បើសិនជាមានចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ និងគួរឲ្យបារម្ភ គ្នាយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. មូលហេតុបង្ក
ក្រុមអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ទេថាហេតុអ្វីមនុស្សមួយចំនួនមិនផឹកគ្រឿងស្រវឹងផង បែរជាមានជំងឺខ្លាញ់រុំថ្លើម និងអ្នកខ្លះបែរជាអត់ទៅវិញ។ ដូចគ្នាដែរ អ្នកជំនាញនៅមិនទាន់យល់បានច្រើនទេ ថាហេតុអ្វីបានជាខ្លាញ់រុំថ្លើមបង្កឲ្យមានការរលាក ដែលនាំឲ្យកើតជាក្រិនថ្លើមនោះ។
យ៉ាងណា មូលហេតុបង្កមួយចំនួនដែលគេអាចសន្និដ្ឋានបានរួមមាន៖
- លើសទម្ងន់ ឬធាត់
- មានភាពធន់អាំងស៊ុយលីន ដែលជាដំណាក់កាលកោសិកាមិនទទួលយកជាតិស្ករឆ្លើយតបទៅនឹងអ័រម៉ូនអាំងស៊ុយលីន
- កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អ្នកបម្រុងកើតជំងឺទឹកនោមផ្អែម ឬអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២
- អ្នកមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់
បញ្ហាសុខភាពទាំងនេះ បញ្ចូលគ្នា ទំនងជាធ្វើឲ្យមានបរិមាណខ្លាញ់ផ្ទុកក្នុងថ្លើមកើនឡើង។ សម្រាប់មនុស្សមួយចំនួន មានខ្លាញ់ក្នុងថ្លើមលើសកម្រិត អាចប្រែខ្លាញ់ទាំងនោះទៅជាសារធាតុបំពុលកោសិកាថ្លើម ធ្វើឲ្យថ្លើមរលាក និងអាចធ្វើឲ្យថ្លើមឡើងស្នាម ឬបង្កជាក្រិនថ្លើម។