backup og meta

ស្រ្តី នឹង​ក្មេង​ស្រី​នៅ​ប្រទេសក្រីក្រប្រឈមខ្ពស់ក្នុង​ការរំលូតកូនដោយគ្មានសុវត្ថិភាព

ស្រ្តី នឹង​ក្មេង​ស្រី​នៅ​ប្រទេសក្រីក្រប្រឈមខ្ពស់ក្នុង​ការរំលូតកូនដោយគ្មានសុវត្ថិភាព

ការ​រំលូត​កូន​ដោយ​គ្មាន​សុវត្ថិភាព​ច្រើន​កើត​មាន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ ហើយ​កត្តា​មួយ​ចំនួន​​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ ឬមាន​ផ្ទៃពោះដោយ​ចៃដន្យ ​មិន​អាច​ទទួល​បាន​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព និង​ពេលខ្លះ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង​។

​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ចន្លោះ​ឆ្នាំ​២០១០​ និង​២០១៤​ បង្ហាញថាស្រ្តី​ទៅ​រំលូត​កូន​មាន​ជាង​៥៦លាន​​នាក់​នៅទូទាំង​ពិភពលោក ដែល​ភាគ​ច្រើន​កើត​នៅក្នុង​ប្រទេសកំពុង​អភិវឌ្ឍ និង​ប្រហែល​ជា​២៥​លាន​នាក់​គឺ​ជា​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​។ ពាក់​កណ្តាល​ចំនួន​ទាំងអស់​នៃ​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​កើត​ឡើង​នៅ​បណ្ដាប្រទេស​ក្នុង​ទ្វីប​អាស៊ី។ រីឯ​នៅ​អាហ្វ្រិក​ហានិភ័យ​នៃការស្លាប់ដោយ​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​គឺ​ខ្ពស់​ជាង​គេ​។

អត្ថបទពាក់ព័ន្ធ៖ រំលូតកូនប្រឈមបញ្ហាអីខ្លះ?

ការរំលូតកូន​ដោយ​គ្មាន​សុវត្ថិ​នៅតែជា​កត្តា​ប្រ​ឈម​មួយ​ដែល​បណ្ដាល​ឲ្យ​ស្រ្តីមា​​នផ្ទៃ​ពោះ​បាត់​បង់ជីវិត ឬហៅថា​មរណមាតា បើទោះបីជា​ការស្លាប់​ដោយសារការរំលូតកូននេះភាគច្រើនបំផុត​សុទ្ធតែអាចជៀសបាន​ក៏ដោយ។ របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៨ បាន​បង្ហាញថា​ស្រ្តី និង​ក្មេង​ស្រី​ជាង ២២ ០០០ នាក់​បាន​ស្លាប់​ដោយ​សារ​ការ​រំលូត​កូន​ដោយគ្មាន​សុវត្ថិ​ភាព​នេះ ជាងរៀងរាល់ឆ្នាំ ហើយ​៩៧​ភាគរយ​នៃ​អ្នក​ទាំងនោះ​ស្ថិត​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍។

នៅ​ប្រ​ទេស​មួ​យចំនួន​បាន​ចាត់ទុក​ការរំលូតកូនជា​អំពើខុស​ច្បាប់ និង​ហាមឃាត់​ស្រ្តី និង​ក្មេង​ស្រី​ពី​ការ​ទទួលបានសេវារំលូតកូន។ កា​រហាមឃាត់មិនឲ្យ​មានការ​រំលូតកូននេះ​ មិនបាន​ធ្វើឲ្យ​ស្រ្តី ឬក្មេង​ស្រី​មាន​ផ្ទៃពោះដោយចៃដន្យ​ទាំងនោះ​បញ្ឈប់ការ​ស្វែង​រក​សេវារំលូតកូននោះទេ តែបែរជាជំរុញអ្នកទាំងនោះ​ឲ្យ​ទៅ​ទទួលសេវា​រំលូត​កូនដោយ​គ្មានសុវត្ថិភាពទៅ​វិញ។

អត្ថបទពាក់ព័ន្ធ៖

តើការ​រំលូតកូនដោយគ្មានសុវត្ថិភាពជាអ្វី?

ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​គឺ​ធ្វើឡើង​ដោយ​គ្រូពេទ្យ​មិន​មានជំនាញ ឬ​ក្នុង​មន្ទីរពេទ្យ​ដែល​មិន​អនុវត្ត​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ។ ការ​រំ​លូត​កូន​ដោយ​មាន​អ្នក​ជំនាញ​ក៏​គ្មានសុវត្ថិភាព​ដែរ ប្រសិនជា​ប្រើ​ប្រាស់​សម្ភារៈ​មិន​ទំនើប ឬ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​មាន​ព័ត៌មាន​ត្រឹមត្រូវ។ 

ការ​រំលូត​កូន​ដោយ​សុវត្ថិភាព​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ជំនាញ និង​មាន​នីតិវិធី​ត្រឹមត្រូវ។​ ការ​រំលូត​កូន​អាច​ប្រព្រឹត្តិ​ទៅ​តាម​រយៈ​ការ​រំលូត​កូន​ដោយ​ប្រើ​ថ្នាំដែលទទួល​បានការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ និង​ការ​រំលូត​កូន​ប្រើ​ឧបករណ៍​ធ្វើឡើងដោយ​​គ្រូពេទ្យ​ជំនាញ។​

ស្ត្រី ​ឬ​ក្មេងស្រី​ដែល​មាន​ផ្ទៃពោះដោយ​ចៃដន្យ​​ប្រឈម​នឹង​ការ​រំលូត​កូន​ដោយគ្មានសុវត្ថិភាព​នៅពេល​ដែលអ្នក​ទាំង​នោះ​មិនបានទទួលសេវារំលូតកូន​ត្រឹម​ត្រូវ។ កត្តាមួយចំនួន​ធ្វើឲ្យ​ស្រ្តី ឬក្មេង​ស្រីទាំងនោះ​មិន​អាច​ទៅ​រកសេវារំលូតកូន​ដោយ​សុវត្តិភាពបានរួមមាន​៖

  • ច្បាប់តឹងរឹងហួសហេតុពេក ឬការរំលូតកូនជាអំពើខុស​ច្បាប់
  • ​សេវាសុខាភិបាល​ទន់ខ្សោយ
  • ការ​ចំណាយ​ខ្ពស់
  • ផ្នត់គំនិត​សង្គម
  • ប្រព័ន្ធ​សុខាភិបាល​មិន​អនុគ្រោះដល់ការរំលូតកូន​
  • ការរាំងស្ទាំងដោយសារ​ ការ​រង់ចាំយូរ មិនងាយបានទទួលការ​ប្រឹក្សា​យោបល់ និងការ​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ផល​វិបាក​នៃ​ការ​រំលូត​កូន​ដោយគ្មានសុវត្ថិភាព​

ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​មាន​ផល​ប៉ះពាល់​ស្ត្រី​ច្រើន​ដែល​ពេល​ខ្លះ​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។ ផលវិបាក​ទាំង​នោះ​មាន​ដូចជា​

  • ការ​យក​សុក​ចេញ​មិន​អស់
  • ការ​ធ្លាក់​ឈាម​ច្រើន
  • ការ​ឆ្លង​រោគផ្សេងៗ
  • ការ​ដាច់​រហែក​ស្បូន
  • របួស​ប្រដាប់​ភេទ និង​សរីរាង្គ​ខាង​ក្នុង។

នៅ​ពេល​មានផល​វិបាក​ដែល​បង្ក​ឡើង​ដោយ​ការ​រំលូត​កូន​គឺ​ត្រូវការ​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ពី​គ្រូពេទ្យ​ជំនាញ​ទោះបីជា​ការ​រំលូត​កូន​នោះ​មិន​ស្រប​តាម​ច្បាប់​ក៏​ដោយ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​ព្យាបាល​ទៅលើ​ផល​វិបាក​បង្ក​ឡើង​ដោយ​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​តម្រូវឲ្យ​អ្នក​ជំងឺ​ផ្តល់​ព័ត៌មាន​ពី​អ្នក​ដែល​ផ្តល់​សេវា​រំលូត​កូន​ខុសច្បាប់​មុន​នឹង​ទទួល​បាន​ការ​ព្យាបាល។ ការ​ធ្វើ​បែប​នេះ​អាច​បង្កើន​ហានិភ័យ​ដល់​អ្នក​ជំងឺ​ ដូចនេះ​អ្នក​ផ្តល់​សេវា​សុខភាព​មិន​ត្រូវ​ពន្យារ​ពេល និង​ផ្តល់​ការ​ព្យាបាល​ភ្លាមៗ។

ការ​បង្ការ​ការ​រំលូត​កូន​ដោយគ្មានសុវត្ថិភាព

ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​អាច​បង្ការ​បាន​ដោយ៖

  • ការ​អប់រំ​សុខភាព​ផ្លូវភេទឲ្យ​បាន​ទូលំទូលាយ
  • ការ​បង្ការ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​តាមរយៈ​ការ​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​
  • ការ​ផ្តល់​សេវា​កម្ម​ការ​រំលូត​កូន​ដោយ​ស្រប​ច្បាប់ និង​សុវត្ថិភាព។

បន្ថែម​ពី​នេះ​ទៀត ការ​ស្លាប់ ឬ​ពិការភាព​មកពី​ការ​រំលូត​កូន​ដោយ​គ្មានសុវត្ថិភាព​អាច​កាត់បន្ថយ​បាន​ប្រសិនជា​មាន​ការ​ព្យាបាលបាន​រហ័ស​ និង​ទាន់​ពេលវេលា។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/news-room/fact-sheets/detail/preventing-unsafe-abortion

https://www.doctorswithoutborders.org/what-we-do/news-stories/story/unsafe-abortion-forgotten-emergency

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម