និយមន័យ
១- អ្វីជាការដាក់កាតេទែរក្នុងបេះដូង?
ដាក់កាតេទែរក្នុងបេះដូង ជាទម្រង់រោគវិនិច្ឆ័យ សំដៅលើការដាក់បំពង់កាតេទែរចូលថតខាងឆ្វេង ឬថតខាងស្តាំរបស់បេះដូង ដើម្បីវាស់សម្ពាធឈាមនៅខាងក្នុង។
កាតេទែរដាក់ចូលថតខាងស្តាំហៅថា Pulmonary Artery Catheterization ក្នុងគោលបំណងតាមដានមើលដំណើរការបេះដូង និងសរសៃឈាម ព្រមទាំងព្យាបាលជំងឺបេះដូងមួយចំនួនទៀតផង។ សម្រាប់កាតេទែរ ដាក់ខាងឆ្វេងវិញ គឺដាក់នៅក្នុងប្រឹស Aortic ទៅកាន់ថតលើខាងឆ្វេងបេះដូង។ ករណីខ្លះ ពេទ្យអាចដាក់កាតេទែរទាំងពីរសងខាងក្នុងពេលជាមួយគ្នាតែម្តង។
ការដាក់កាតេទែរក្នុងបេះដូង និងការថតសរសៃឈាមបេះដូងដោយកាំរស្មីអ៊ិច ជាវិធីពីរផ្សេងគ្នា តែករណីខ្លះគ្រូពេទ្យអាចធ្វើវាក្នុងពេលតែមួយ ហើយការថតសរសៃឈាមបេះដូងដោយប្រើកាំរស្មីអ៊ិច គ្រូពេទ្យ នឹងដាក់ទឹកថ្នាំពណ៌ក្នុងបំពង់តូចៗបញ្ចូលក្នុងសរសៃឈាម បន្ទាប់មកម៉ាស៊ីនកាំរស្មីអ៊ិច នឹងថតលំហូរទឹកថ្នាំ អាចឲ្យដឹងថាឈាមបានហូរទៅចិញ្ចឹមបេះដូងគ្រប់គ្រាន់ឬទេ។ តេស្តនេះ គ្រូពេទ្យប្រើដើម្បីធ្វើរោគវិនិច្ឆ័យជំងឺសរសៃបេះដូង។
២- ហេតុអ្វីត្រូវធ្វើរោគវិនិច្ឆ័យមួយនេះ?
តេស្តបែបនេះ ធ្វើឡើងពេលគ្រូពេទ្យសង្ស័យយើងមានជំងឺទាក់ទងប្រឹសបេះដូង ជំងឺបេះដូង និងសរសៃឈាមបេះដូង។
ក្នុងករណីសម្ពាធឈាមមិនអាចគ្រប់គ្រងបាន ចង្វាក់បេះដូងមិនប្រក្រតី ឬយើងមានជំងឺដាច់សរសៃឈាមបេះដូងស្រួចស្រាវ ខ្វះគ្រាប់ឈាមក្រហមខ្លាំង ហូរឈាម ខ្សោយបេះដូង និងការឆ្លងរោគផ្សេងទៀត គ្រូពេទ្យនឹងមិនធ្វើរោគវិនិច្ឆ័យដោយវិធីនេះទេ។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលដាក់កាតេទែរ?
គ្រប់យ៉ាងសុទ្ធតែមានផលប៉ះពាល់ អ៊ីចឹងហើយយើងគួរពិគ្រោះជាមួយគ្រូពេទ្យពីដំណើរការរោគវិនិច្ឆ័យនេះជាមុន។ ប្រសិនជាគ្រូពេទ្យណែនាំឲ្យធ្វើបែបនេះ យើងគួរតែអនុវត្តតាមណែនាំឲ្យបានត្រឹមត្រូវ។
ត្រូវប្រាប់ពេទ្យបើយើងមានប្រតិកម្មជាមួយថ្នាំពណ៌ ថ្នាំសម្លាប់មេរោគ (iodine) គ្រឿងសមុទ្រ ឬកំពុងមានផ្ទៃពោះជាដើម។
វិធីនេះមានសុវត្ថិភាពខ្ពស់បើយើងមានជំនួយ្ពីក្រុមគ្រូពេទ្យជំនាញ ប៉ុន្តែផលរំខានអាចមានដូចជា ចង្វាក់បេះដូងលោតមិនទៀងទាត់ គាំងបេះដូង ហូរឈាមនៅបំពង់កាតេទែរ សម្ពាធឈាមធ្លាក់ទាប អាលែកហ្ស៊ីថ្នាំពណ៌ មានកំណកឈាម ដាច់សរសៃឈាមខួរក្បាល ខូចខាតសរសៃឈាម ឈឺទ្រូង ឆ្លងមេរោគ ខូចតម្រងនោម ករណីកម្រខ្លះទៀតអាចបណ្តាលឲ្យបាត់បង់ជិវិតដោយសារលំហូរឈាមក្នុងសួតខ្លាំង នៅពេលកាតេទែរកាន់តែរីក ឬរបួសក្នុងសួតតែម្តង។
ជាការចាំបាច់ណាស់ ដែលត្រូវដឹងពីបម្រុងប្រយ័ត្ន និងបម្រាម មុនទទួលយកការវះកាត់នេះ។ ប្រសិនបើអ្នកមានសំនួរអ្វី សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងពីព័ត៌មានបន្ថែម និងការណែនាំ ផ្សេងៗ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
ខាងក្រោមនេះជាអ្វីយើងគួរតែត្រៀមមុនការធ្វើរោគវិនិច្ឆ័យចូលមកដល់ដូចជា៖
– កុំញ៉ាំអាហារ ឬផឹកទឹក ៦-៨ ម៉ោងមុនពេលទម្រង់ការចាប់ផ្តើម
– កត់បញ្ជីឈ្មោះថ្នាំ កំពុងលេបទាំងថ្នាំពេទ្យ និងថ្នាំរុក្ខជាតិ
– ត្រូវមានអ្នកមកជាមួយ ដើម្បីជូនទៅផ្ទះវិញក្រោយការវះកាត់នេះបញ្ចប់ទៅ។
៥- មានអ្វីកើតឡើងអំឡុងពេលដាក់កាតេទែរ?
ពេទ្យអាចប្រើថ្នាំសណ្តំកម្រិតស្រាលមុនធ្វើការវះកាត់ដើម្បីសម្រួលអារម្មណ៍យើង បន្ទាប់មក នឹងដាក់កាតេទែរចូលតាមសរសៃឈាមនៅដៃ ជើង ឬក្រលៀន ហើយជាទូទៅ ធ្វើនៅលើសរសៃវ៉ែនក្រលៀន ឬក។ កាតេទែរ ដែលដាក់នៅក្នុងបំពង់ដំណសរសៃដៃ ភ្លាមៗនឹងតភ្ជាប់ទៅកាន់បេះដូង ឬសរសៃឈាមឈាមបេះដូង ត្រឹមរយៈពេល ២-៣ វិនាទី ហើយគ្មានការឈឺចាប់អ្វីទាំងអស់។
ពេលកាតេទែរដាក់ចូលត្រឹមត្រូវហើយ ពេទ្យនឹងដកខ្សែចេញ ហើយបាញ់ទឹកថ្នាំចូល រួចចាប់ផ្តើមថតកាំរស្មីអ៊ិច តាមដានសរសៃឈាម និងកន្លែងមានសរសៃឈាមត្បៀត។
ករណីខ្លះការវះកាត់តសរសៃឈាម ឬដាក់រឺស័រ (Stent) អាចធ្វើបានភ្លាមៗ បើករណីស្ទះសរសៃឈាមត្រូវដោះស្រាយរួចរាល់នោះ។ ត្រូវចាំថា ក្រោយដឹងខ្លួនវិញ ចាំបាច់ធ្វើតាមការណែនាំរបស់ពេទ្យ។
៦- ក្រោយដាក់កាតេទែររួចមានអ្វីកើតឡើង?
ក្រោយវះកាត់ចប់ភ្លាម ពេទ្យនឹងបញ្ជូនយើងទៅបន្ទប់សម្រាកព្យាបាល ដើម្បីតាមដានយើង រហូតថ្នាំសណ្តំអស់ប្រសិទ្ធភាព ដែលជាទូទៅចំណាយពេល ២-៣ ម៉ោង។ បំពង់ផ្លាស្ទិក ដាក់នៅនឹងភ្លៅ ក ឬដៃ ត្រូវដកចេញភ្លាមៗ តែបើយើងកំពុងប្រើថ្នាំប្រឆាំងកំណកឈាម គេនឹងទុកបំពង់នោះយូរបន្តិច។
កន្លែងវះដាក់បំពង់កាតេទែរ ពេទ្យនឹងប្រើបង់ស្អិតដើម្បីបញ្ឈប់ឈាម យើងត្រូវរង់ចាំរហូតដល់ខាងក្នុងសរសៃឈាមអាក់ទែរអាចឃាត់ឈាមខ្លួនឯងបាន ទើបយើងអាចត្រឡប់ទៅផ្ទះវិញ។ បើមានចម្ងល់បន្ថែមលើបញ្ហានេះ សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទគួរអាន៖
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?
- ម៉េចបានកើតស្ត្រេស អាចបង្កឲ្យមានបញ្ហាក្រពះពោះវៀន?
- ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារមានប្រយោជន៍ដល់ក្រពះពោះវៀន
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
លទ្ធផល
៧- លទ្ធផលក្រោយធ្វើរោគវិនិច្ឆ័យ
លទ្ធផលថតកាំរស្មីអ៊ិច នឹងត្រូវពន្យល់បង្ហាញដោយគ្រូពេទ្យឯកទេសសរសៃឈាមបេះដូងបន្ទាប់ពីការដាក់កាតេទែរបញ្ចប់ទៅ ហើយលទ្ធផលដំបូងមានដូចជា៖
– ប្រឹសបេះដូងដំណើរការធម្មតា
– សរសៃឈាមអ្នកធម្មតា គ្មានត្បៀត ឬស្ទះទេ
– បេះដូងកន្ទ្រាក់រឹង សម្ពាធក្នុងប្រឹសបេះដូង និងសម្ពាធឈាមធម្មតា។
បើបេះដូងឬសរសៃឈាម មានសញ្ញាមិនប្រក្រតី គ្រូពេទ្យនឹងពិគ្រោះបន្ថែមជាមួយអ្នក។ សូមពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់ពីលទ្ធផលនិងការណែនាំផ្សេងៗ។
[embed-health-tool-heart-rate]