វីតាមីន និង​រ៉ែ សំខាន់ៗជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

    វីតាមីន និង​រ៉ែ សំខាន់ៗជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

    យើង​គ្រប់​គ្នា​ពិត​ជា​ចង់​បាន​រាង​កាយ​មួយ​ម៉ាំមួន សុខភាពល្អ ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំងមិន​ខាន​ ជាពិសេស​ក្នុង​បរិបទ​ជំងឺ​កូវីដ​១៩​នេះ​ផង។ គ្នា​យើង​ដឹង​ទេ​របប​អាហារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ជួយ​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹង​មាំ។​ ខាង​ក្រោម​នេះ​ជា​វីតាមីន និង​រ៉ែ​ មួយ​ចំនួន​ដែល​ចូល​រួម​ជួយ​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់យើង​​ខ្លាំង ​រឹងមាំ ហើយ​ងាយ​រក​ទៀត​ផង​។

    .វីតាមីនC

    គ្នា​យើង​ទំនង​ជា​ដឹង​ហើយ​ថា​វីតាមីន​C មាន​នាទី​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ វីតាមីន​ C យើង​អាច​រក​បាន​ពី​បន្លែ​ស្លឹក​បៃ​តង​ដូចជា​ស្ពៃពួយឡេង ម្ទេស​ប្លោក និង​ផ្លែ​ល្ហុង​ជាដើម​។ ជា​ការ​ពិត​វីតាមីន C មាន​នៅ​ក្នុង​បន្លែ និង​ផ្លែ​ឈើជា​ច្រើន​ទៀត ដែល​យើង​គ្រប់​គ្នា​អាច​រក​ញ៉ាំ​បាន ដោយ​មិនបាច់​​ប្រើ​អាហារ​បំប៉ន​នោះ​ទេ​ លើកលែង​តែ​មាន​វេជ្ជបញ្ជា។

    . វីតាមីន E

    មិន​ខុស​​ពី​វីតាមីន C ដែរ វីតាមីនE អាច​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​មួយ ជួយ​រាង​កាយ​​យើង​ប្រឆាំង​និង​ការ​ឆ្លង​រោគ។ គ្រាប់​អាល់ម៉ុន សណ្ដែក​ដី គ្រាប់​ផ្កា​ឈូករ័ត្ន គឺ​សុទ្ធ​តែ​ជា​ប្រភព​នៃ​វីតាមីនE ខ្ពស់។ ដូច​គ្នា​ដែរ បន្លែ​ដូច​ជា​ស្ពៃពួយឡេង និង​ផ្កា​ខាត់ណា​ខៀវ​ ក៏​សម្បូរ​ដោយ​វីតាមីន​នេះ​ដូច​គ្នា។​

    ខាត់ណាខៀវ

    . វីតាមីនA

    វីតាមីន​A យើង​អាច​រក​បាន​នៅ​ក្នុង​ការ៉ុត ដំឡូង​ជ្វា និង​ល្ពៅ ជាដើម។ អាហារ​ទាំងនេះ​មាន​ផ្ទុក​ដោយ carotenoids ដែល​រាង​កាយ​យើង​បំប្លែង​ទៅ​ជា​វីតាមីនA ហើយ​វីតាមីន​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ។​

    . ហ្វូឡែត/ហ្វូលិក អាស៊ីដ(Folate/folic acid)

    ហ្វូឡែត​មាន​ក្នុង​ទម្រង់​បាន​ពី​ធម្មជាតិ ខណៈ​ហ្វូលិក​បាន​ពី​ទម្រង់​នៃ​សំយោគ ហើយ​អាស៊ីដ​នេះ​មាននៅ​ក្នុ​អាហារ​ និង​​ផ្ដល់​ប្រយោជន៍​ដល់​សុខ​ភាព​យើង​។​ យើង​អាច​ទទួល​បាន​ហ្វូឡែត​ដោយ​ញ៉ាំ​ពពួក​សណ្ដែក និង​បន្លែ​ស្លឹក​បៃ​តង​។ ដូច​គ្នា​ដែរ​ យើង​អាច​ទទួល​បាន​អាស៊ីដ​ហ្វូលិក​ពី​អាហារ​ដូច​ជា​នំប៉័ង បាយ និង​ផលិត​ផល​ធ្វើ​ពីគ្រាប់​ធញ្ញ​ជាតិ​ផ្សេង​ទៀត​។

    . ជាតិ​ដែក​

    ជាតិ​ដែក ជួយ​រាងកាយ​ដឹកនាំ​អុកស៊ីសែន​ទៅ​កាន់​កោសិកា​នានា។ ជាតិ​ដែក​ យើង​អាច​រក​បាន​ពី​សាច់​មាន់ ​អាហារ​សមុទ្រ​ ​សណ្ដែក និង​ផ្កា​ខាត់​ណា​ខៀវ​ជា​ដើម​។

    . ស៊ីលីស្យូម (Selenium)

    ស៊ីលីស្យូម​ទំនងជា​មាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រព័ន្ធ​ភាព​ស៊ាំ ដោយ​រួម​ទាំង​អាច​ជួយ​ពន្យឺត​សកម្មភាព​ឆ្លើយ​តប​ហួសហេតុ​របស់​រាងកាយ​លើ​កោសិកា​កាច​ក្នុង​ទម្រង់​ជា​មហារីក។ ​រ៉ែ​ប្រភេទ​នេះ​អាច​រក​បាន​ក្នុង​ខ្ទឹម​ស ខាត់​ណាខៀវ ត្រីធូណា និង​អាហារ​មួយ​ចំនួន​ផ្សេង​ទៀត។

    ​​. ស័ង្កសី

    យើង​អាច​រក​រ៉ែ​ស័ង្ក​សី​បាន​ពី​អយស្ទ័រ ក្តាម សាច់មាន់ និង​សណ្ដែក​ជាដើម​។​ ជាតិ​ស័ង្កសី​ទំនងជា​បាន​​ជួយ​ពន្យឺត​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធភាព​ស៊ាំ​ហួស​ហេតុ និង​ជួយ​គ្រប់គ្រង​ការ​រលាក​ក្នុង​រាង​កាយ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 19/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត