ជាមួយគ្នានេះដែរ អាហារហឹរក៏អាចបង្កឲ្យមានរោគសញ្ញា ឬធ្វើឲ្យរោគសញ្ញានៃការច្រាលអាស៊ីដកាន់តែធ្ងន់ធ្ងរ ហើយវាកើតឡើងនៅពេលដែលអាស៊ីដក្រពះ ហូរត្រលប់ចូលទៅបំពង់អាហារ ដែលបណ្ដាលឲ្យចុកពោះផ្នែកខាងលើ និងក្រហាយទ្រូង។ អាហារដែលមានជាតិខ្លាញ់ច្រើន ការញ៉ាំអាហារយប់ជ្រៅ ក៏ជាមូលហេតុទូទៅ ដែលនាំឲ្យមានបញ្ហាចាល់អាស៊ីដផងដែរ។ យ៉ាងណាមិញ គ្នាយើងនៅតែអាចញ៉ាំអាហារហឹរនៅក្នុងបរិមាណសមល្មម ប្រសិនបើយើងព្យាបាលបញ្ហាចាល់អាស៊ីដក្រពះបានត្រឹមត្រូវ។
ពេលណាគួរបារម្ភ?
ប្រសិនបើយើងប្រឈមនឹងអាការៈឈឺចាប់ ឬមិនស្រួលក្នុងខ្លួន បន្ទាប់ពីញ៉ាំអាហារហឹរ ចូរបញ្ឈប់ការញ៉ាំអាហារប្រភេទនេះបណ្ដោះអាសន្នសិន និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់មូលហេតុបង្ក និងផែនការគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ។ ក្នុងករណីដែលការឈឺចាប់នេះ មិនពាក់ព័ន្ធនឹងបញ្ហាសុខភាពណាមួយ ប៉ុន្តែវាកើតឡើងដោយសារតែយើងញ៉ាំអាហារហឹរច្រើនពេកនោះ យើងគប្បីកាត់បន្ថយការញ៉ាំអាហារទាំងនេះ ព្រមទាំងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើអាការៈចុកពោះ ឬមិនស្រួលខ្លួននៅតែបន្ត។