អាហារ​​ទាំង​៥​យ៉ាង ​ដោះស្រាយ​​ក្លិន​មាត់​មិន​ល្អ​ចេញ​ពី​ក្រពះ​ ​

    អាហារ​​ទាំង​៥​យ៉ាង ​ដោះស្រាយ​​ក្លិន​មាត់​មិន​ល្អ​ចេញ​ពី​ក្រពះ​ ​

    ក្លិន​មាត់​មិន​ល្អ​ ជា​កង្វល់​របស់​គ្នា​យើង​គ្រប់​រូប ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​ ក៏​ដូចជា​មិន​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ដទៃ​។ ដូច​នេះ​ហើយ​​ ដើម្បី​បំបាត់​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ ដែល​កើត​ចេញ​ពី​បញ្ហា​ក្រពះ យើង​អាច​សាកល្បង​​ញ៉ាំ​កំពូល​អាហារ​​ទប់​ស្កាត់​ក្លិន​មាត់​​​ខាង​ក្រោម​នេះ​​។

    ១. ការ៉ុត ឬ​ផ្លែ​ប៉ោម​

    ផ្លែ​ប៉ោម​ និង​ការ៉ុត ​អាច​ជួយ​ឲ្យ​​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង​ ​ដោយ​ទប់ស្កាត់​ការ​បង្កើត​ហ្គាស​នៅ​ក្នុង​ក្រពះ​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។ បន្ថែម​ពី​នេះ​ ផ្លែឈើ​ និង​បន្លែ​ស្រស់​​ក៏​ជួយ​ជំរុញ​ដល់​​ការ​ផលិត​ទឹក​មាត់​ ដើម្បី​​​ជួយ​កម្ចាត់​​បាក់តេរី ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​​មិន​ល្អ​ចេញ​ពី​ធ្មេញ អណ្ដាត​ និង​អញ្ចាញ​ធ្មេញ​។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​ក្រពះ​ទទេ វា​ក៏​អាច​បង្ក​ឲ្យ​មាន​​ក្លិន​មាត់​មិន​ល្អ​​ដូច​គ្នា​ ដោយសារ​តែ​ការ​កកើត​ឡើង​នៃ​អាស៊ីដ​។ ដូច្នេះ​ហើយ​ ការ​ទំពា​​​បន្លែ និង​ផ្លែឈើ​ជា​វិធីសាស្ត្រ​​កាត់បន្ថយ​​​ក្លិន​មាត់​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។

    ២. ​ទឹក​ដោះ​គោ​ជូរ​

    បាក់តេរី​ល្អ​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​ពង្រឹង​​ការ​រំលាយ​អាហារ​ ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រសើរ​ឡើង​ ក៏​ដូចជា​កាត់បន្ថយ​បញ្ហា​ក្លិន​មាត់​។ ​ក្រៅ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ ការ​ប្រមូលផ្ដុំ​សមាសធាតុ​Sulfite​នៅ​ក្នុង​មាត់​ក៏​អាច​​នាំ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ​​ អាច​កាត់បន្ថយ​កម្រិត​នៃ​សមាសធាតុ​Sulfite​នៅ​ក្នុង​មាត់​​​​​​បាន​យ៉ាង​អស្ចារ្យ​។

    ​​​៣. តែ​បៃតង​

    ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​តែ​បៃតង​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ រួម​ទាំង​ជួយ​ពង្រឹង​មុខងារ​ខួរ​ក្បាល​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ វា​ក៏​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ក្លិន​​មាត់​ ព្រម​ទាំង​ក្លិន​ខ្លួន​មិន​ល្អ​។ ពិត​ណាស់​ តែ​បៃតង​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ធម្មជាតិ ​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​នៅ​ក្នុង​មាត់​ ដែល​បង្ក​ជា​ក្លិន​មាត់​មិន​ល្អ​។

    តែបៃតង

    ៤. ពពួក​ផ្លែ​ក្រូច​

    អាស៊ីដ​Citric​នៅ​ក្នុង​ផ្លែ​ក្រូច​ អាច​​បញ្ចៀស​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ និង​បំពង់​រំលាយ​អាហារ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ក្លិន​មាត់​មិន​ល្អ​។ ដូច្នេះ​ហើយ ការ​បញ្ចូល​ពពួក​ផ្លែ​ក្រូច​នៅ​ក្នុង​របប​អាហារ​ នឹង​អាច​​កម្ចាត់​​បាក់តេរី​ទាំង​នោះ​បាន​។

    ៥. តែ​ក្រូច​ឆ្មារ​ និង​ខ្ញី​

    ខ្ញី​​មាន​​គុណប្រយោជន៍​​យ៉ាង​ច្រើន​ចំពោះ​សុខភាព​របស់​យើង​ ហើយ​ការ​បញ្ចូល​ខ្ញី​ទៅ​ក្នុង​អាហារ​ ​អាច​ជួយ​ព្យាបាល​បញ្ហា​​​ឈឺ​ក្រពះ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។​ ជាក់​ស្ដែង ខ្ញី​អាច​​​ទប់​ស្កាត់​ក្លិន​មិន​ល្អ ហើយ​អាស៊ីដ​Citric​នៅ​ក្នុង​ផ្លែ​ក្រូច​ អាច​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​បាន​យ៉ាង​​​ប្រសើរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 17/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត