អំឡុងពេលពពោះ ម៉ាក់ៗសម័យទំនើប មិនសូវពិបាកចិត្តរឿងឈឺពោះត្រូវសម្រាលដោយធម្មជាតិទេ ដោយសារបច្ចេកទេសផ្នែកវេជ្ជសាស្ត្រឥឡូវនេះទំនើប ធ្វើឲ្យការសម្រាលដោយវះកាត់កាន់តែមានភាពងាយស្រួល។ ថ្វីបើយ៉ាងនេះក្ដី ក៏គ្រូពេទ្យមិនលើកទឹកចិត្តឲ្យមានការសម្រាលកូនដោយវះកាត់ដែរលើកលែងតែមានផលវិបាកណាមួយដែលតម្រូវជាចាំបាច់ត្រូវសម្រាលកូនដោយវះកាត់។ សម្រាប់ការសម្រាលដោយវះកាត់វិញ មានម៉ាក់ៗខ្លះឆ្ងល់ថា បើវះកាត់សម្រាលកូន តើអាចវះបានប៉ុន្មានដង? វេជ្ជបណ្ឌិតរបស់ ” Hello គ្រូពេទ្យ ” មានចម្លើយក្នុងអត្ថបទនេះ។
ឆ្លើយតបទៅនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-សែនសុខ ពន្យល់ថា ស្ត្រីអាចវះកាត់សម្រាលកូនបានច្រើនដងអាស្រ័យលើសុខភាពម្ដាយជាក់ស្ដែង ឬប្រសិនបើមានផលវិបាកនៅពេលសម្រាលកូនតាមធម្មជាតិមិនកើត។
វាក៏អាស្រ័យទៅលើសុខភាពរបស់ម៉ាក់ៗជាក់ស្ដែង និងមិនមានប្រឈមបញ្ហាជំងឺផ្សេងៗ ប៉ុន្តែយកល្អបំផុត ស្ត្រីគួរវះកាត់សម្រាលយ៉ាងច្រើនណាស់ត្រឹម ៣ ដងបានហើយជាការល្អ។
វេជ្ជ. ចាន់ ស៊ីណេត
ផ្ទុយទៅវិញ ម៉ាក់ៗក៏ត្រូវដឹងថា ស្ត្រីដែលវះកាត់សម្រាលកូនម្ដងហើយម្ដងទៀតមានហានិភ័យខ្ពស់នៃបញ្ហាដូចជា៖
១. បញ្ហាជាមួយសុក៖ នៅពេលដែលស្ត្រីវះកាត់សម្រាលកូនច្រើនដង កាន់តែប្រឈមបញ្ហាជាមួយសុកខ្ពស់ដូចជា សុកចាក់ចូលជញ្ជាំងស្បូន ឬសុកពាំងមាត់ស្បូន ដែលអាចបង្កឲ្យកូនកើតមិនគ្រប់ខែ ហូរឈាមច្រើនពេក និងតម្រូវបញ្ចូលឈាម រហូតអាចត្រូវកាត់ស្បូនចោលក៏ថាបាន។
២. ផលវិបាកទាក់ទងនឹងស្អិតជាប់ជញ្ជាំងពោះ៖ បណ្ដុំនៃជាលិកាដែលស្រដៀងនឹងស្លាកស្នាម អាចកើតឡើងក្នុងអំឡុងពេលវះកាត់សម្រាលនីមួយៗ។ ការជាប់ស្អិតនៅជញ្ជាំងពោះអាចធ្វើឲ្យការវះកាត់សម្រាលកាន់តែពិបាក និងបង្កើនហានិភ័យនៃការរបួសប្លោកនោម ឬពោះវៀន ឬប្រឈមនឹងការហូរឈាមច្រើនពេក។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
៣. ផលវិបាកទាក់ទងនឹងការវះកាត់៖ កត្តាប្រឈមទាក់ទងនឹងបញ្ហាវះកាត់នេះ ក៏អាចមានដែរ ដូចជាបញ្ហាក្លនលូន ដែលអាចកើនលើអ្នកដែលធ្លាប់វះកាត់បើកពោះពីមុនៗ ហើយបើមានបញ្ហាក្លនលូនចាំបាច់ត្រូវធ្វើការវះកាត និងដេរភ្ជិតជាថ្មីឡើងវិញ។
ចំនួននៃការវះកាត់សម្រាល ក៏អាចប៉ះពាល់ដល់ជម្រើសនៃការសម្រាលកូននៅថ្ងៃខាងមុខរបស់ម៉ាក់ៗផងដែរ ហើយអ្នកជំនាញមិនណែនាំឲ្យសម្រាលកូនដោយធម្មជាតិវិញទេ ប្រសិនបើម៉ាក់ៗធ្លាប់វះកាត់សម្រាលកូន ២-៣ដងរួចហើយនោះ។ យ៉ាងណាក៏ដោយ ម៉ាក់ៗគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញពីជម្រើសនៃការសម្រាលដ៏ស័ក្ដិសមសម្រាប់ខ្លួនដែលមានហានិភ័យទាប និងមិនប៉ះពាល់ដល់ការសម្រាលនាពេលអនាគត។
![វះកាត់សម្រាលកូន](https://cdn.hellokrupet.com/wp-content/uploads/2022/03/shutterstock_1943162956.jpg)