ឈានដល់វ័យ ៣០ឆ្នាំ ស្រីៗជាច្រើនជឿថា ជាពេលល្អបំផុត ដើម្បីក្លាយជាម៉ាក់ៗគេ ព្រោះនៅវ័យនេះ ជាពេលចំណងស្នេហ៍ និងការងារកំពុងរីកចម្រើនខ្លាំង អាចជាគ្រឹះរឹងមាំ ដើម្បីបង្កើតគ្រួសារផ្ទាល់ខ្លួន។ ប៉ុន្តែក្រុមអ្នកជំនាញជាច្រើន តែងលើកឡើងពេលវេលាមានកូនល្អបំផុត គឺនៅវ័យ ២០ ឆ្នាំស្តើង។ យ៉ាងណា ទោះវ័យដល់ ៣០ឆ្នាំ នៅតែអាចមានកូនសុខភាពល្អបាន ហើយអត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងលើកឡើងពីគុណសម្បត្តិ និងវិបត្តិ ស្រីៗមានកូននៅវ័យ ៣០ ឆ្នាំឡើង។
១- គុណសម្បត្តិ
ស្រីៗនៅវ័យ ៣០ឆ្នាំ មានកម្លាំង និងភាពអត់ធ្មត់ខ្លាំង ដែលជាគុណសម្បត្តិមួយ ផ្តល់ភាពងាយស្រួលក្នុងការចិញ្ចឹមបីបាច់កូន។ គ្នាយើងវ័យស្របាលនេះ អាចមានស្ថិរភាពហិរញ្ញវត្ថុ ព្រោះសុទ្ធតែបានប្រើពេលជាច្រើន ដើម្បីកសាងខ្លួននៅកន្លែងធ្វើការ។ ដើម្បីធានាអនាគតទាំងម៉ាក់ៗ និងកូន គ្នាយើងត្រូវប្រាកដថា ស្ថានភាពហិរញ្ញវត្ថុយើង នៅពេលបន្តល្អទៅមុខ ពេលលែងផ្អាកធ្វើការពពោះនៅផ្ទះ និងថែទាំកូនក្រោយសម្រាល។ ជាមួយគ្នានេះ ស្រីៗគ្នាយើង ក៏ត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈខ្លួន និងមានកុងត្រាច្បាស់លាស់ ជាមួយកន្លែងក្រុមហ៊ុន ដើម្បីអាចត្រលប់មកធ្វើការវិញដោយរលូន។
២- គុណវិបត្តិ
អ្វីក៏ដោយ ឲ្យតែមានគុណសម្បត្តិ ក៏សុទ្ធតែមានគុណវិបត្តិដូចគ្នា ខណៈមានកូននៅវ័យ ៣០ ឆ្នាំឡើង ក៏អ៊ីចឹងដែរ។ ក្រោយឈានដល់អាយុ ៣៥ឆ្នាំ ឱកាសពពោះរបស់យើង នឹងចាប់ផ្ដើមធ្លាក់ចុះ ហើយបញ្ហាហ្សែនណេទិក ក៏ចាប់ផ្ដើមកើនឡើង ហេតុនេះគ្នាយើងឈានដល់អាយុនេះ នឹងត្រូវណែនាំឲ្យពិនិត្យយ៉ាងម៉ត់ចត់ ទាំងមុនពេល និងអំឡុងពេលពពោះ។ ដោយសារកត្តាអាយុ ស្រីៗវ័យនេះ ប្រឈមអត្រារលូតកូន និងផលវិបាកផ្សេងៗនៃការពពោះ នឹងកើនឡើងបន្តិចម្តងៗ ទៅតាមនឹងដូចគ្នា។ បើគ្នាយើងឈានដល់អាយុ ៣៥ ឆ្នាំហើយនោះ ហើយគិតចង់បានកូន ត្រូវគិតពីបញ្ហាទាំងនេះឲ្យម៉ត់ចត់ ព្រោះឱកាសមានកូន គឺកាន់តែទាប។
៣- ឱកាសជោគជ័យ
នៅវ័យ៣០ឆ្នាំ ស្រីៗមានឱកាសបង្កកំណើតបានប្រមាណ ១៥% នៃវដ្តរដូវម្ដងៗ ហើយអត្រាជោគជ័យក្នុងមួយឆ្នាំ មានរហូតដល់ ៧៥%ឯណោះ តែអត្រានេះ នឹងធ្លាក់ចុះនៅមកត្រឹម ៦៥% នៅពេលយើងចូលដល់ដល់វ័យ ៣០ ឆ្នាំក្រាស់។ បញ្ហាប្រឈមរលូតកូននឹងកើតមានម្ដងបន្តិចៗ នៅវ័យ ៣០ ឆ្នាំដំបូង បន្ទាប់មកនឹងឡើងខ្លាំងនៅវ័យ ៣០ ឆ្នាំក្រាស់ ដោយអត្រាប្រឈមមាន ១៨% ចំពោះស្រីៗមានវ័យ ៣៥ឆ្នាំ ប៉ុន្តែនឹងកើនឡើងដល់ ៣៤% នៅពេលឈានដល់វ័យ ៤០ ឆ្នាំស្ដើង។
អត្ថបទពាក់ព័ន្ធ៖
- ពពោះអាយុនេះ ល្អបំផុតសម្រាប់ស្រីៗ
- តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ
៤- បើចង់បានកូនគួរធ្វើម៉េច?
បើយើងស្ថិតត្រឹមវ័យ ៣០ ឆ្នាំស្ដើង ហើយរួមភេទដោយមិនបានការពារញឹកញាប់ ពេញមួយឆ្នាំ ប៉ុន្តែនៅតែមិនអាចមានកូនទៀតនោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យហើយ។ បើយើងមានអាយុច្រើនជាង ៣៥ឆ្នាំ ហើយបានរួមភេទមិនការពាររយៈពេល ៦ខែ នៅតែមិនមានកូន សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ដើម្បីទទួលបានការពពោះតាមធម្មជាតិ និងមានសុខភាពល្អ សូមប្រើពេលវេលារបស់យើងដើម្បីរៀបចំខ្លួន។ ការពពោះអាចនឹងពិបាក បើយើងធ្លាប់មានជំងឺកាមរោគពីមុន ឬមានរដូវមិនទៀង។ ក្នុងករណីនេះ សូមពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]