ចំពោះកង្វល់សុខភាពដែលយើងតែងតែមានការព្រួយបារម្ភចំពោះឪពុកម្ដាយ មានដូចជា សម្ពាធឈាមខ្ពស់ ជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមបេះដូង ជំងឺមហារីក និងការឈឺចាប់រ៉ាំរ៉ៃ ដែលកត្តានេះបញ្ជាក់ឲ្យឃើញថាជនជាតិអាស៊ីនៅតែព្រួយបារម្ភពីបញ្ហាសុខភាពរ៉ាំរ៉ៃចំពោះខ្លួនឯង និងមនុស្សដែលនៅជុំវិញខ្លួន ព្រមទាំងកត្តាហានិភ័យផ្សេងៗ។
កង្វល់សុខភាពចម្បងរបស់ប្រជាជនអាស៊ីចំពោះប្ដី ឬប្រពន្ធ
ប្រជាជនអាស៊ីបានឈរលើចំណាត់ថ្នាក់កំពូល ជាអ្នកដែលបារម្ភចំពោះដៃគូរបស់ខ្លួនរួមមាន ការគ្រប់គ្រងស្រ្តេស និងការគ្រប់គ្រងទម្ងន់។
ការសិក្សានេះបានបង្ហាញជាក់លាក់ថា ក្នុងប្រទេសម៉ាឡេស៊ី ប្រជាជនមានការព្រួយបារម្ភពីជំងឺបេះដូង ឯនៅតៃវ៉ាន់ប្រជាពលរដ្ឋបារម្ភខ្លាំងលើការឈឺចាប់រ៉ាំរ៉ៃ និងជំងឺភ្លេចភ្លាំងមុនអាយុ និងនៅក្នុងប្រទេសថៃ ក៏មានការព្រួយបារម្ភចំពោះសម្ពាធឈាមខ្ពស់ និងជំងឺមហារីក។
កង្វល់សុខភាពចម្បងរបស់ប្រជាជនអាស៊ីចំពោះឪពុកម្ដាយ
ក្នុងតំបន់អាស៊ី ប្រជាជនមានការបារម្ភចំពោះឪពុកម្ដាយលើបញ្ហា សម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។
ប្រភេទជំងឺដែលមានអ្នកមើលច្រើនបំផុត នៅលើវិបសាយ Hello Health មានទាក់ទងនឹងជំងឺរ៉ាំរ៉ៃ។ សុខភាពបេះដូងក៏ជាប់លំដាប់កំពូលដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុងវិបសាយHello Health។ ចំណែកឯសម្ពាធឈាមខ្ពស់ ជាស្ថានភាពជំងឺដែលអ្នកអានចាប់អារម្មណ៍ជាងគេនៅក្នុងបណ្ដាប្រទេសភាគច្រើន លើកលែងតែប្រទេសឥណ្ឌា ហើយជំងឺដែលមានការចាប់អារម្មណ៍បន្ទាប់ មានដូចជាជំងឺបេះដូង ជំងឺខ្សោយបេះដូង និងជំងឺសរសៃឈាមបេះដូងផ្សេងទៀត។
ជំងឺមហារីក និងជំងឺទឹកនោមផ្អែម នៅតែមានការចាប់អារម្មណ៍នៅក្នុងវិបសាយរបស់Hello Health ជាពិសេសជំងឺមហារីកថ្លើម ពោះវៀនធំ សួត និងមហារីកសុដន់។

ប្រភេទជំងឺដែលមានអ្នកមើលច្រើនបំផុត នៅលើគេហទំព័រ Hello Health
ផ្អែកតាមចំនួនអ្នកចូលអានសរុបក្នុងគេហទំព័រ Hello Health (និយាយដោយចំពោះតែនៅកម្ពុជា Hello Krupet) ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ចំនួនអ្នកអាចនជំងឺបេះដូង ៤១,៤ភាគរយ ជំងឺមហារីក ៣៦,១ភាគរយ ជំងឺទឹកនោមផ្អែម ២២,៤ភាគរយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលមាន០,២ភាគរយ។
កត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃ
នៅទ្វីបអាស៊ី ជំងឺរ៉ាំរ៉ៃប្រភេទណាដែលកើតញឹកញាប់បំផុត ហើយវាប៉ះពាល់ដល់រាងកាយយ៉ាងម៉េចខ្លះ?
ជំងឺបេះដូង
ការសិក្សាបានបង្ហាញថា ជំងឺសរសៃឈាមបេះដូង និងខ្សោយបេះដូងមានការកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ជាពិសេសប្រសិនបើយើងមានកត្តាប្រឈមផ្សេងទៀត ដូចជាសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងជក់បារី។ ជំងឺក្រិនសរសៃឈាមបេះដូង ជាជំងឺមួយដែលកើតឡើងបណ្ដាលមកពីទម្លាប់រស់នៅប្រចាំថ្ងៃ។ កម្រិតសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ ជក់បារី ទឹកនោមផ្អែម និងអសកម្ម ក៏ជាកត្តាហានិភ័យដែលធ្វើឲ្យយើងកើតជំងឺក្រិនសរសៃឈាមបេះដូង។

ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមជាជំងឺដែលមានសន្ទុះកើតឡើងខ្លាំងនៅក្នុងទ្វីបអាស៊ី។ ជំងឺនេះបានសម្លាប់មនុស្សប្រមាណ១,២លាននាក់នៅអាស៊ីអាគ្នេយ៍ និង១,៣លាននាក់ នៅបណ្ដាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។
កត្តាធាត់ជ្រុល អាចបង្កើនហានិភ័យក្នុងការវិវដ្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ២ ហើយអ្នកជំងឺទឹកនោមផ្អែម ក៏ងាយប្រឈមនឹងការកើតជំងឺសរសៃឈាមបេះដូងផងដែរ។
ជំងឺមហារីក
ពិតណាស់ ជំងឺមហារីកអាចកើតមានចំពោះមនុស្សទូទៅ។ ប៉ុន្តែក៏មានកត្តាជាក់លាក់មួយចំនួន ដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកនេះដែរ ដូចជាកត្តាអាយុ និងហ្សែន។
ក្រៅពីនេះ ការប្រើប្រាស់ថ្នាំជក់ក៏អាចបង្កជាជំងឺមហារីកសួត មាត់ បំពង់ក និងសរីរាង្គដទៃទៀត។
គ្រោះថ្នាក់សរសៃឈាមខួរក្បាល
គ្រោះថ្នាក់សរសៃឈាមជាច្រើនករណី បណ្ដាលមកពីរបៀបរបបរស់នៅប្រចាំថ្ងៃ។ ទាំងនេះរួមមាន សម្ពាធឈាមខ្ពស់ ធាត់ជ្រុល ទឹកនោមផ្អែម និងកម្រិតកូលេស្តេរ៉ូលក្នុងឈាមខ្ពស់។ យើងអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល តាមរយៈការផ្លាស់ប្ដូរឥរិយាបថទាំងនេះ៖
- អសកម្ម
- របបអាហារមិនល្អ
- ការប្រើប្រាស់គ្រឿងស្រវឹង
- ជក់បារី
ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលមាន២ប្រភេទ គឺស្ទះសរសៃឈាមខួរក្បាល និងហូរឈាមក្នុងខួរក្បាល។ ជំងឺស្ទះសរសៃឈាមខួរក្បាលកើតឡើងរហូតដល់ ៨៧%នៃករណីគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បញ្ហានេះកើតឡើងនៅពេលដែលឈាមហូរទៅកាន់ខួរក្បាលប្រែទៅជាកកស្ទះ និងកាត់ផ្ដាច់ការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល។ កត្តានេះបណ្ដាលឲ្យកោសិកាខួរក្បាលងាប់ និងបាត់បង់មុខងារ។
ហូរឈាមក្នុងខួរក្បាល បណ្ដាលមកពីការហូរឈាមលើផ្ទៃខួរក្បាល ដោយបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល។ លក្ខខណ្ឌសុខភាព ដូចជាសម្ពាធឈាមខ្ពស់ និងជំងឺប៉ោងសរសៃឈាម(Aneurysms) អាចនាំឲ្យសរសៃឈាមផ្ទុះ និងលេចធ្លាយឈាម ដែលអាចបន្ថែមសម្ពាធ និងសម្លាប់កោសិកាខួរក្បាល។
ចំណុចសំខាន់ៗ
- ជំងឺរ៉ាំរ៉ៃដែលមិនឆ្លង (NCDs) ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺមហារីក បានឆក់យកជីវិតប្រជាជនអាស៊ីអាគ្នេយ៍ប្រមាណ៨,៥លាននាក់។
- ចំពោះកង្វល់សុខភាពធំៗរបស់ប្រជាជនអាស៊ីអាគ្នេយ៍លើខ្លួនឯង និងមនុស្សជាទីស្រលាញ់ គឺជំងឺរ៉ាំរ៉ៃដែលមិនឆ្លង ហើយជំងឺទាំងនេះមានទាក់ទងនឹងកត្តាហានិភ័យផ្សេងៗ រួមទាំងការគ្រប់គ្រងទម្ងន់ ស្រ្តេស និងសម្ពាធឈាមខ្ពស់។
- របៀបរស់នៅត្រឹមត្រូវ ការបង្ការជំងឺ ការព្យាបាល និងការគ្រប់គ្រងជំងឺ គឺជាប្រធានបទដែលមានការស្វែងរកច្រើនបំផុតនៅតាមប្រព័ន្ធអនឡាញ។
- ជំងឺបេះដូងជាប្រភេទជំងឺដែលមានអ្នកចូលមើលច្រើនបំផុតនៅក្នុងវិបសាយHello Health ហើយសម្ពាធឈាមខ្ពស់ ជាលក្ខខណ្ឌសុខភាពដែលមានការចាប់អារម្មណ៍ច្រើនបំផុតនៅបណ្ដាប្រទេសភាគច្រើន។ ប្រភេទជំងឺផ្សេងទៀតដែលមានអ្នកចូលមើលច្រើន រួមមានជំងឺបេះដូង ជំងឺសរសៃឈាមបេះដូងផ្សេងទៀត ខ្សោយបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម។
- ស្វែងយល់បន្ថែមពីកត្តាហានិភ័យចំពោះជំងឺទូទៅទាំងនេះ ដើម្បីជួយយើងបង្ការ និងគ្រប់គ្រងបញ្ហាសុខភាពទាំងនេះប្រកបដោយប្រសិទ្ធភាព។
- របៀបរស់នៅត្រឹមត្រូវ រួមទាំងរបបអាហារសុខភាព ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងជៀសវាងការជក់បារី ឬថ្នាំជក់ដទៃទៀត អាចបង្ការគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺបេះដូងមុនវ័យ និងជំងឺទឹកនោមផ្អែម។