ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ
លើសជាតិស្ករ លើសសម្ពាធឈាម ជាបញ្ហាសុខភាពមួយដែលគ្នាយើងធ្លាប់បានឭញឹកញាប់ ដោយសារប្រជាជនខ្មែរយើងភាគច្រើនសុទ្ធតែជួបបញ្ហាសុខភាពទាំងពីរនេះ។ ប៉ុន្តែ គ្នាយើងមានដែលឮពីបញ្ហាលើសជាតិប្រូឡាក់ទីនក្នុងរាងកាយឬអត់? អ្វីទៅជាបញ្ហាលើសជាតិប្រូឡាក់ទីន? ការលើសអ័រម៉ូនប្រូឡាក់ទីន (ភាសាបច្ចេកទេស Hyperprolactinemia) គឺជាការបញ្ចេញអ័រម៉ូនប្រូឡាក់ទីនច្រើនលើសលុបក្នុងរាងកាយ ដែលផលិត និងបញ្ចេញដោយក្រពេញអ៊ីប៉ូហ្វីសខាងមុខ។ អ័រម៉ូនប្រូឡាក់ទីន ជាអ័រម៉ូនដែលមានតួចនាទីក្នុងការផលិតទឹកដោះ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ បញ្ហានេះមានរោគសញ្ញាបែបណាវិញ? រោគសញ្ញានៃបញ្ហាលើសជាតិប្រូឡាក់ទីនអាចមានភាពខុសគ្នារវាងមនុស្សស្រី និងមនុស្សប្រុស។ ដោយសារកម្រិតប្រូឡាក់ទីន មានឥទ្ធិពលដល់ការផលិតទឹកដោះ និងវដ្ដរដូវ ដូចនេះទើបពិបាកដឹងពីបញ្ហានេះចំពោះបុរស។ ចំពោះរោគសញ្ញារវាងភេទទាំងពីរដែលកើតមានបញ្ហានេះមានដូចជា៖ មនុស្សស្រី វិបត្តិអត់កូន រដូវមិនទៀង ឬរាំងរដូវ ហៀរទឹកដោះ អត់ចំណង់ផ្លូវភេទ ឈឺក្បាល ស្រវាំង ឬងងឹតភ្នែក មនុស្សប្រុស វិបត្តិអត់កូន អត់ចំណង់ផ្លូវភេទ ហៀរទឹកដោះ ឡើងដោះ ឈឺក្បាល ស្រវាំង ឬងងឹតភ្នែក មានបញ្ហាលឹង្គមិនឡើងរឹង វេជ្ជបណ្ឌិតរូបនេះបន្តទៀតថា ជាធម្មតា បញ្ហាលើសជាតិប្រូឡាក់ទីនអាចព្យាបាលបាន ហើយការព្យាបាលនឹងពឹងផ្អែកទៅលើមូលហេតុដែលបណ្ដាលឲ្យមានបញ្ហានេះ។