យល់សប្តិ តែងកើតមានជាធម្មតាសម្រាប់មនុស្សយើងនៅពេលគេងលង់លក់ ហើយការយល់សប្តិក៏អាចចាត់ទុកថាជាផ្នែកមួយនៃដំណេកល្អរបស់មនុស្សយើងដែរ។ ប៉ុន្តែ សម្រាប់ស្រ្តីមានផ្ទៃពោះ អាចខុសប្លែកបន្តិចរឿងយល់សប្ដិនេះ ដោយអាចឧស្សាហ៍មានសុបិនអាក្រក់ ឬយល់សប្តិឃើញស្ដែងៗពីអ្វីមួយញឹកជាងធម្មតា កាលមុនមានផ្ទៃពោះ។
ខាងក្រោមនេះជាការប្រែប្រួលផ្នែកយល់សប្តិមួយចំនួនដែលស្រ្តីមានផ្ទៃពោះអាចជួបប្រទះ៖
១. យល់សប្ដិប្លែកៗច្រើន
មនុស្សទូទៅមានការយល់សប្ដិប្លែកៗពេលគេងលង់លក់ ដែលការយល់សប្ដិទាំងនោះមានដូចជាការយល់សប្ដិបែបមានមហិទ្ធិឫទ្ធិ ក្ដុកក្ដួលអារម្មណ៍ខ្លាំង ហើយមានរូបភាពច្បាស់ៗជាដើម។ អ្វីក្នុងយល់សប្ដិទាំងនេះ គឺហាក់ដូចជាការពិតជាក់ស្ដែងអ៊ីចឹងដែរ។
ទោះបីជាសុបិនប្លែកៗបែបនេះអាចកើតមានលើមនុស្សគ្រប់គ្រប់គ្នា តែសម្រាប់ស្រ្តីមានផ្ទៃពោះ សុបិនបែបនេះអាចកើតមានច្រើនដងជាង។ ខុសពីរូបភាពបែបស្រមើស្រមៃ ដែលពិបាកដាក់បញ្ចូលគ្នាឲ្យទៅជារឿងអ្វីមួយបាន ការយល់សប្ដិរបស់ស្រ្តីមានផ្ទៃពោះហាត់ដូចជាជីវិតពិតអ៊ីចឹងដែរ។ ស្រ្តីមានផ្ទៃពោះមួយចំនួនអាចភ្ញាក់ពីដំណេក ដោយសារតែការយល់សប្ដិនោះ និងអាចគិតថាតើវាជារឿងពិត ឬជាការយល់សប្ដិទៀតផង។
២. ឧស្សាហ៍យល់សប្ដិ
ស្រ្តីមានផ្ទៃពោះមួយចំនួនជឿថាខ្លួនយល់សប្តិច្រើនជាងធម្មតាពេលកំពុងមានផ្ទៃពោះ។ វាអាចដែរថាស្រ្តីមានផ្ទៃពោះអាចយល់សប្ដិច្រើនពេលគេងយប់ ឬកើនលើសនេះទៅទៀតនៅពេលគេងថ្ងៃថែមទៀត។ ការមានផ្ទៃពោះ អាចធ្វើឲ្យស្រីៗយើងអង់កម្លាំង ហើយពេលណាយើងគេងសម្រាកច្រើន យើងក៏អាចនឹងយល់សប្ដិច្រើនដូចគ្នា។
៣. យល់សប្ដិឃើញកូន
វាមិនចម្លែកទេនៅពេលដែលយើងដឹងថានឹងមានសមាជិកថ្មីចូលមកនៅក្នុងគ្រួសារ ដែលនេះជាពេលមួយដែលស្រ្តីសប្បាយចិត្ត និងរំភើបបំផុតមួយ។ ការសប្បាយចិត្ត និងរំភើបនេះ គឺជារឿងធម្មជាតិ និងធម្មតាមួយនាំឲ្យស្រីៗយើងយល់សប្តិឃើញខ្លួនឯង និងកូន។
ដូចគ្នាដែរ យើងពពោះកូនរាល់ថ្ងៃ គិតពីកូនរាល់ថ្ងៃ នោះពិតណាស់ថាពេលខ្លះនឹងយល់សប្ដិឃើញថាកូនបានកើត ឬយើងបានកាន់ឱបកូនក្នុងដៃជាដើម។ ស្រ្តីមួយចំនួនទៀត យល់សប្ដិឃើញទាំងបានដាក់ឈ្មោះឲ្យកូន និយាយជាមួយកូន និងដឹងពីភេទរបស់កូនក៏មាន។
៤. យល់សប្ដិអាក្រក់
ទន្ទឹមនឹងការយល់សប្ដិឃើញពីភាពរំភើបរីករាយ ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏មានដែរស្រ្តីមានផ្ទៃពោះអាចយល់សប្ដិអាក្រក់។
ការសិក្សាមួយធ្វើឡើងនៅឆ្នាំ២០១៦ បានសម្គាល់ថាស្រ្តីមានផ្ទៃពោះយល់សប្ដិអាក្រក់ មិនមែនជារឿងធម្មតានោះទេ ដោយថាការយល់សប្ដិអាក្រក់នេះអាចមកពីមានការភ្ញោចខាងផ្លូវអារម្មណ៍។ ការយល់សប្ដិអាក្រក់នេះ អាចមកពីស្រ្តីមានផ្ទៃពោះមានអារម្មណ៍ថប់បារម្ភពីរឿងសម្រាល ឬបារម្ភពីរឿងដែលអាចកើតមានលើកូន។
ការយល់សប្ដិមិនល្អនេះ អាចមានទម្រង់ផ្សេងៗគ្នា។ ស្រ្តីមានផ្ទៃពោះ អាចយល់ឃើញដូចជាធ្លាក់កូនពីដៃ ឬវង្វេងកូន ឬអ្នកធ្លាប់មានប្រវត្តិរលូតកូន អាចនឹងយល់សប្ដិឃើញការរលូតកូនជាថ្មី ជាដើម។
ហេតុអ្វីស្រ្តីមានផ្ទៃពោះសុបិនប្រែប្រួល?
ការប្រែប្រួលនៃសុបិនអំឡុងពេលមានផ្ទៃពោះអាចពន្យល់បានថាមកពីការប្រែប្រួលកម្រិតអ័រម៉ូន ដែលជាកត្តាធំបំផុតមួយនៃការប្រែប្រួលនេះ។
អ័រម៉ូនឡើងចុះ អំឡុងពេលពពោះ អាចមានឥទ្ធិពលខ្លាំងក្លាលើរាងកាយស្រ្តីយើង។ ដោយសារតែអ័រម៉ូនប្រែប្រួលនេះហើយ បានជាធ្វើឲ្យស្រីៗយើងមានអារម្មណ៍ប្រែប្រួលដែរ។ ការប្រែប្រួលអ័រម៉ូនអាចធ្វើឲ្យអារម្មណ៍ប្រែប្រួលខ្លាំង នាំឲ្យយើងមានការយល់សប្ដិកាន់តែច្រើនដែរ។
បន្ថែមពីនេះ ការប្រែប្រួលអ័រម៉ូនពេលពពោះ ក៏អាចធ្វើឲ្យមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំង មានន័យថាស្រ្តីពពោះត្រូវការគេងកាន់តែច្រើន ដែលនាំឲ្យមានការយល់សប្ដិច្រើនដែរ។
[embed-health-tool-due-date]
តិចនិកគេងសម្រាប់ស្ត្រីមានផ្ទៃពោះ
- កុំផឹកទឹកច្រើនពេកមុនពេលចូលគេង ដើម្បីកុំឲ្យត្រូវឡើងចូលបន្ទប់ទឹកញឹកញាប់
- បន្ទប់គេងត្រូវងងឹត មានសីតុណ្ហភាពសមស្រប និងស្ងាត់ល្អ
- បិទទូរទស្សន៍ និងទុកទូរសព្ទឲ្យឆ្ងាយពីខ្លួន
- គេងថ្ងៃជារឿងល្អ តែកុំគេងយូរពេក អាចនាំឲ្យរំខានដល់ការគេងពេលយប់
- អាចអានសៀវភៅ ឬស្ថាប់ភ្លេងមុនចូលគេង។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?