ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តវិធានាការនានា ដើម្បីការពារសុខភាពខ្លួនឯងឲ្យបានល្អ ដោយជៀសវាងពីការពុលចំណីអាហារ ឬស្រានៅពេលមានការជួបជុំផ្សេងៗ។
–ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ និងលាងឲ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ
–សម្អាតសម្ភារៈប្រើប្រាស់ សម្រាប់ចម្អិតម្ហួបអាហារឲ្យបានត្រឹមត្រូវ
–ទុកដាក់អាហារឆៅ និងឆ្អិនឲ្យនៅដាច់ដោយឡែកពីគ្នា
–ចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ កុំទទួលទានពងមាន់ ឫពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឫតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព តាមរយៈការអនុវត្តតាមសេចក្តីណែនាំដូចខាងក្រោមនេះ៖
–ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែម
–កុំប្រើប្រាស់ចំណីអាហារហួសការកំណត់ប្រើប្រាស់
–មេតាណុលមិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ
–បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រា ស ឫស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
–ដាច់ខាតមិនត្រូវទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល បង្កគ្រោះថ្នាក់ខ្លាំងណាស់ និងបណ្តាលឲ្យបាត់បង់អាយុជីវិត។
ដូច្នេះហើយ ដើម្បីសុវត្ថិភាពរបស់ខ្លួនយើងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ គ្នាយើងគួរយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការដែលក្រសួងដាក់ចេញខាងលើទើបជាការប្រសើរ។