មានស្រ្តីមួយចំនួនមិនបានលេបថ្នាំជាតិដែកគ្រប់ចំនួនតាមការកំណត់ឡើយ ដោយហេតុថា ពេលញ៉ាំទៅចេះធ្វើទុក្ខ ដូចជា ធេងធោង ឈឺក្បាល វិលមុខ ក្អួតចង្អោរ ទល់លាមក លាមកប្រែទៅជាពណ៌ខ្មៅជាដើម។ អ្នកខ្លះបោះបង់ការលេបថ្នាំជាតិដែកតាំងពីដំបូង ឯខ្លះញ៉ាំបានពាក់កណ្តាលទី ក៏ឈប់លេបតែម្តង។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាំជាតិដែក មានទាំងជាតិដែក និងអាស៊ីដហ្វូលិក ដែលផ្តល់អត្ថប្រយោជន៍ក្នុងការជួយគាំពារគភ៌ឲ្យមានសុខភាពល្អ មិនឆែបមាត់ ពកឆ្អឹងខ្នង កាត់បន្ថយភាពស្លេកស្លាំងរបស់ម្តាយអំឡុងពពោះ កាត់បន្ថយគ្រោះថ្នាក់ពេលសម្រាលកូន។