូន។
រោគសញ្ញា
ជួនកាល បញ្ហារបើកថង់កូន អំឡុងពេលពពោះមិនបង្ហាញរោគសញ្ញាណាមួយឡើយ ដោយសារតែរាងកាយម៉ាក់ជួសជុលបញ្ហានេះដោយខ្លួនឯង។ ប៉ុន្តែ ក្នុងករណីខ្លះទៀត ការរបើកថង់កូន អាចមានរោគសញ្ញាដូចជាឈឺពោះ ឬធ្លាក់ឈាមធ្ងន់ធ្ងរ។ ដូចនេះហើយ ម៉ាក់ៗចាំបាច់ត្រូវពិនិត្យផ្ទៃពោះដោយឆ្លុះអេកូឲ្យបានទៀងទាត់ ដើម្បីទទួលការព្យាបាលដ៏ត្រឹមត្រូវ ក៏ដូចជាបញ្ចៀសផលវិបាកផ្សេងៗ។ ប្រសិនបើម៉ាក់ៗរបើកថង់កូនកម្រិតស្រាល បញ្ហានឹងបាត់ទៅវិញនៅត្រីមាសទី២ ប៉ុន្តែបើធ្ងន់ធ្ងរ យើងអាចប្រឈមហានិភ័យនៃការរលូតកូន កូនកើតមិនគ្រប់ខែ និងរបើកសុក។
មូលហេតុបង្ក
អ្នកជំនាញមិនបានដឹងច្បាស់ពីមូលហេតុបង្កច្បាស់លាស់នៃបញ្ហារបើកថង់កូនឡើយ ប៉ុន្តែករណីនេះ អាចបណ្តាលមកពីការធ្វើសកម្មភាពរាងកាយច្រើនជ្រុល ឬការប្រែប្រួលអ័រម៉ូនអំឡុងពេលពពោះ។
ការព្យាបាល
ជាធម្មតា ការរបើកថង់កូន អាចនឹងកាត់បន្ថយ ឬបាត់ទៅវិញទាំងស្រុង នៅពេលដែលម៉ាក់ៗសម្រាកគ្រប់គ្រាន់ ជៀសវាងឈរយូរ ឬធ្វើការងារផ្ទះច្រើន ញ៉ាំទឹកប្រហែល២លីត្រក្នុងមួយថ្ងៃ តមរួមភេទ និងធ្វើការព្យាបាលដោយលេបថ្នាំអ័រម៉ូន។