ចំពោះបញ្ហានេះលោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានហាមផ្ដាច់មិនឲ្យស្អំថ្ម ក្រោយសម្រាលកូន ឡើយ ព្រោះប៉ះពាល់ចំពោះសុខភាពម៉ាក់ៗដែលទើបសម្រាលខ្លាំង។ លោកជំទាវវេជ្ជបណ្ឌិតក៏បានបន្តថា៖ “ខ្ញុំមិនចង់ឲ្យពួកគាត់ស្អំថ្មនោះទេ ព្រោះអីសរីរាង្គខាងក្នុងពោះត្រូវទទួលរងកម្ដៅពីថ្ម យូរៗទៅ វាទៅជាស្អិតខាងក្នុងឯណោះ។ ការធ្វើរឿងបែបនោះមិនត្រឹមតែសរីរាង្គផ្សេងៗ ដូចជា ក្រពះ ពោះវៀនទេ សូម្បីតែស្បូនក៏ស្អិតដែរ នេះជាបញ្ហាសំខាន់ដែលគ្រូពេទ្យតែងតែផ្ដាំផ្ញើ និងពន្យល់ម៉ាក់ៗមិនឲ្យអនុវត្តវិធីបុរាណមួយនេះតទៀត មិនថាសម្រាលដោយធម្មជាតិ ឬក៏វះកាត់ទេ”។
ចំណែកមូលហេតុតម្រូវឲ្យម៉ាក់ៗ និងចាស់ជំនាន់មុនយកថ្មក្ដៅទៅស្អំ គឺដើម្បីឲ្យសាច់ពោះដែលនៅសល់ក្រោយកើតកូនរួច ឆាប់រាបស្មើទៅវិញ ស្បែកពោះតឹង រួមទាំងអាចធ្វើឲ្យស្នាមសង្វារ ឬស្នាមខ្មៅៗរលុបអស់។