ប៉ាម៉ាក់ទាំងអស់ត្រូវដឹងផង វីតាមីន ជាអាហារូបត្ថម្ភចាំបាច់សម្រាប់សុខភាព និងធ្វើឲ្យជាលិកា ប្រព័ន្ធមុខងារ រួមទាំងដំណើរការក្នុងរាងកាយ មានភាពប្រក្រតី។ យើងអាចនឹងគិតថា បញ្ហាកង្វះជីវជាតិបំប៉ន កើតឡើងចំពោះតែគ្មានយើង ឬក្មេងៗពុំទទួលបានអាហារប្រចាំថ្ងៃគ្រប់គ្រាន់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែង ខ្លួនយើង ក៏ដូចជាកូនៗ បើទោះជាមានរបបអាហារប្រចាំថ្ងៃគ្រប់គ្រាន់ ក៏នៅតែប្រឈមកង្វះជីវជាតិចិញ្ចឹម បើអាហារទាំងនោះ គ្មានតុល្យភាពនឹងរាងកាយទេនោះ។ “Hello គ្រូពេទ្យ” នឹងបង្ហាញពីសញ្ញាខ្លះៗ បញ្ជាក់ថាក្មេងៗកំពុងមានបញ្ហាខ្វះជីវជាតិ។
១- ជាតិដែក
ជាតិដែកជួយឲ្យរាងកាយយើង ផលិតឈាមក្រហម នៅពេលកម្រិតជាតិដែកទាប ឈាមក្រហមមិនអាចចាប់យកអុកស៊ីហ្សែនគ្រប់គ្រាន់ ដើម្បីចែកចាយពេញរាងកាយទេ។ ជាលទ្ធផល នឹងធ្វើឲ្យក្មេងៗ មានសភាពស្លេកស្លាំង អស់កម្លាំងជាដើម។ យើងអាចនឹងសម្គាល់ស្បែកក្មេងប្រែជាស្លេក សក់ស្ងួត ហើយស្ដើង។ ដើម្បីបង្កើនកម្រិតជាតិដែក ត្រូវបង្កើនការញ៉ាំអាហារសម្បូរជាតិដែក ដូចជា សាច់គោ អយស្ទ័រ សណ្ដែក និងស្ពៃពួយឡេង។
២- វីតាមីន D
វីតាមីន D ជួយឲ្យឆ្អឹងក្មេង ស្រូបយកជាតិកាល់ស្យូមចំបាច់សម្រាប់ការលូតលាស់ ហើយវិតាមីន D ត្រូវគេបែងចែក ២ ទម្រង់៖
– វីតាមីន D2 អាចរកបានក្នុងខ្លាញ់ត្រី ផ្នែកលឿងក្នុងស៊ុត ថ្លើមសត្វ និងទឹកដោះ។
– វីតាមីន D3 ត្រូវបានផលិតដោយរាងកាយខ្លួនឯងផ្ទាល់ នៅពេលប៉ះនឹងពន្លឺថ្ងៃ។