តមអាហារ អាចធ្វើឲ្យពិបាកយកកូន?

    តមអាហារ អាចធ្វើឲ្យពិបាកយកកូន?

    មានការលើកឡើងថា តម​អាហារ ​ប៉ះពាល់​ដល់​ការយក​កូន? តើរឿង​នេះ​ពិត​ដែរ​ទេ? “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​​ក្នុង​អត្ថបទខាង​ក្រោមនេះ។

    ១- តម​អាហារ​ប៉ះពាល់​ការបង្ក​កំណើត​​ស្រីៗ?

    តាម​ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយនៅ​សាកល​វិទ្យាល័យ​ Harvard សហរដ្ឋ​អាមេរិក សហការ​ជាមួយ​មន្ទីរ​ពេទ្យ Massachusetts General Hospital (MGH) ​សិក្សា​ទៅ​លើ​ពពួក​សត្វ​កណ្តុរ​ញី​ រក​ឃើញ​ថា​ រឹត​ត្បិត​ចំនួនកាឡូរី​ទៅលើ​កណ្តុរ​ញី​​ពេញ​វ័យ ​មិន​ត្រឹម​តែ​មិន​ប៉ះពាល់​ការ​បង្ក​កំណើត​ទេ ថែម​ទាំង​អាច​ការ​ពារ​ពី​ភាព​មិនប្រក្រតី​នៃ​ការ​ពពោះ​ទៀត​ផង។

    ​អ្នក​វិទ្យាសាស្ត្រ​បាន​ពិនិត្យ​លើ​កណ្តុរ​ញី​ពេញ​វ័យ ២​ ក្រុម​ ​មាន​វ័យ​ពី ៣-១២ ឆ្នាំ ដោយ​គោល​បំណង ដើម្បី​ពិនិត្យ​មើល​ពី​របប​អាហារ ​អាច​ប៉ះ​ពាល់​ដល់​គុណភាព​មេជីវិតញី និង​ការ​បន្តពូជ របស់​សត្វ​កណ្ដុរ​ ឬយ៉ាង​ណា។

    កណ្ដុរ​មួយ​ក្រុមត្រូវ​បាន​គេ​​ដាក់​ឲ្យស៊ីចំណីច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ក្នុង​អំឡុង​ពេល​ពេញ​វ័យ ខណៈ​កណ្ដុរ​ក្រុម​មួយ​ទៀត ​ត្រូវ​បាន​កំណត់​ត្រឹម​កម្រិត​អាហារ​រយៈពេល ៧ ខែ ​និងឲ្យចំណី​គ្រប់​គ្រាន់​វិញ ​នៅ​ពេល​ការ​សិក្សា​បញ្ចប់។

    ជា​លទ្ធ​ផល ​ក្រុម​សត្វ​កណ្តុរស៊ី​ដោយ​សេរី​ មាន​ការ​ថយ​ចុះ​ចំនួន​មេ​ជីវិត​ញី​ នៅ​ពេល​​ធ្វើ​ការ​បញ្ចេញ​អូវុលម្តងៗ (Ovulation) ឯ​​មេ​ជីវិត​ញី​ពី​ក្រុម​កណ្តុរដែលត្រូវ​គេ​កម្រិត​បរិមាណ​ចំណី​​អាហារ ឃើញ​ថា​ គឺ​បាន​ផលិត​មេជីវិតញី​ច្រើន​ជាង និង​ថែម​ទាំង​​មាន​សុខ​ភាព​ល្អ​ទៀតផង។

    ការ​ស្រាវ​ជ្រាវដោយ​ឡែក​មួយ​ទៀតលើ​សត្វ​ដទៃ ​ដូច​ជា ស្វា​ញី​ ​ក៏​ទទួល​បាន​លទ្ធ​ផល​ដូច​គ្នា​ដែរ នាំ​ឲ្យ​អ្នក​​ស្រាវ​ជ្រាវរំពឹង​ថា ករណី​នេះ នឹងកើត​​មាន​ដូច​គ្នា​លើ​មនុស្សយើង​ ​ពិសេស​ចំពោះ​​ស្រីៗ​ពេញ​វ័យ ​នៅ​ពេល​​តម​អាហារ និង​ការ​បង្ក​កំណើត។

    លទ្ធផលផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​ទាំង​នេះ ​អាច​បញ្ជាក់​បាន​ថា ​តម​អាហារ ​មិន​អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត​​របស់​ស្រីៗ​នោះ​ទេ ផ្ទុយ​មក​វិញ តម​អាហារ​ មាន​អត្ថ​ប្រយោជន៍​ច្រើន ​ដូច​ជា​ អូសបន្លាយ​ពេល​វេលា​អាច​បង្ក​កំណើត​បាន​កាន់​តែ​យូរ និង​បង្កើន​ចំនួន​ផលិត​មេជីវិត​ញី។

    តាម​រយៈ​ការញ៉ាំ​​កាឡូរី​កម្រិតទាប​អំឡុង​ពេល​តម​អាហារ ​ធ្វើឲ្យ​យើង​​ថយ​ចុះ​កម្រិត​ជាតិ​ស្ករ​ ហេតុ​នេះ​ស្រីៗតម​អាហារ អាច​នឹង​មាន​វដ្ដ​រដូវ​ធម្មតា និង​មាន​ការ​ផលិត​ពង​មេជីវិត​ញី​ មាន​សុខភាព​ល្អ។

    អត្ថបទ​ពាក់​ព័ន្ធ​៖

    ២- តម​អាហារ​ប៉ះពាល់​គុណភាពមេជីវិតឈ្មោល?

    ការ​តម​អាហារ ​ក៏​មិន​ប៉ះ​ពាល់​ដល់​គុណ​ភាព​មេ​ជីវិត​ឈ្មោលដូច​គ្នា។ ​ផ្ទុយ​មក​វិញ​ តម​អាហារ​ អាច​ធ្វើ​ឲ្យ​មុខ​ងារ​សរីរាង្គ​បន្ត​ពូជ ​មាន​ភាព​ប្រសើរ​ឡើង។ កម្រិត​ជាតិ​អាស៊ីដ និងសារធាតុ​​អាល់​កាឡាំង​ក្នុង​រាង​កាយ ​នឹងមាន​លំនឹង​​អំឡុង​ពេល​តម​អាហារ ដូច្នេះ​មុខ​ងារ​សរីរាង្គ​ផ្សេង​ៗ ​នឹង​កើន​ឡើង​ដូច​គ្នា។

    ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​ ​និង​រយៈ​ពេល​យូរ​ នឹង​ធ្វើ​ឲ្យបាក់​តេរី វីរុស បារ៉ាស៊ីត​ ​បង្ក​គ្រោះ​ថ្នាក់ដល់​សុខភាព​ ដូច​ជា​កើតមាន​​កោសិកា​មហារីក ​មិន​អាច​រស់​នៅ​​ក្នុង​កោសិកាយើង​បាន​។ មួយ​វិញ​ទៀត ​តម​អាហារ​អាច​ ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​សម្រាក អនុញ្ញាត​ឲ្យ​ជាតិ​ពុល និង​កាកសំណល់​ផ្សេង​ៗ​ក្នុង​រាង​កាយ​រលាយ​អស់។

    ដើម្បី​ថែរក្សា​គុណ​ភាព​ឲ្យមេ​ជីវិត​ឈ្មោល និង​មេ​ជីវិត​ញីអំឡុង​ពេល​តម​អាហារ ​គួរ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យ​ភាព និង​រក្សា​ការ​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។
    Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Effects of Ramadan fast on male fertility. Https://www.ncbi.nlm.nih.gov/pubmed/3090956. Accessed June 8, 2017.

    Fasting could extend female fertility. Https://www.newscientist.com/article/dn17701-fasting-could-extend-female-fertility/. Accessed June 8, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 10/09/2019
    ត្រួតពិនិត្យដោយ គឹម កាណែល