ស្រីៗគ្នាយើង ទើបដឹងថាមានកូនថ្មីថ្មោង ច្បាស់ជាពិបាកសម្រេចចិត្តបន្តិចពាក់ព័ន្ធរឿងសម្រាលកូន គួរសម្រាលដោយធម្មជាតិ ឬវះកាត់ទើបល្អ។ ពាក់ព័ន្ធការសម្រេចចិត្តនេះ គ្នាយើងធម្មតាតែងពិភាក្សាជាមួយប្តី ក្រុមគ្រួសារមិត្តភក្តិ មុនថ្ងៃសម្រាលចូលមកដល់។ ប៉ុន្តែត្រូវចាំថា ទោះយើងសម្រេចចិត្តយកវិធីសម្រាលណាក៏ដោយ គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ហេតុនេះត្រូវចេះថ្លឹងថ្លែងឲ្យបានច្បាស់។ “Hello គ្រូពេទ្យ” នឹងលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ ទាំងការសម្រាលកូនដោយធម្មជាតិ និងវះកាត់ ឲ្យគ្នាយើងបានដឹង។
១- សម្រាលកូនតាមធម្មជាតិ
ការសម្រាលកូនតាមធម្មជាតិ ឬការសម្រាលកូនតាមទ្វារមាស គឺជាវិធីធម្មជាតិមួយ ដែលគ្មានជំនួយវេជ្ជសាស្ត្រណាមួយនោះឡើយ លុះត្រាតែយើងឈានចូលដំណាក់កាលពិបាកសម្រាល ទើបគ្រូពេទ្យធ្វើអន្តរាគមន៍ដើម្បីជួយយើងឲ្យសម្រាលកូនបាន។ គុណសម្បត្តិ និងគុណវិបត្តិសម្រាលកូនតាមធម្មជាតិ មានដូចជា៖
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
– គុណសម្បត្តិ៖
- ម៉ាក់ៗមានមោទនភាព នៅពេលសម្រាលកូនបានដោយជោគជ័យ។
- ចំណាយពេលខ្លីស្នាក់នៅមន្ទីរពេទ្យ (ជាទូទៅ ៣ ថ្ងៃក្រោយសម្រាល)។
- មុខរបួសឆាប់ជាសះស្បើយ ហើយអាការៈឈឺចាប់ក្រោយសម្រាល មានរយៈពេលខ្លី។
- កាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាម ក្នុងសរសៃបញ្ជូនទៅឲ្យសួត និងបញ្ហាផ្លូវដង្ហើមផ្សេងៗ ដូចជា ដកដង្ហើមញាប់ និងដង្ហក់ស្ទះផ្លូវដង្ហើម ចំពោះកូន។
- បេប៊ីមានអត្រាកើតជំងឺហឺតទាប មិនសូវប្រតិកម្មអាហារ មិនប្រឈាមបញ្ហាបៅទឹកដោះមិនបាន។
- សម្រាលកូនលើកក្រោយ អាចឆាប់រហ័ស និងងាយស្រួលជាងមុន។
- ម៉ាក់ៗអាចចាប់ផ្ដើមបី និងបំបៅកូនភ្លាមៗក្រោយសម្រាល។
- ម៉ាក់អាចចៀសផុតពីបញ្ហាធ្លាក់ឈាមច្រើន មានដុំឈាមកក និងការប៉ះទង្គិចសរីរាង្គផ្នែកខាងក្នុង។
ម៉ាក់ៗឧស្សាហ៍មានអារម្មណ៍មួម៉ៅ និងព្រួយចិត្តច្រើន។ អាចបណ្ដាលឲ្យឈាមធ្លាក់ច្រើន។ ទ្វារមាសអាចដាច់រហែកដោយសារការសម្រាល។ កង្វះអុកស៊ីហ្សែន អាចកើតមានចំពោះទារក ដោយសារសង្កត់ទងសុក ឬបញ្ហាផ្សេងៗកើតមានកំឡុងពេលសម្រាល។ រាងកាយទារក អាចមានប៉ះទង្គិចនៅពេលម៉ាក់ៗប្រឹងសម្រាល ឬការប្រើឧបករណ៍ជំនួយផ្សេងៗ ដូចជា ឡើងជាំ ហើមសាច់ ឬបើធ្ងន់ធ្ងរ អាចឈានដល់បាក់ឆ្អឹង។ ស្បូនមិនត្រឡប់មកដូចដើមក្រោយសម្រាល (តែជាករណីកម្របំផុត)។ ក្នុងរយៈពេល ០៣ ខែដំបូងក្រោយសម្រាល ម៉ាក់ៗអាចមានការឈឺចាប់អំឡុងពេលរួមភេទ បើមានការដាច់រហែក ឬស្នាមរបួសនៅត្រង់ទ្វារមាស បើអាងត្រគាកតូចពេក ឬទារកថ្លោសពេក ឆ្អឹងគូទម៉ាក់ៗអាចមានប៉ះទង្គិចក្នុងពេលសម្រាល។ អាចប្រឈមមុខជំងឺនោមទាស់ ឬជំងឺស្រុតស្បូន។ ២- សម្រាលកូនដោយវះកាត់
ការសម្រាលកូនដោយវះកាត់ គឺជាវិធីសម្រាលដោយពេទ្យធ្វើការវះពោះ និងស្បូនដើម្បីទាញទារកចេញមកក្រៅ ហើយគុណសម្បត្តិ និងគុណវិបត្តិសម្រាលកូនដោយវិធីនេះ មានដូចខាងក្រោម។
– គុណសម្បត្តិ៖
- ម៉ាក់ៗអាចដឹងមុនថា កូននឹងកើតចេញនៅពេលណា ជាហេតុនាំឲ្យមិនសូវព្រួយបារម្ភ។
- ចៀសផុតករណីកូនចាស់ខែ
- កាត់បន្ថយហានិភ័យធ្លាក់ឈាមក្រោយសម្រាល ជំងឺបាក់ទឹកចិត្តក្រោយសម្រាល របួសអាងឆ្អឹងត្រគាក និងជំងឺផ្សេងៗទៀត។
- កាត់បន្ថយឱកាសឆ្លងជំងឺពីម៉ាក់ៗទៅកូន បើយើងមានជំងឺកាមរោគ ឬជំងឺឆ្លង ដូចជា ជំងឺប៉េស្ត ជំងឺអេដស៍ ជំងឺរលាកថ្លើម និង មេរោគ HPV ដែលបង្កឲ្យមានជំងឺមហារីកមាត់ស្បូន ជាដើម។
![សម្រាលកូន៣](https://cdn.hellokrupet.com/wp-content/uploads/2021/02/សម្រាលកូន៣.jpg)
– គុណវិបត្តិ៖
- អាចមានផលប៉ះពាល់ ដូចជា ឈឺក្បាលធ្ងន់ធ្ងរ វិលមុខ និងក្អួត។
- ត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេលយូរ ហើយមុខរបួសចំណាយពេលយូរដើម្បីជាសះស្បើយ។
- កូនអាចកើតមុនខែ បើសិនរាប់អាយុគភ៌ខុស។
- អាចមានរបួសត្រង់ពោះវៀន ឬប្លោកនោម។
- ហូរឈាមច្រើន។
- ហានិភ័យខ្ពស់មានការរហែកស្បូន និងខ្សោយពោះវៀន។
- ទារកប្រឈមស្លាប់ក្រោយសម្រាល ឬអាចមានជំងឺស្ទះផ្លូវដង្ហើម ដកដង្ហើមញាប់ និងការឡើងសម្ពាធឈាមខ្ពស់ក្នុងសរសៃបញ្ជូនទៅ សួត។
- ពេលមានកូនលើកក្រោយ ម្ដាយអាចប្រឈមមុខខ្ពស់ កើតជំងឺសុកពាំងមាត់ស្បូន និងជំងឺសុកចាក់ជាប់ជញ្ជាំងស្បូន។
- ម៉ាក់ៗអាចមានអារម្មណ៍មិនស្រួលក្រោយការវះកាត់ ដូច្នេះមិនអាចបំបៅដោះកូន ឬបីកូនភ្លាមៗឡើយ។
- រាងកាយកូនអាចរងប៉ះទង្គិច ឬមុតនឹងកាំបិតវះកាត់។
- ការសម្រាលកូនដោយវះកាត់ មានតម្លៃថ្លៃ។
- អាចគាំងបេះដូង។
- អាចមានដុំឈាមកកត្រង់មុខរបួស ឬក្នុងសរសៃឈាម។
- អាចឆ្លងរោគរលាកស្រទាប់ក្នុងស្បូន។
- ឈឺចាប់ត្រង់ស្នាមវះកាត់ អាចប្រឈមដាច់ថ្នេរ បើសិនមិនប្រយ័ត្ន។
ការសម្រាលកូន មិនថាតាមវិធីណា សុទ្ធតែមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន។ យ៉ាងណាមិញ គ្រូពេទ្យជំនាញ នឹងណែនាំវិធីសមស្របទៅតាមលក្ខខណ្ឌសុខភាពយើងផ្ទាក់។ ដូច្នេះ ម៉ាក់ៗកុំបារម្ភច្រើនពេក សូមធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ ហើយពិគ្រោះជាមួយគ្រូពេទ្យ បើសិនមានចម្ងល់។