ជឿជាក់ថា គ្នាយើងភាគច្រើនប្រាកដជាចូលចិត្ដញ៉ាំផ្លែឪឡឹក ព្រោះផ្លែឈើមួយប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ ហើយសម្បូរលើទីផ្សារ ចំណែកតម្លៃក៏សមល្មមដែលយើងអាចទិញញ៉ាំបាន។ ក្រៅតែពីរសជាតិឆ្ងាញ់ ឪឡឹកក៏មានគុណសម្បត្ដិចំពោះសុខភាពយ៉ាងតិច៥យ៉ាង ដែលគ្នាយើងគួរស្វែងយល់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជឿជាក់ថា គ្នាយើងភាគច្រើនប្រាកដជាចូលចិត្ដញ៉ាំផ្លែឪឡឹក ព្រោះផ្លែឈើមួយប្រភេទនេះមានរសជាតិផ្អែមឆ្ងាញ់ ហើយសម្បូរលើទីផ្សារ ចំណែកតម្លៃក៏សមល្មមដែលយើងអាចទិញញ៉ាំបាន។ ក្រៅតែពីរសជាតិឆ្ងាញ់ ឪឡឹកក៏មានគុណសម្បត្ដិចំពោះសុខភាពយ៉ាងតិច៥យ៉ាង ដែលគ្នាយើងគួរស្វែងយល់។
រាងកាយយើងត្រូវការជាតិទឹក មិនត្រឹមតែពីការញ៉ាំទឹកប៉ុណ្ណោះទេ តែក៏ត្រូវទទួលបានពីបន្លែ ឬផ្លែឈើផងដែរ។ ឪឡឹកមួយផ្លែមានផ្ទុកជាតិទឹកដល់ទៅ ៩២% ល្អបំផុតសម្រាប់សុខភាពអ្នកញ៉ាំ ពិសេសសម្រាប់អ្នកដែល ធ្វើសកម្មភាពបញ្ចេញញើសច្រើនជាប្រចាំ។
ញ៉ាំផ្លែឪឡឹករាល់ថ្ងៃមិនចាំបាច់ព្រួយបារម្ភ រឿងបញ្ហាឡើងគីឡូនោះទេ ព្រោះផ្លែឈើប្រភេទនេះមានកាឡូរីទាប និងកម្រិតជាតិស្ករក៏ទាបដែរ។ មុខងារសំខាន់មួយទៀត គឺជួយឲ្យចរន្ដឈាមដើរស្រួល និងជួយដល់សុខភាពបេះដូងទៀតផង។ ដូច្នេះសម្រាប់គ្នាយើងដែលចូលចិត្ដញ៉ាំរបស់ផ្អែមៗ តែមិនចង់ឡើងគីឡូអាចញ៉ាំផ្លែឪឡឹកនេះបានដោយរីករាយ មិនខ្វល់រឿងឡើងគីឡូ។
ឪឡឹក មានផ្ទុកទៅដោយវីតាមីន A និង សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយការពារ ពីផលប៉ះពាល់ដល់ភ្នែក ជួយឲ្យភ្នែកភឺច្បាស់ល្អ ការពារពីជំងឺស្ងួតភ្នែកផងដែរ។ មិនតែប៉ុណ្ណោះអត្ថប្រយោជន៍ នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចជួយការពារពីបញ្ហាភ្នែកវិវត្ដតាមវ័យ។
ឪឡឹកមិនត្រឹមតែមានជាតិទឹកច្រើនប៉ុណ្ណោះទេ ព្រមទាំងមានជាតិសរសៃច្រើនផងដែរ ដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសម្រាប់គ្នាយើងដែលឧស្សាមានបញ្ហាទល់លាកមកតែម្ដង។ ដូច្នេះការញ៉ាំផ្លែឪឡឹក ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការស្រួល ដែលអាចជួយកាត់បន្ថយបញ្ហាទល់លាមកបាន។
យើងមិនអាចមើលរំលងគុណប្រយោជន៍ឪឡឹកបាននោះទេ ព្រោះប្រភេទផ្លែឈើនេះក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង ពិសេសជួយឲ្យបេះដូងបំពេញមុខងារបានល្អ។ ឪឡឹកមានផ្ទុកទៅដោយ ម៉ាញ៉េស្យូម និង ប៉ូតាស្យូម ដែលកន្លងមកយើងក៏ដឹងដែរថា រ៉ែទាំងពីរប្រភេទនេះ មានសារៈសំខាន់ ចំពោះបេះដូង និង ចរន្ដឈាមខ្លាំងណាស់។ ដូច្នេះញ៉ាំផ្លែឪឡឹកជាប្រចាំក្នុងបរិមាណល្មម ក៏ជួយឲ្យបេះដូងរបស់យើង រឹងមាំល្អផងដែរ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕