តើម៉ាក់ៗណាខ្លះ ដែលដើរចូលបន្ទប់មួយ ហើយមិនដឹងថាខ្លួនចូលទៅបន្ទប់នោះធ្វើអ្វី? ឬកំពុងតែស្វែងរកវ៉ែនតា ដែលកំពុងតែពាក់នៅលើក្បាលរបស់ខ្លួនដែរឬទេ? ប្រសិនបើរឿងរ៉ាវស្រដៀងនេះកើតឡើងម្ដងម្កាល ម៉ាក់ៗមិនចាំបាច់បារម្ភនោះទេ ប៉ុន្តែប្រសិនបើវាកើតឡើងញឹកញាប់ ហើយយើងទើបតែសម្រាលកូនរួចផងនោះ យើងអាចនឹងមានឱកាសកើតមានអាការៈភ្លេចភ្លាំងក្រោយសម្រាល។
ជាទូទៅ អាការៈនេះ កើតឡើងបន្ទាប់ពីមានផ្ទៃពោះ ហើយជួនកាល វាអាចបន្តរហូតដល់រយៈពេល៥ខែ បន្ទាប់ពីសម្រាលកូនរួច។ យោងតាមការសិក្សាមួយ បានបង្ហាញថា នៅពេលដែលយើងក្លាយខ្លួនជាអ្នកម៉ាក់ វាអាចមានឥទ្ធិពលជារៀងរហូតលើមុខងារនៃការយល់ដឹង។ វាក៏អាចធ្វើឲ្យមានការលូតលាស់ខួរក្បាល ហើយថែមទាំងអាចនាំឲ្យមានការផ្លាស់ប្ដូរនៅផ្នែកដែលទទួលខុសត្រូវចំពោះការយល់ដឹងសង្គម និងការអាណិតស្រឡាញ់ផងដែរ។
កត្តាអ្វីដែលបណ្ដាលឲ្យកើតមានការភ្លេចភ្លាំងក្រោយសម្រាល
ជាក់ស្ដែង មានកត្តាជាច្រើនដែលនាំឲ្យកើតមានអាការៈភ្លេចភ្លាំងក្រោយសម្រាលនេះ ហើយកត្តាចម្បងនោះ គឺជាតម្រូវការក្នុងការថែទាំទារកដែលទើបនឹងកើត ដែលជាញឹកញាប់ ម៉ាក់ៗតែងតែលះបង់ការគេងរបស់ខ្លួន។ មូលហេតុនេះហើយ ដែលបណ្ដាលឲ្យខួរក្បាលចុះខ្សោយ ក៏ដូចជាធ្វើឲ្យយើងភ្លេចភ្លាំងច្រើន។ ក្រៅពីនេះ ម៉ាក់ៗដែលមានផ្ទៃពោះឆ្លងកាត់ការផ្លាស់ប្ដូរប្រព័ន្ធប្រសាទក្នុងខួរក្បាល អំឡុងពេល និងក្រោយពេលមានផ្ទៃពោះ ដែលជះឥទ្ធិពលដល់ការចងចាំរបស់ម៉ាក់ៗយ៉ាងខ្លាំង។ ជាធម្មតា បញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនឯងទៅតាមពេលវេលា។
យើងគួរដោះស្រាយអាការៈភ្លេចភ្លាំងក្រោយសម្រាលនេះយ៉ាងម៉េច?
ទោះបីជាយើងដឹងថា ការភ្លេចភ្លាំងតិចតួចគឺជាផ្នែកមួយនៃការក្លាយជាអ្នកម៉ាក់ក៏ពិតមែន ប៉ុន្តែ ពេលខ្លះ វាបានក្លាយជារឿងដ៏គួរឲ្យធុញទ្រាន់នៅពេលដែលយើងភ្លេចរឿងសំខាន់ៗ។ អាការៈនេះ មិនមានភាពធ្ងន់ធ្ងរ ឬមានអ្វីដែលគួរឲ្យបារម្ភឡើយ។ យ៉ាងណាមិញ យើងមិនអាចគេចផុតពីផលប៉ះពាល់នៃការមានផ្ទៃពោះនេះបានទេ ប៉ុន្តែម៉ាក់ៗអាចព្យាយាមដោះស្រាយវាបានតាមវិធីសាស្ត្រទាំងនេះ។
១. កត់ត្រាកិច្ចការចាំបាច់ដែលត្រូវធ្វើ
វិធីសាស្ត្រដែលល្អបំផុតដើម្បីដោះស្រាយបញ្ហាភ្លេចភ្លាំង គឺការកត់ត្រាកិច្ចការសំខាន់ៗដែលត្រូវធ្វើ នៅពេលដែលយើងចាំបាច់ត្រូវចងចាំរឿងរ៉ាវជាច្រើន។ ចូររក្សាទុកក្រដាសកត់ត្រានៅជិតខ្លួន ដូច្នេះហើយ យើងអាចកត់ត្រាភ្លាមៗចំពោះរឿងរ៉ាវដែលសំខាន់ៗ។ ជាមួយគ្នានេះដែរ យើងក៏អាចដាក់សំឡេងរោទិ៍ ឬកត់ត្រានៅក្នុងReminder ដែលមាននៅក្នុងទូរសព្ទបានដូចគ្នា។
![ភ្លេចភ្លាំងក្រោយសម្រាល២](https://cdn.hellokrupet.com/wp-content/uploads/2021/02/ភ្លេចភ្លាំងក្រោយសម្រាល២.jpg)
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. គេងឲ្យបានគ្រប់គ្រាន់
ជាទូទៅ ការគេងមិនគ្រប់គ្រាន់ គឺកើតឡើងនៅអំឡុងពេលពីរបីខែដំបូង បន្ទាប់ពីសម្រាលកូនរួច ដោយម៉ោងគេងរបស់ម៉ាក់ៗ ត្រូវផ្អែកទៅលើពេលវេលាគេងរបស់កូនដែលទើបនឹងកើត។ យូរៗទៅ ម៉ាក់ៗច្បាស់ជាមានអារម្មណ៍ហត់នឿយ និងគួរឲ្យធុញទ្រាន់មិនខាន។ ពិតណាស់ ការគេងគ្រប់គ្រាន់ គឺមានសារសំខាន់ណាស់សម្រាប់ដំណើរការធម្មតានៃខួរក្បាល និងរាងកាយរបស់យើង។ ដូច្នេះហើយ ចូររៀបចំពេលវេលាគេងរបស់ម៉ាក់ៗ ឲ្យត្រូវគ្នាជាមួយនឹងអាអូនដែលទើបនឹងកើត ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
៣. ថែរក្សាខុសភាពផ្លូវកាយ និងផ្លូវចិត្ត
នៅពេលដែលម៉ាក់ៗមានពេលវេលា ម៉ាក់ៗគួរចូលរួមជាមួយនឹងសកម្មភាពជំនួយដល់រាងកាយ និងការចងចាំ ដោយការលេងហ្គេមផ្គុំពាក្យ ហ្គេមជំនួយប្រាជ្ញា ឬក៏ធ្វើលំហាត់ប្រាណមួយចំនួនទៀត។ ការថែទាំសុខភាពរាងកាយ និងផ្លូវចិត្តអាចជួយកាត់បន្ថយអាការៈភ្លេចភ្លាំងបានមួយកម្រិតផងដែរ។
ចំណុចសំខាន់
ការភ្លេចភ្លាំងក្រោយសម្រាលអាចជារឿងធម្មតាសម្រាប់ស្រីៗយើងដែលទើបសម្រាលកូនរួច ដោយសារតែមានការប្រែប្រួលរាងកាយច្រើនអំឡុងពេលពពោះ និងពេលសម្រាល ក៏ដូចជាការចាប់ផ្ដើមធ្វើជាម៉ាក់ៗគេផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ម៉ាក់ៗគួរព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ថែទាំសុខភាពផ្លូវចិត្ត និងចេះកត់ត្រានូវអ្វីដែលខ្លួនបានធ្វើ ឬត្រៀមនឹងធ្វើ ដើម្បីកុំឲ្យភ្លេចកិច្ចការទាំងនោះ។